សៀវភៅ​រាជកិច្ច​​លេខ​​៥​​និយាយ​អំពី​​ការ​ដំ​ឡើ​​ង​ឋានៈ​និង​​ការ​​ផ្តល់​​គោរម​​ងារ​​ដល់​​ឥស្សរជន​​​និង​​អ្នក​​ជំនួញ​​ល្បី​ៗ​​

សៀវភៅ​រាជកិច្ច​​លេខ​​៥​ ត្រីមាស​​ទី១​ ឆ្នាំ២០២៣​ មាន​​និយាយ​​អំ​​ពី​​ការ​​ផ្តល់​​ជូន​​មេ​​ដាយ​កិត្តិយស​​ និង​ដំឡើង​​ឋានៈ​ថ្មី​សម្រាប់​ឥស្សរជន​នយោបាយ​ និង​អ្នក​​ជំនួញ​​លេចធ្លោ​​​មួយ​​ចំនួន​​ រួម​ទាំង​កូនប្រុស​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ឧកញ៉ា​ដ៏​លេចធ្លោ​មួយ​រូប​ផង​ដែរ​។​

សៀវភៅ​រាជកិច្ច​​លេខ៥​​ ត្រូវ​បាន​ចេញ​​ផ្សាយ​​ដោយ​រដ្ឋាភិបាល​នៅ​ថ្ងៃទី៣០​​ ខែ​មិ​ថុ​​នា​ ឆ្នាំ២០២៣​​ ប៉ុន្តែ​​បាន​​បញ្ចូល​​ឯកសារ​ភាគច្រើន​ដែល​ត្រូវ​​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ២០២២​ បូករួម​​ជាមួយ​​នឹង​ឯក​​សារ​​ថ្មី​​មួយចំនួន​តូច​​នៅ​​ឆ្នាំនេះ​។​ 

លោក​ ហ៊ុន​ ម៉ា​និ​ត​ កូនប្រុស​ទី២​ របស់​អតីត​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​តម្លើង​ឋានៈ​ក្នុង​តួនាទី​ជាស​មា​ជិ​ក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ដោយ​ទទួល​បាន​ឋានៈ​ស្មើរ​ដ្ឋ​មន្ត្រី​។​ លោក​ ម៉ា​និ​ត​ គឺ​​ជា​​ឧត្តម​សេនីយ​​ផ្កាយ​​បី​​ក្នុង​​ជួរ​​​យោធា​​កម្ពុជា​ ហើយ​លោក​ក៏​​ជា​​អគ្គ​​នាយក​​នៃ​អគ្គនាយក​ដ្ឋាន​​ស្រាវជ្រាវ​​ចារកិច្ច​​របស់​​ក្រសួង​​ការពារ​ជាតិ​​ផង​ដែរ​​​។​

ការ​​តែង​​តាំង​​ឥស្សរជន​​លេចធ្លោ​​មួយ​រូប​​​ទៀត​ ​គឺ​​លោក​​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ ឲ្យ​​ធ្វើ​​​ជា​​​ទី​​ប្រឹក្សា​​របស់​​លោក​ ហ៊ុន​ សែន​ ដែល​​មាន​​ឋានៈ​​ស្មើ​​រដ្ឋមន្ត្រី​។​ លោក​ លី​ យ៉ុង​​ផាត់​ គឺ​​ជា​ប្រធាន​​ក្រុម​​ហ៊ុន​​ LYP Group ហើយដែល​​ជាប់ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ជុំវិញ​​ចម្ការ​​អំពៅ​ និង​ការ​កាប់​ឈើ​ខុសច្បាប់​។​ លោក​​ត្រូវ​​បាន​​ជ្រើសរើស​​ឲ្យ​​ធ្វើ​​ជា​​ប្រ​​ធាន​​សមាគម​​ឧកញ៉ា​​កម្ពុជា​កាល​​ពី​​ឆ្នាំ​​មុន​​។​

មេដាយ​កិត្តិយស​ត្រូវ​បាន​ផ្តល់​​ជូន​លោក​ លាង​ ឃុន​ អគ្គនាយក​​ក្រុមហ៊ុន​ ជីប​ ម៉ុង​គ្រុប​ លោក​ ផាក​ ហឿង​ខ្យង់​​ (Park Heung-kyeong) អតីត​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ខាងត្បូង​ និង​ឯកអគ្គ​រដ្ឋទូត​ជ​ប៉ុន​ថ្មី​ៗ​លោក​ មី​កាមិ​​ ម៉ា​សា​ហ៊ី​រ៉ូ​ (Mikami Masahiro)។​​ ឯកសារ​​មិន​​បាន​​បញ្ជាក់​​ពី​​មូលហេតុ​​នៃ​ការ​​​ផ្តល់​​មេដាយ​ជូន​ឥស្សរជន​​​ទាំង​​​នោះ​​ទេ​​។​

ឧកញ៉ា​​ទើប​​ទទួល​បាន​​គោរម​​ងារ​​​ថ្មី​​ចំនួន៤​​រូប​ ក៏​​ត្រូវ​​បាន​​បង្ហាញ​​នៅ​​​ក្នុង​​ឯកសារ​នេះ​​​ដែរ​​។​ ពីរ​នាក់​ក្នុង​​ចំណោម​​នោះ​ គឺ​លោក​ អ៊ឹ​ង​ សុង​លាភ​ ដែល​ជា​អ្នក​ចាត់​​ការ​​ទូ​​​ទៅ​​​នៅ​ផលិតកម្ម​រស្មី​​ហង្ស​មាស​ ដែល​ជា​កម្ម​សិទ្ធ​របស់​​លោក​ អ៊ឹ​ង​ ឆាយ​​ងួន​ ជា​​ឪ​​ពុក​​របស់​​លោក​​។​ ផលិត​​កម្ម​រស្មី​ហង្ស​មាស​​​ផលិត​​កម្ម​​ផលិត​​កម្មវិធី​ទូរ​ទស្សន៍​ល្បី​ៗ​ដូចជា​ Cambodian Idol ជាដើម​។​ ឧកញ៉ា​​ម្នាក់​​ទៀត​​គឺ​លោកស្រី​​​ ប៊ុ​ន​ ណា​វី​ ដែល​​ជា​​នាយិ​​កា​​​ក្រុមហ៊ុន​ CPL Cambodia Properties។​ ឧកញ៉ា​​ថ្មី​​ពីរ​​រូប​ផ្សេង​​ទៀត​មាន​​ឈ្មោះ​​ គុ​ជ​ ច័ន្ទ​​វុធ​ឌី​ និង​ ឡាយ​ លី​ហួរ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​