ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយល់ព្រមលើសំណើសុំចូលនិវត្តន៍របស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូលដែលកាន់តំណែងយូរមកហើយនោះ ខណៈលោកចៅក្រម ជីវ កេង ត្រូវបានបង្គាប់ឲ្យធ្វើជាប្រធានស្តីទី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីសប្តាហ៍មុនថា មេដឹកនាំជាន់ខ្ពស់មួយចំនួន នៃគណបក្សប្រជាជនកម្ពុជាបានស្នើសុំចូលនិវត្តន៍ដោយសារកត្តាអាយុ និងសុខភាព។ លោកនាយករដ្ឋមន្ត្រីបានបញ្ចេញឈ្មោះប្រធានតុលាការកំពូល និងប្រធានព្រឹទ្ធសភា ជាសមាជិកពីររូបនៃគណបក្សរបស់លោក ដែលនឹងត្រូវចូលនិវត្តន៍។
ព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យកាលពីថ្ងៃទី១១ ខែសីហា យល់ព្រមតាមសំណើសុំចូលនិវត្តន៍របស់លោក ឌិត មុន្ទី ដែលនឹងលាលែងពីតំណែងដ៏មានឥទ្ធិពលនេះ នៅថ្ងៃទី១៥ ខែសីហា។ ក្រសួងយុត្តិធម៌ក៏បានចេញលិខិតមួយកាលពីថ្ងៃទី១៤ ខែសីហា ដោយបង្គាប់ឲ្យលោកចៅក្រម ជីវ កេង ធ្វើជាប្រធានស្តីទីតុលាការកំពូលផងដែរ។
លោក ឌិត មុន្ទី គឺជាឪពុករបស់លោក ឌិត ទីណា ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីឆ្នាំមុន ហើយបានថតរូបជុំគ្នា ដែលជាផ្នែកនៃគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត កាលពីសប្តាហ៍មុន។ លោក ឌិត មុន្ទី គឺជាផ្នែកមួយនៃក្រុមប្រឹក្សាជំនុំជម្រះដែលសម្រេចជាឯកច្ឆ័ន្ទរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដែលតាមចោទថា បានរៀបចំនូវអ្វីដែលគេហៅថាបដិវត្តន៍ពណ៌។
លោក ហ៊ុន សែន កំពុងរៀបចំការផ្លាស់ប្តូរជំនាន់នៅក្នុងគណបក្សប្រជាជនកម្ពុជាដោយជំនួសរដ្ឋមន្ត្រីចាស់ៗភាគច្រើនជាមួយនឹងបេក្ខជនវ័យក្មេង ដែលភាគច្រើនជាកូន ឬជាកូនប្រសាររបស់រដ្ឋមន្ត្រីដែលចាកចេញទៅនោះ។
មួយចំនួននៅក្នុងចំណោមការផ្លាស់ប្តូរទាំងនេះ ធ្វើឡើងនៅតាមស្ថាប័នក្រៅរដ្ឋាភិបាល ដូចជាការតែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានចូលកាន់តំណែងបន្តពីលោក ជា ចាន់តូ ជាឪពុករបស់លោកស្រី៕