រដ្ឋាភិបាលធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋលើផ្ទៃដីសរុបជិត ៣ ០០០ ហិកតា នៃឧទ្យានជាតិពីរកន្លែងផ្សេងគ្នា ដើម្បីជួលឱ្យគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនចំនួន១៤ ក្នុងរយៈពេលវែង៥០ឆ្នាំ។
យោងតាមអនុក្រឹត្យពីរដាច់ដោយឡែកពីគ្នា នៃសៀវភៅរាជកិច្ចលេខ៩២ និងចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋនៅឧទ្យានជាតិពីរកន្លែងមកជាដីឯកជនរបស់រដ្ឋ ដែលក្នុងនោះផ្ទៃដីទំហំ ៨៥,៧២ ហិកតាស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះសុរាម្រិតកុសមៈ “គិរីរម្យ” ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងផ្ទៃដីសរុបប្រមាណជា ២ ៧៧៩ហិកតា ទៀត ស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិសមុទ្រព្រះសីហនុរាមស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមឯកសារដដែល បានឱ្យដឹងថា ការធ្វើអនុបយោគលើដីទាំងនេះ គឺសម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនចំនួន១៤ ក្រោមលក្ខខណ្ឌចុះកិច្ចសន្យាជួលរយៈពេលវែង៥០ឆ្នាំ។
អនុក្រឹត្យទាំងពីរដែលចុះកាលបរិច្ឆេទ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដូចគ្នា បានបង្ហាញថា រដ្ឋាភិបាលបានផ្តល់ដីទំហំ ៨៥,៧២ ហិកតា ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់ក្រុមហ៊ុន ដែន ដី អេកូធួរ ឯ.ក (Den-Dey Ecotour Co.,LTD) ដែលដឹកនាំដោយ លោក ជឹង ធានគាត និង លោក ជឹង ធានសេង ដែលជាសាច់ញាតិរបស់លោកស្រី ជឹង សុភាព អគ្គនាយកក្រុមហ៊ុន ភាពីម៉ិច (Pheapimex)។ លោកស្រី ជឹង សុភាព គឺជាភរិយារបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
ដោយឡែកផ្ទៃដី ២ ៧៧៩ហិកតា ត្រូវបានធ្វើអនុបយោគសម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំនួន១៣ ផ្សេងទៀត ដែលក្នុងនោះមានក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ផងដែរដែលទទួលបានផ្ទៃដីជាង ៣០០ហិកតា។
គួរបញ្ជាក់ផងថា ឧទ្យានជាតិសមុទ្រព្រះសីហនុរាមនេះ មានផ្ទៃសរុបចំនួន ៣៩ ៦៣៤ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកំពត ក្នុងនោះផ្ទៃដីមានទំហំ ១៩ ៣៤០ ហិកតា និងផ្ទៃទឹកទំហំ ២០ ៩៨៤ ហិកតា៕
ឈ្មោះក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ(កំណត់ត្រា)
លេខ | ឈ្មោះក្រុមហ៊ុន | ទំហំដី |
1 | CELESTIAL STARS LIMITED COMPANY | ៤០៩ ហិកតា |
2 | HTTH ISLAND INVESTMENT CO., LTD | ១ ៦៦៨ ហិកតា |
3 | CAMB-PEK LAND CO.,LTD | ១៣៨ ហិកតា |
4 | OCIC | ៣៤៣,៩៣៧៤ ហិកតា |
5 | WING LUNG INTERNATIONAL INVESTMENT COMPANY LIMITED | ៤៩,៥៩៧៨ ហិកតា |
6 | CPNG INVESTMENT CO., LTD | ១៤,៥៩៤៨ ហិកតា |
7 | TL BEST VIEW CO., LTD | ៥,៦៣៨០ ហិកតា |
8 | CAMLUBE (CAMBODIA) CO., LTD | ៧,៧៥៨៩ ហិកតា |
9 | CHINA PHOENIX PROPERTY CO., LTD | ១១០ ហិកតា |
10 | ANHE REAL ESTATE (CAMBODIA) INVESTMENT DEVELOPMENT CO., LTD | ១០,៧២៣៧ ហិកតា |
11 | GUARDIAN GREEN INVESTMENT CO., LTD | ៤,៨៧២៩ ហិកតា |
12 | GARUDA GREEN INVESTMENT CO., LTD | ៩,៤៦០២ ហិកតា |
13 | KAMPLOK ISLAND RESORT CO., LTD | ៧,៤៣៦៩ ហិកតា |
14 | DEN-DEY ECO-TOUR CO., LTD | ៨៥,៧២ ហិកតា |