អ្នកជំនាញផ្នែកច្បាប់ និងជាអ្នកនយោបាយដ៏មានកេរ្តិ៍ឈ្មោះមួយរូប លោក សាយ បូរី ទទួលបានតួនាទីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល ក្រោយពីប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចរយៈពេលជាង០២ខែ។
យោងតាមព្រះរាជក្រឹត្យចំនួន០២ ដាច់ដោយឡែកពីគ្នាដែលចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់តែងតាំងលោក សាយ បូរី ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ដែលមានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។ ការតែងតាំងនេះ ធ្វើឡើងត្រឹមរយៈពេលជាង ០២ខែ បន្ទាប់ពីលោក សាយ បូរី បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពី ដើមខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីចាកចេញពីឆាកនយោបាយអស់រយៈ ពេល ៣០ឆ្នាំ។ លោកធ្លាប់ជា អតីតឥស្សរជននៃគណបក្សលោកតា សឺន សាន ហើយ លោកបានលាលែងតំណែងពីគណបក្សលោកតា សឺន សាន តាំងពីឆ្នាំ១៩៩៥។
កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៤០ ក្នុងទីក្រុងភ្នំពេញ លោក សាយ បូរី បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ១៩៧៤។ លោកធ្លាប់បំពេញតួនាទីជារដ្ឋលេខាធិការក្នុងជួររដ្ឋាភិបាលពីឆ្នាំ១៩៩៣ ដល់១៩៩៥ ហើយពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨ លោកគឺជាប្រធានស្ថាបនិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងធ្លាប់ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤។
ក្រៅពីនេះ លោកធ្លាប់ជាទីប្រឹក្សាផ្ទាល់របស់អតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ ធ្លាប់ជាសហមេធាវីរបស់មេដឹកនាំខ្មែរក្រហម ខៀវ សំផន និងធ្លាប់ជាទីប្រឹក្សាច្បាប់របស់លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិផងដែរ៕