សមាសភាព​​ថ្នាក់​​ដឹកនាំ​​ គ​.ជ​.ប​ សម្រាប់​អាណត្តិ​ថ្មី​ប្រកាស​ចូល​​កាន់​តំណែង​​​

សមាសភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត​ ​សម្រាប់​អា​​ណ​ត្តិ​ថ្មី​ ប្រកាស​ចូលកាន់​តំណែង​ជា​​ផ្លូវការ​​​​ បន្ទាប់ពី​​​ទទួល​បានការ​​តែងតាំង​​ពី​​ព្រះមហាក្សត្រ​​ និង​​ការ​​ផ្តល់​​សេចក្តី​​ទុកចិត្ត​​ពីរ​ដ្ឋ​​សភា​​កាលពី​ថ្ងៃ​​​ពុធ​​​​​។​

កាលពី​​ព្រឹក​ថ្ងៃទី​​១៤​ ខែ​​ធ្នូ​ ឆ្នាំ​​២០២៣​​ គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះ​​​ឆ្នោត​ (គ​.ជ​.ប​) បាន​រៀប​​ចំ​​ពិធី​​ប្រកាស​​ចូល​​កាន់​តំណែង​​ ប្រធាន​ អនុ​ប្រ​​ធាន​ ​​​និង​​​សមាជិក​​ គ​.ជ​.ប​ សម្រាប់​អាណត្តិ​ថ្មី​​ ចំនួន​​​៩​​រូប​ ក្នុង​​នោះ​​មាន​​ ៤​​រូប​ ​មក​​ពី​គណបក្ស​​ប្រជាជន​​កម្ពុជា​ ​​និង​​ ៤​​រូប​​មក​ពី​​គណបក្ស​​ហ្វ៊ុ​ន​​ស៊ិន​​ប៉ិច​ ​​និង​​មួយ​រូប​ទៀត​​​មក​ពី​​អង្គការ​​ក្រៅ​​រដ្ឋា​​ភិបាល​​។​

សមាសភាព​​ប្រធាន​​ អនុប្រធាន​​ និង​សមាជិក​​របស់​ គ​.ជ​.ប​ ដែល​​ទើប​​ត្រូវ​​បាន​​តែង​​​តាំង​​ថ្មី​​នេះ​ ​មាន​​លោក​ ប្រាជ្ញ​ ចន្ទ​ ជា​​ប្រធាន​​ លោក​ ជឺ​ ចំណាន​ អនុប្រធាន​​ លោក​ មាន​​ សទិ​ សមាជិក​ លោក​ ឌឹម​ សុវណ្ណា​រុំ​ សមាជិក​ លោក​ សោម​ សូ​រី​ដា​ សមាជិក​ លោក​ ហេង​ ស៊ី​ឡេង​ សមាជិក​​ លោក​ យិច​ សមិទ្ធិ​ សមាជិក​ លោក​ ហ៊ែ​ល​ សា​រ៉ាត់​ សមាជិក​ និង​​លោក​ ហង្ស​ ពុទ្ធា​​ សមាជិក​ នេះ​បើ​យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ដែល​ចុះ​កាលបរិច្ឆេទ​​ថ្ងៃទី​​១៣​ ខែធ្នូ​ ឆ្នាំ​​២០២៣​​។​​ 

កាលពី​ព្រឹក​ថ្ងៃ​​ពុធ​ រដ្ឋសភា​​បាន​​បោះឆ្នោត​​ផ្តល់​សេចក្តី​​ទុកចិត្ត​​លើ​​សមាសភាព​​​របស់​ គ​.ជ​.ប​ សម្រាប់​​អាណត្តិ​ថ្មី​ទាំង​​៩​​រូប​​នេះ​ ដោយ​​លោក​ ប្រាជ្ញ​ ចន្ទ​ មក​ពី​គណបក្ស​​ប្រជា​​ជន​​បន្ត​​ធ្វើជា​​ប្រធាន​​ គ​.ជ​.ប​ ចំណែក​​លោក​​ ជឺ​ ចំណាន​​ មក​ពី​គណបក្ស​​ហ្វ៊ុ​ន​ស៊ិន​ប៉ិច​​ គឺជា​​អនុប្រធាន​​។​

ចំណែក​​សមាជិក​​៧​​រូប​​ផ្សេងទៀត​មាន​​លោក​ មាន​​ សទិ​ លោក​ ឌឹម​ សុវណ្ណា​រុំ​ លោក​ សោម​ សូ​រី​ដា​ គឺ​មក​ពី​គណបក្ស​​​ប្រជា​​ជន​​កម្ពុជា​​ ​ខណៈ​​​លោក​ ហេង​ ស៊ី​ឡេង​ លោក​ យិច​ សមិទ្ធិ​ លោក​ ហ៊ែ​ល​ សា​រ៉ាត់​ គឺ​មក​ពី​គណបក្ស​​ហ្វ៊ុ​ន​ស៊ិន​ប៉ិច​ ដោយ​​ឡែក​លោក​ ហង្ស​ ពុទ្ធា​ គឺជា​​តំណាង​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​​តែម្នាក់​​គត់​ ដែល​​ទទួល​បាន​​ការ​​ឯកភាព​​ពី​គណបក្ស​​ទាំងពីរ​៕​

​  

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​