ជនបរទេស​ជិត២០០នាក់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ក្នុងរយៈពេល​ប្រាំមួយ​ខែ​ក្នុង​ឆ្នាំ២០២២​

ជនបរទេស​ជិត២០០នាក់​ដែល​មាន២០សញ្ជាតិ​ផ្សេង​ៗ​គ្នា​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ នេះ​បើ​តាម​ព្រះរាជ​ក្រឹត្យ​ដែល​ត្រូវ​បាន​ចេញ​នៅ​ឆមាស​ទី២​ នៃ​​ឆ្នាំ​​២០២២​។​ មួយចំនួន​ក្នុងចំណោម​ពួកគេ​ទំនងជា​បុគ្គល​ ដែលគេ​កំពុង​តាមរកចាប់​ខ្លួន​ពាក់ព័ន្ធ​ល្មើស​នៅ​បរទេស​ ហើយដែល​បាន​​ប្តូរ​ឈ្មោះ​​នៅ​​ពេល​​ទទួល​​បាន​សញ្ជាតិ​ថ្មី​។​

យោង​តាម​សៀវភៅ​រាជកិច្ច​លេខ៤៩​ ដល់​លេខ៩៦សម្រាប់​ឆ្នាំ២០២២​ ដែល​ចេញផ្សាយ​ដោយ​គេហទំព័រ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ចន្លោះ​ថ្ងៃទី៣១​ ខែ​​មករា​ ដល់​ថ្ងៃទី១៣​ ខែមិថុនា​ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស​សរុប​ចំនួន១៩៥នាក់​ ដែល​មាន២០​​សញ្ជាតិ​​ផ្សេងគ្នា​។​ យ៉ាងហោចណាស់​មាន៨៥នាក់​ក្នុងចំណោម​ពួកគេ​បាន​ប្តូរ​ដាក់ឈ្មោះ​ខ្មែរ​។​

ឯកសារ​ដែល​បាន​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០២២​ ដល់​ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ បាន​បង្ហាញថា​ អំឡុង​ពេល៦ខែ​ ជនជាតិ​ចិន​​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ច្រើនជាង​គេ​ ដែល​មាន​រហូតដល់១០៥នាក់​។​ ជនជាតិ​វៀតណាម​ឈរ​នៅ​លេខរៀង​ទី២​ គឺ​មាន២៥នាក់​ ជនជាតិ​ថៃ​មាន១២​​នាក់​​ និង​ចិនតៃវ៉ាន់​មាន១០នាក់​។​

ក្នុងចំណោម​ជនជាតិ​អាស៊ី​ផ្សេងទៀត​ ឥណ្ឌូណេស៊ី​មាន៧នាក់​ ម៉ាឡេស៊ី​មាន៦នាក់​ ចំណែក​សិង្ហបុរី​ មីយ៉ាន់ម៉ា​ អ៊ីរ៉ង់​ និង​អូស្ត្រាលី​មាន​ពលរដ្ឋ​ចំនួន​​ពីរ​​នាក់​ដូចគ្នា​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​។​

សម្រាប់​ជនបរទេស​ផ្សេងទៀត​ មាន​ជនជាតិ​រុស្សី៥នាក់​ តួ​កគី​និង​កូរ៉េ​មាន៤នាក់​ ដោយឡែក​ ជនជាតិ​​អាមេរិក​មាន៣នាក់​ ហើយ​ស្លូវ៉ាគី​ ហូ​ឡង់​ អង់​​គ្លេស​ ដូមីនីកា​ ស្រីលង្កា​ និង​បារាំង​មាន១នាក់​ដូចគ្នា​ ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​។​

ឯកសារ​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា​ មាន​មនុស្ស​បី​នាក់​បាន​បោះបង់​សញ្ជាតិ​ខ្មែរ​របស់​ខ្លួន​ ដោយ​ម្នាក់​ គឺជា​ជនជាតិ​កូរ៉េ​ ពីរ​នាក់​ទៀត​គឺជា​ជនជាតិ​​ខ្មែរ​​ដែល​​ម្នាក់​រស់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ និង​ម្នាក់ទៀត​រស់នៅ​តៃវ៉ាន់​។​

ក្នុងចំណោម​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នោះ​ មាន​ជនជាតិ​ឥណ្ឌូណេស៊ី​ឈ្មោះ​ Andreyanto និង​ Lauw Swan Hie Samuel ដែល​បាន​ប្តូរ​ឈ្មោះ​ទៅជា​ Anderson William និង​ Smith Boa។​ យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​ South China Morning Post បាន​ឲ្យដឹង​ថា​ ឈ្មោះ​ Andreyanto និង​ Lauw Swan Hie Samuel គឺជា​ផ្នែក​មួយ​នៃ​ក្រុម​មនុស្ស​ដែល​មាន​​គ្នា​យ៉ាង​​ហោច​ណាស់​ប្រាំបួន​នាក់​ ដែលគេ​តាមរកចាប់​ខ្លួន​ពី​បទ​ឆបោក​ហើយ​ថា​ អ្នក​ទាំងពីរ​បាន​គេច​ចេញពី​ប្រទេស​ឥណ្ឌូណេស៊ី​។​

ក្រុមហ៊ុន​របស់​ពួកគេ​ដែល​មានឈ្មោះ​ Simbiotik Multitalenta International (Cambodia) បាន​បង្ហោះ​វីដេអូ​យូ​ធូប​បង្អួត​ពី​ការិ​​យា​​ល័យ​​របស់​ខ្លួន​នៅ​អគារ​កា​ណា​ឌី​យ៉ា​នៅ​រាជធានី​ភ្នំពេញ​។​

ក្រុម​ជនរងគ្រោះ​ចំនួន៥​.៥០០នាក់​ដោយសារ​ក្រុមហ៊ុន​ Simbiotik Multitalenta International ដែលគេ​ហៅថា​ Gempur Net89 បាន​និង​កំពុងធ្វើការ​ជាមួយ​ក្រុម​ស៊ើប​អង្កេត​ប៉ូលី​ស​ឥណ្ឌូណេស៊ី​ ដើម្បី​រក​ទ្រព្យសម្បត្តិ​ ដើម្បី​រឹបអូស​យក​ទៅ​សង​ជនរងគ្រោះ​។​

ជនបរទេស​ផ្សេងទៀត​ ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​មាន​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម​ឈ្មោះ​ Duong The Cuong ដែល​បាន​ប្តូរ​មក​ជា​​ឈ្មោះ​ខ្មែរ​ ថោង​ ចំរើន​ និង​ប្រពន្ធ​ឈ្មោះ​ Tran Thi Loc ដែល​ប្តូរ​ឈ្មោះ​ថ្មី​មក​ជា​ កែវ​ សារី​ ហើយ​អ្នក​ទាំងពីរ​ គឺជា​ឪពុក​ម្តាយ​របស់​ឧកញ៉ា​ ថោង​ សា​រ៉ាត់​។​

លោក​ឧកញ៉ា​ ថោង​ សា​រ៉ាត់​ និង​អង្គរក្ស៤នាក់​របស់​លោក​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ កាលពី​​ខែ​​មីនា​ ឆ្នាំ២០១៩​ ពី​បទ​ឃាតកម្ម​គិតទុកជាមុន​ ពាក់ព័ន្ធ​នឹង​ការ​បាញ់សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ នៅ​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​​ឆ្នាំ​​២០១៤​។​

ប៉ុន្តែ​នៅ​ខែវិច្ឆិកា​ ឆ្នាំ២០២០​ សាលាឧទ្ធរណ៍​ភ្នំពេញ​បានសម្រេច​ដោះលែង​ជនជាប់ចោទ៤នាក់​ គឺ​លោក​ ថោង​ សា​រ៉ាត់​ និង​អង្គរក្ស​ឈ្មោះ​ គួយ​ ចាន់​ថុល​ មាស​ សម្បត្តិ​ និង​ ឃុន​ ចិ​ត្រា​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ហើយ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​

នៅ​ខែកុម្ភៈ​ ឆ្នាំ២០២២​ តុលាការ​កំពូល​បាន​ទម្លាក់​ការចោទប្រកាន់​លើ​អ្នក​ទាំងបួន​។​ ចំណែក​ជនជាប់ចោទ​ម្នាក់ទៀត​ឈ្មោះ​ សៀង​ វាសនា​ បន្ត​ឃុំ​​ខ្លួន​​ក្នុង​ពន្ធនាគារ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​