​លោក​ ហ៊ុន​ ម៉ា​និ​ត​​ ត្រូវ​​បាន​​តែង​​តាំង​​​មុខ​​​​តំណែង​​កំពូល​​ក្នុង​ជួរ​​កងទ័ព​​ ខណៈ​​ស្រ្តី​អ្នកជំនួញ៣រូប​ទទួល​​គោរម​​​ងារ​​ឧកញ៉ា​

លោក​ ហ៊ុន​​ ម៉ា​​និ​ត​ ជា​​ប្អូន​​ប្រុស​​បង្កើត​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ និង​​ជា​កូន​​ប្រុស​​ទី​​២​​របស់​​​អតីត​​នាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ សែន​ ត្រូវ​​បាន​​តែង​​តាំង​​មុខ​​តំណែង​​កំពូល​​នៅក្នុង​​ជួរ​​កងទ័ព​​ ខណៈ​​ស្ត្រី​អ្នក​​ជំនួញ​​បី​រូប​​ត្រូវ​​បាន​​ផ្តល់​​គោរម​​ងារ​​ជា​​ឧក​​ញ៉ា​​ នេះ​បើ​​យោង​​តាម​​ឯក​​សារ​នៅក្នុង​​សៀវភៅ​​រាជកិច្ច​​លេខ​​​៣១​​។​​ 

យោង​​តាម​ព្រះរាជ​ក្រឹត្យ​​ដែល​​ចុះ​កាលបរិច្ឆេទ​​ ថ្ងៃទី​​១៧​ ខែមីនា​ ឆ្នាំ​​២០២៣​ ​នៅ​​ក្នុង​​​សៀវភៅ​រាជកិច្ច​លេខ៣១​ ត្រីមាស​ទី២​ ឆ្នាំ២០២៣​ និង​​ចេញផ្សាយ​​ដោយ​​ទី​ស្តី​ការ​​គណៈ​​រដ្ឋ​​មន្ត្រី​​កាល​​ពី​​ថ្ងៃទី​​៧​ ខែ​​កញ្ញា​ ឆ្នាំ​​២០២៣​​បាន​​ឲ្យ​​ដឹង​ថា​ លោក​ ហ៊ុន​ ម៉ា​និ​ត​ ត្រូវ​​បាន​​តែង​​តាំង​​ជា​​មេបញ្ជាការ​​រង​​ បញ្ជាការ​ដ្ឋាន​​កងទ័ព​​ជើង​​គោក​ បន្ថែ​​ម​​លើ​​មុខ​​ងារ​​បច្ចុប្បន្ន​​។​​ 

លោក​ ហ៊ុន​​ ម៉ា​និ​ត​​ បច្ចុប្បន្ន​​គឺជា​​សមាជិក​នៃ​​ខុទ្ទកាល័យ​​នាយក​​រដ្ឋ​​មន្ត្រី​​និង​​មាន​​ឋានៈ​​ស្មើ​​រដ្ឋ​​មន្ត្រី​​ ហើយ​​​លោក​​ក៏​មាន​​តួនាទី​​ជា​​​​​អគ្គនាយក​​ នៃ​អគ្គនាយក​​ដ្ឋាន​​ស្រាវជ្រាវ​-ចារកិច្ច​ ​នៃ​ក្រសួង​​ការ​​ពារ​​ជាតិ​​ផង​ដែរ​​។​​

នៅក្នុង​​​ព្រះរាជ​ក្រឹត្យ​​ដាច់​​ដោយ​​ឡែក​​មួយទៀត​​ ចុះ​ថ្ងៃទី​​០៤​ ខែកុម្ភៈ​ ឆ្នាំ​​២០២៣​ ដូចគ្នា​​នៅក្នុង​សៀវ​ ភៅ​​រាជកិច្ច​​ដដែល​​នេះ​​ក៏​​បាន​និយាយ​អំពី​ការ​ផ្តល់​​គោរម​​ងារ​​ជា​​ឧកញ៉ា​​ដល់​​ស្ត្រី​​អ្នក​​ជំ​​នួញ​​​បី​រូប​​មាន​​លោកស្រី​ មាស​ ម៉ា​ស៊ី​ លោកស្រី​ ឡុង​ ស្រី​ផុស​​ និង​​លោកស្រី​ សេង​ សុ​វី​រដ្ឋា​​។​​

លោកស្រី​ សេង​ សុ​វី​រដ្ឋា​ ជា​ពាណិជ្ជករ​វ័យក្មេង​មួយ​រូប​ ដែល​តែងតែ​​បរិច្ចាគ​ថវិកា​​​ជួយ​​ការងារ​​សង្គម​ជា​ញឹកញាប់​។​ លោកស្រី​ សេង​ សុ​វី​រដ្ឋា​ គឺជា​ភរិយា​របស់​លោក​ឧត្តមសេនីយ៍​ទោ​ ហេង​ ឡា​លីន​ មេបញ្ជាការ​រង​ នៃ​កងពលតូច​លេខ៧០​ ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយគ្នា​ កាលពីដើម​ខែមីនា​ ឆ្នាំ២០១៩​ នេះ​បើ​យោង​តាម​គេហទំព័រ​ឧកញ៉ា​។​ នៅ​ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២៣​ កន្លងទៅ​នេះ​ លោក​ ហេង​ ឡា​លីន​ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​​​តែងតាំង​​មុខតំណែង​​ ជា​រដ្ឋលេខាធិការ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​​សំណង់​។​ 

នៅក្នុង​សៀវភៅ​រាជកិច្ច​​លេខ៣១​​នេះ​ ក៏​មាន​និយាយ​​អំពី​​ការ​​ផ្តល់​​សញ្ជាតិ​​ខ្មែរ​​ដល់​​ជន​​បរទេស​​ចំនួន​​៨នាក់​​ ក្នុង​​នោះ​​មាន​ជនជាតិ​​តួ​កគី​​៤​​នាក់​ ចិន​​៣​​នាក់​​និ​​ង​ម៉ាឡេស៊ី​​ម្នាក់​​ និង​​អំពី​ការ​​តែង​​តាំង​​និង​​ផ្តល់​ឋានៈ​​ជា​​ទីប្រឹក្សា​​ ការ​​ដំឡើង​​ឋានន្តរស័ក្តិ​​ វរសេនីយ៍​​ឯក​​ ជា​​កិច្ច​​បច្ឆាមរណៈ​និង​ការ​​ដំឡើង​​ឋានន្តរស័ក្តិ​​ដល់​​នាយទាហាន​​នៃ​កងយោធពល​ខេមរភូមិន្ទ​​ដែល​​របួស​-​ពិការ​​​​​ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវ​នីតិសម្បទា​។​

ក្រៅពី​នេះ​ សៀវភៅ​​រាជកិច្ច​​លេខ​​៣១​​នេះ​​ក៏​​និយាយ​អំពី​ការ​បំពាក់​​មេដាយ​​ការងារ​ជូន​​ម​​ន្ត្រី​រាជការ​​ជិត​​៤០០​​នាក់​​និង​​ការ​​ផ្តល់​​គ្រឿងឥស្សរិយយស​ដល់​​សប្បុរសជន​ដែល​​ក្នុង​​នោះ​​មាន​​​ព្រះសង្ឃ​ផង​ដែរ​​ សរុប​ចំនួន​ប្រមាណ​​២០០​​អង្គ​/នាក់​​។​​ 

ដោយ​​ឡែក​​ក្រសួង​​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ បាន​ចេ​ញប្រ​​កាស​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចំនួន០៦​ បង្កើត​រោងចក្រ​ផលិត​បាវ​ស៊ីម៉ងត៍​ពី​ប្លាស្ទិក​ កាត់ដេរ​សម្លៀកបំពាក់​ រោងចក្រ​ផលិត​ និង​ដំឡើង​គ្រឿង​បង្គុំ​ឧបករណ៍​បរិក្ខារ​ចំអិនអាហារ​ រោងចក្រ​ខារ​អំបោះ​គ្រប់​ប្រភេទ​ រោងចក្រ​ផលិត​ភួយ​ និង​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លាស្ទិក​ និង​ភេសជ្ជៈ​ ។​ ទន្ទឹម​និង​នោះ​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញប្រកាស​ផ្ដល់​លិខិតអនុញ្ញាត​ដំណើរការ​ស្ថានីយ​ប្រេងឥន្ធនៈ​ ចំនួន៤​ និង​ស្ថានីយ​រួម​ ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​ ចំនួន០១​៕​ 

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​