ដី​រដ្ឋ​ជិត១លាន​ហិ​ក​តា​ត្រូវ​​បាន​​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ក្នុងរយៈពេល​កន្លះ​ឆ្នាំ​

យោង​​តាម​​ឯកសារ​​នៅក្នុង​សៀវភៅ​​រាជកិច្ច​​ ​ដែល​​ចុះ​កាល​​បរិច្ឆេទ​​កាល​​ពី​​ឆ្នាំ​​មុន​​បាន​​​ឲ្យ​​ដឹង​ថា​ ដី​របស់​រដ្ឋ​ប្រហែល៩៥១​.២១៣ហិ​ក​តា​ ត្រូវ​បាន​ធ្វើ​​អនុប្រយោគ​​ក្នុង​​រយៈពេល​ប្រាំ​​មួយ​ខែ​​ ដោយ​ភាគច្រើន​ត្រូវ​​បាន​​គេ​ចាត់​​ចូល​​ក្នុង​​​ “តំបន់​សហ​គ​​ម​​ន៍​” ដែល​គ្មាន​​ការ​​ពន្យល់​លម្អិត​​ ហើយ​ដី​ដែល​នៅ​សេសសល់​ គឺ​ភាគច្រើន​ត្រូវ​​បាន​​​បែង​​ចែក​​ទៅ​​ឲ្យ​​ម្ចាស់​​អាជីវកម្ម​ និង​បុគ្គល​ដែល​មាន​ទំនាក់ទំនង​នយោបាយ​ ព្រម​ទាំង​ស្ថា​​ប័ន​រដ្ឋ​ផង​ដែរ​ ។​

សៀវភៅ​រាជកិច្ច​​លេខ៤៩​ ដល់៩៦​ ដែល​​ត្រូវ​​បាន​​ចេញផ្សាយ​​នៅ​​ឆមាស​ទីពីរ​នៃ​ឆ្នាំ២០២២​ បាន​បង្ហាញថា​ ទីតាំង៤៣កន្លែង​​បាន​ប្រែក្លាយ​ពី​ដី​​សាធារណៈ​របស់​​រដ្ឋ​​ទៅជា​ដី​ឯកជន​របស់​រដ្ឋ​ក្នុង​ខេត្ត​ចំនួន១៤​ តាមរយៈ​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​​អតីត​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​

ការ​ធ្វើ​​អនុបយោគ​ផ្ទៃដី​​​ដ៏​ធំ​បំផុត​នោះ​ គឺ៩៣៣​.៥៧៧ហិ​ក​តា​ ដែល​ត្រូវ​បាន​​លៃ​​លក​​​​សម្រាប់​តំបន់​សហគមន៍​ ទោះបីជា​​យ៉ាងណា​​អនុក្រឹត្យ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​តិចតួច​អំពី​តំបន់​ទាំងនោះ​​។​

ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ដី​ធំៗ​មួយចំនួន​ពីមុន​មក​​សម្រាប់​សហគមន៍​ដូចជា​ ដី​​ទំហំ​​១២៧​​.០០០ហិ​ក​តា​នៅ​​ខេត្តកោះកុង​ក្នុង​ឆ្នាំ២០២១​ ត្រូវ​បាន​បម្រុងទុក​សម្រាប់​​​គ្រួសារ​ពល​​រដ្ឋ​​ក្នុង​មូល​​ដ្ឋាន​​ ប៉ុន្តែ​ពល​​រដ្ឋ​​មានការ​សង្ស័យ​បន្ទាប់ពី​មា​​​ន​​​ជម្លោះ​​ជាច្រើន​ឆ្នាំ​ជាមួយ​ក្រុម​​ហ៊ុន​​អភិវឌ្ឍន៍​ និង​ចម្ការ​ធំៗ​​របស់​​ក្រុមហ៊ុន​។​

ការ​​បែងចែក​ដី​​​នេះ​​ទំនង​​ជា​​ធ្វើ​​តាម​​ការ​​អំពាវនាវ​​របស់​​អតីត​​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឲ្យ​ផ្តល់​ដី​​ជូន​​​គ្រួសារ​​ពល​​រដ្ឋ​​នៅ​​​ក្នុង​​តំបន់​​ការពារ​​កាល​​ពី​​​ឆ្នាំ២០១៩​ ចំ​ពេល​​មាន​​ការ​​ទាមទារ​​យូរ​​មក​ហើយ​​​នូវ​​​ប័ណ្ណ​​កម្មសិទ្ធិ​​ដីធ្លី​។​

ទន្ទឹម​នឹង​នេះ​ដែរ​ ម្ចាស់​​អាជីវកម្ម​ និង​​ក្រុមហ៊ុន​​អភិវឌ្ឍន៍​មួយ​​ចំនួន​​ទទួល​បា​នប្រ​​ហែល​​​១២​.៤៦០​​ហិ​ក​តា​នៅក្នុង​ទីតាំង​ចំនួន៧កន្លែង​​ ដែល​ជា​ការ​ធ្វើ​​ឯកជន​ភាវូបនីយកម្ម​​ដីធ្លី​​ធំ​បំផុត​ក្រោយមក​ទៀត​ នៅពេល​​នោះ​​​។​

ភាគច្រើន​នៃ​​ដី​​ទាំងនោះ​​បាន​ទៅលើ​​ក្រុមហ៊ុន​សណ្ឋាគារ​​សុខា​​របស់​ឧកញ៉ា​ សុខ​ គង់​ ដោយ​​ផ្ទៃដី​ ១១​.១៧៧ហិ​ក​តា​នៅ​លើ​ភ្នំបូកគោ​ក្នុង​​ខេត្តកំពត​ត្រូវ​​បាន​​ផ្ទេរ​ទៅ​ឱ្យ​​លោក​។​ លោក​ សុខ​ គង់​ បាន​និង​កំពុង​អភិវឌ្ឍ​ភ្នំបូកគោ​រយៈ​​ពេល​​ច្រើន​ទសវត្សរ៍​មក​ហើយ​ ហើយ​កន្លងមក​​ ទំនង​​ជា​​បាន​​ទទួល​ដី​រាប់​ម៉ឺន​ហិ​ក​តា​ តាមរយៈ​​កិច្ច​​សន្យា​​​​ជួល​ និង​ការ​ផ្តល់​ដីសម្បទាន​​។​

ដី​​ច្រើន​​កន្លែង​​ផ្សេងទៀត​ ដែល​ត្រូវ​បាន​ផ្តល់​​ឱ្យ​ម្ចាស់​​អាជីវកម្ម​ គឺ​​ស្ថិត​​នៅក្នុង​ដែន​ជម្រក​​សត្វព្រៃ​កែវសីមា​ ឧទ្យានជាតិ​គីរី​រម្យ​ ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់​ ច្រករបៀង​​​អភិរក្ស​​ជីវចម្រុះ​ខេត្តមណ្ឌលគិរី​ និង​នៅ​ខេត្ត​កែប​។​ ខេត្ត​​កែប​​មាន​​​ការ​​ប្រែ​​ប្រួល​​​​​​ច្រើន​​រួម​​ទាំង​​ការ​​កំណត់​​ឡើង​​វិញ​​​​តំបន់​​មាត់​​សមុទ្រ​ និង​​ការ​​បែង​​ចែក​​​ដី​​ជុំវិញ​​ឧទ្យានជាតិ​។​ ដី​ប្រាំ​កន្លែងនៅ​ក្នុង​ខេត្ត​កែប​ ​ត្រូវ​បាន​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ ប៉ុន្តែ​​មាន​ព័ត៌មាន​លម្អិត​តិចតួច​ណាស់​​អំពី​គម្រោង​ទាំង​​នោះ​​។​

ក្រុមហ៊ុន​​ដែល​​ទទួល​​បាន​​ដី​​មាន​​ទំនាក់ទំនង​​ជិតស្និទ្ធ​​ជាមួយ​​មន្ត្រី​​រដ្ឋាភិបាល​។​ ក្រុម​​​​ហ៊ុន​មួយ​ក្រុម​គឺ​ ក្រុម​​ហ៊ុន​ One Fraternity, One More and One Prosperity ក៏​​​ដូចជា​ Den-Dey Eco-Tour ទទួល​បាន​ដី​​ទំហំ​​៩៨៤ហិ​ក​តា​នៅ​ដែន​​ជម្រក​​សត្វ​​ព្រៃ​​​កែវសីមា​ គីរី​រម្យ​ ភ្នំ​ឱរ៉ាល់​ ខេត្ត​​កែប​ និង​ច្រករបៀង​អភិរក្ស​​ជីវចម្រុះ​ខេត្ត​មណ្ឌល​​គិរី​។​

ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​​បាន​​ដឹកនាំ​ដោយ​លោកស្រី​​ អ៊ឹម​ ប៉ូលី​កា​ ដែល​ជា​ភរិយា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ និង​​សមាជិក​គ្រួសារ៦​​នាក់​​របស់​​លោក​​ ឡៅ​​ ម៉េ​ង​ឃីន​ សមាជិកព្រឹទ្ធសភា​ និង​ភរិយា​របស់​​លោក​ គឺ​​លោក​​ស្រី​​ ជឹង​​ សុ​​ភាព​ ដែល​ជា​ឧកញ៉ា​ល្បីឈ្មោះ​មួយ​រូប​ផង​ដែរ​នោះ​។​

សមាជិក​គ្រួសារ​ដែល​កាន់​​កាប់​​ក្រុមហ៊ុន​ទាំងបួន​នោះ​​ រួមមាន​ ឡៅ​ ជៀ​ចេន​, ឡៅ​ ជៀ​ហាវ​, ឡៅ​ សុខ​ហ៊ុយ​, ជឹង​ ធាន​គាត​, ជឹង​ ធាន​សេង​ និង​ ជឹង​ សុ​គន្ធា​វី​។​ ឡៅ​ ជៀ​ចេន​ រៀបការ​ជាមួយ​កូនប្រុស​របស់​លោក​​ អូន​ ព័ន្ធ​មុនី​រ័ត្ន​។​

ដី​បី​កន្លែង​​ក្នុងចំណោម​ប្រាំ​កន្លែង​​ដែល​ផ្ទេរ​ទៅ​ឱ្យ​ក្រុមហ៊ុន​​ទាំង​​នេះ​​​ គឺ​​ដី​មួយ​កន្លែង​​​​​ស្ថិត​​នៅ​គីរី​រម្យ​ មួយ​កន្លែង​​ទៀត​ស្ថិត​​នៅ​កែវសីមា​ និង​ទីតាំង​​ទី​​បី​ស្ថិត​​នៅ​ច្រករបៀង​អភិរក្ស​​ជីវចម្រុះ​ខេត្តមណ្ឌលគិរី​ ហើយ​​គេ​​មិនឃើញ​​មាន​​បញ្ចូល​​កូ​អ​ដោ​ណេនៅ​​​ក្នុង​អនុក្រឹត្យ​នោះ​ទេ​។​

ផ្ទៃដី​​ប្រមាណ២៦៦ហិ​ក​តា​​ក្នុង​​ខេត្ត​​ស្វាយរៀង​​ក៏​​ត្រូវ​​បាន​​ធ្វើ​​ឯកជន​ភាវូបនីយកម្ម​​សម្រាប់​​ធ្វើ​​ជា​​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ស្វាយ​រៀង​ហ្គីហ្គា​រី​សស៍​ (Giga Resource SEZ) ផង​ដែរ​​។​

ភាព​ខុស​​គ្នា​​នៃ​​ទំហំ​​ដី​​ដែល​​បុគ្គល​និង​​គ្រួសារ​​ពលរដ្ឋ​​ទទួល​​បាន​​​

បុគ្គល​មួយចំនួន​ដូចជា​លោកស្រី​ ម៉ុ​ក​ ប៉ូ​ប៉ុ​នរិទ្ធ​ ម្តាយក្មេក​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ លោកស្រី​ ថេង​ អាយ​​អា​ន្នី​ ម្តាយ​របស់​​លោក​ សុខ​ សូ​​កេ​​ន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​អ្នក​ផ្សេងទៀត​ បាន​ទទួល​ដី​ចំនួន១៦កន្លែង​​នៅ​ទូទាំង​​​​​​ប្រទេស​ ក្នុង​នោះ​មាន៩កន្លែង​​ស្ថិត​​នៅ​តំបន់​​បឹង​តា​មោក​ដ៏​ចម្រូងចម្រាស​ក្នុង​រាជធានី​ភ្នំពេញ​។​

ដី​​ទាំងនេះ​មាន​ទំហំ​ធំល្មម​ ជាមធ្យម​គឺ​​ជាង១០​​ហិច​តា​ក្នុង​ម្នា​ក់ៗ​ ហើយ​វា​ផ្ទុយពី​ដី​ ដែល​បាន​ផ្តល់​ជូន​គ្រួសារ​នី​មួយ​ៗ​​ក្នុង​​ចំណោម​​​ពល​​រដ្ឋ​​​៣៥​​គ្រួសារ​​ជា​​ដីសម្បទាន​ក្នុង​ខេត្តស្វាយរៀង​ដោយ​​ទទួល​​ទំហំ​​តិច​ជាង០​.០១​ ហិច​តា​។​

ដី​​​ប្រាំបួន​ទីតាំង​​នៅ​តំបន់​​បឹង​តា​មោក​មាន​ទំហំ​សរុប​ ១១១​,២៥ហិ​ក​តា​នៅចន្លោះ​ពី​​ខែសីហា​ដល់​ខែវិច្ឆិកា​ឆ្នាំ២០២២​ ត្រូវ​​បាន​​កាត់​​ឆ្វៀល​​ ហើយ​ក្លាយ​​ជាផ្នែក​នៃ​ការ​​​ចាក់​​​លុប​​បឹង​មួយ​ក្នុងចំណោម​បឹង​ចុងក្រោយ​របស់​រាជធានី​ភ្នំពេញ​សម្រាប់​ការអភិវឌ្ឍន៍​​ ដោយ​ពាណិជ្ជករ​ដែល​មាន​ទំនាក់ទំនង​នយោបាយ​។​ អ្នក​​ស្រុក​​បាន​និង​​​​កំពុង​​​តវ៉ា​​ការ​​បណ្តេញ​​ចេញ​​ពី​​តំបន់​​​មាត់​​បឹង​​ដែល​​កំពុង​​រួម​​តូច​នេះ​​​។​

ក្នុង​​ចំណោម​​ការ​​ធ្វើ​​ឯកជន​ភាវូបនីយកម្ម​​ដី​​នោះ​​ មាន​​ដី​​ពីរ​កន្លែង​ស្ថិត​​​​នៅ​​ក្នុង​​ខេត្ត​​សៀមរាប​ ដែល​​ត្រូវ​​បាន​​ផ្តល់​​ឲ្យ​​អាជ្ញាធរ​​អប្សរា​ធ្វើ​​ជា​​កន្លែង​​តាំង​​ទី​​លំនៅ​​ថ្មី​​សម្រាប់​​អ្នក​​ដែល​​ត្រូវ​​បាន​​​បណ្ដេញ​​ចេញ​​ពី​តំបន់​​​ឧទ្យាន​​អង្គរ​។​ ទីតាំង​​ពីរ​​កន្លែង​នោះ​​ គឺ​​តំបន់​​ពាក់ស្នែង​​ និង​តំបន់​​​រុន​​​តា​​ឯក​ ដែល​​ស្ថិត​​នៅ​​ចម្ងាយ​​ប្រមាណ២០​​គីឡូ​​ម៉ែត្រ​​ពី​​តំបន់​​បេតិកភណ្ឌ​​របស់​​អង្គការ​​យូ​ណេស្កូ​ ហើយ​​មាន​​ផ្ទៃដី​​សរុប​ ១​.៤៩២ហិ​ក​តា​។​

ចុងក្រោយ​ ដី​ទំហំ​​៥៩០ហិ​ក​តា​នៅ​ខេត្តរតនគិរី​ ត្រូវ​បាន​ប្រគល់​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ នេះ​បើ​យោង​​​តាម​​ឯកសារ​ចុះ​ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២២​ ដោយ​​ត្រូវ​​បាន​​កាត់​ឆ្វៀល​​ពី​គម្រប​ព្រៃឈើ​ និង​ពី​​អតីត​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​​កន្លែង​​ដែល​​ផ្តល់​​ទៅ​ឱ្យ​ក្រុមហ៊ុន​ ៧មករា​ផា​រី​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​