ក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិ៥០រូប ចេញពីអង្គភាពរបស់ខ្លួន បន្ទាប់ពីផ្ទុះរឿងអាស្រូវទារប្រាក់១០ម៉ឺនដុល្លារ អំឡុងពេលចុះឆែកឃ្លាំងស្រារបស់ក្រុមហ៊ុនក្នុងស្រុកមួយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុក Fresh News កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចុះ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងចុះហត្ថលេខាដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា មន្ត្រីនគរបាលជាតិ៥០រូបត្រូវបានផ្ទេរចេញពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយទៅកាន់បណ្តានាយកដ្ឋាននិងអង្គភាពចំនួន១០ ចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។
សេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ថា មន្ត្រីទាំង៥០រូបនោះ មាន២០រូបផ្ទេរទៅកាន់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ មាន៧រូបផ្ទេរទៅកាន់នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល មាន៥រូបផ្ទេរទៅនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ មាន៤រូបផ្ទេរទៅនាយកដ្ឋានអង្គរក្ស មាន៤រូបផ្ទេរទៅអង្គភាពអន្តរា គមន៍ មាន៤រូបផ្ទេរទៅអង្គភាពតម្រួតបទបញ្ជា មាន៣រូបផ្ទេរទៅនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។
ក្រៅពីនេះ មានមន្ត្រី ១រូបផ្ទេរទៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក មាន១រូបផ្ទេរទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមាន១រូបផ្ទេរទៅនាយកដ្ឋានសរុបផែនការ។ នៅក្នុងចំណោមមន្ត្រីដែលត្រូវផ្ទេរចេញនេះមានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី១១រូប ថ្នាក់វរសេនីយ៍ទោ៣រូប ថ្នាក់អនុសេនីយ៍ឯក២០រូប ថ្នាក់អនុសេនីយ៍ទោ៩រូប ថ្នាក់អនុសេនីយ៍ត្រី៤រូប ថ្នាក់ព្រិន្ទបាលឯក២រូប និងថ្នាក់ពលបាលត្រី១រូប។
ដោយឡែករដ្ឋាភិបាលក៏បានចេញអនុក្រឹត្យសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រ យុទ្ធប្រឆាំងផលិតផលក្លែងក្លាយទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃមានឋានៈស្មើ ប្រធាននាយកដ្ឋាន នេះបើយើងតាមអនុក្រឹត្យមួយចុះកាលបរិច្ឆេទកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ និងចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ការផ្ទេរចេញនេះ កើតមានបន្ទាប់ពីលោក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រោយពីរងការចោទប្រកាន់ថា បានទាមទារប្រាក់ចំនួន១០ម៉ឺនដុល្លារ ជាថ្នូរនឹងការបើកឲ្យដំណើរការអាជីវកម្មវិញ ក្រោយពីចុះឆែកឆេរឃ្លាំងស្រាមួយកន្លែងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប៕