រដ្ឋាភិបាលកាត់ឆ្វៀលផ្ទៃដីជាង ៣ ៤០០ហិកតា ក្នុងស្រុកចំនួន២ នៅក្នុងខេត្តបន្ទាយមានជ័យ ចេញពីតំបន់៣ នៃតំបន់ទន្លេសាប ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់ជូនប្រជាពលរដ្ឋជាង ៨០០គ្រួសារ សម្រាប់ប្រើប្រាស់និងអាស្រ័យផល។
យោងតាមអនុក្រឹត្យ លេខ ៥៧ អនក្រ.បក ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ក្នុងសៀវភៅរាជកិច្ចលេខ២៦ ទំព័រ៣២៣១ និងចេញផ្យាយដោយទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យដឹងថា ផ្ទៃដីទំហំ ៣ ៤៤១ហិកតា ១០អា ដែលរួមបញ្ជូលទាំងផ្ទៃដីបម្រុងទុកចំនួន ១០% និងផ្ទៃដីសម្រាប់គម្រោងហេដ្ឋារចនា សម្ព័ន្ធចំនួន ២០% ត្រូវបានកាត់ឆ្វៀលចេញពីតំបន់៣ នៃតំបន់ទន្លេសាប ក្នុងខេត្តបន្ទាយមានជ័យ។
យោងតាមអនុក្រឹត្យដដែលបានបង្ហាញថា ក្នុងចំណោមផ្ទៃដីដែលត្រូវកាត់ឆ្វៀលជាង ៣ ៤៤១ហិកតានេះ គឺផ្ទៃដីទំហំ១ ១៥៥ ហិកតា និង៧០អា គឺស្ថិតនៅឃុំសំបួរ ស្រុកមង្គលបូរី ចំណែកផ្ទៃដីទំហំ ២ ២៨៥ហិកតា និង ៤០អា ទៀត គឺស្ថិតនៅឃុំភ្នំលៀប និងឃុំប្រាសាទ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ផ្ទៃដីទាំងនេះ នឹងត្រូវធ្វើអនុប្បយោគនិងផ្តល់ជូនប្រជាពលរដ្ឋ ៨៣៧គ្រួសារ ដើម្បីប្រើប្រាស់និងអាស្រ័យផល។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំ ៧៤១ ហិកតា ១៧ អា ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ចេញពីតំបន់៣ នៃតំបន់ទន្លេសាប ក្នុងនោះ រដ្ឋាភិបាលបានបែងចែកផ្ទៃដីទំហំ ៤៤៣ហិកតា ជាភូមិរៀបរយសម្រាប់ប្រជាពលរដ្ឋផ្លាស់ទីលំនៅពីលើទឹកមកដី គោក និងផ្ទៃដីទំហំ ២២២ហិកតា សម្រាប់រដ្ឋបាលខេត្តកំពង់ឆ្នាំង និង ផ្ទៃដីទំហំ ៧៥ហិកតា ផ្តល់ជូនក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ៕