លោក​ ស​ ថេ​ត​ ក្លាយ​​ជា​​អគ្គ​ស្នង​​ការ​​នគរបាល​​ជាតិ​​ ខណៈ​កូន​​ចៅ​​មន្ត្រី​បក្ស​កាន់អំណាច​ផ្សេងទៀត​​​​ទទួល​បាន​តំណែង​ជា​អភិបាលខេត្ត​

ការ​រុះរើ​ ការតែងតាំង​​ និង​ការ​ប្រគល់​តួនាទី​​ជូន​សមាជិក​គ្រួសារ​បាន​បន្ត​ធ្វើ​​នៅ​ក្រោម​​រដ្ឋាភិបាល​ថ្មី​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ស្រប​ពេល​​កូនចៅ​​របស់​​មន្ត្រី​ គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​​ជា​​ច្រើន​​ដែល​​ជា​​សាច់ញាតិ​​នឹងគ្នា​​​ទទួល​បាន​អ​ត្ថ​ប្រ​​យោជន៍​នៃ​ការ​ផ្លាស់​ប្តូរ​ជំនាន់​នេះ​។​

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ បាន​ឡាយព្រះហស្ត​លេខា​លើ​ព្រះរាជ​ក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្មី​ លោក​ ស​ សុខា​ ពី​​ឋានន្តរស័ក្តិ​ឧត្តម​សេនីយ​ឯក​​ទៅជា​នាយ​​ឧត្តមសេនីយ៍​ (ផ្កាយ​បួន​)។​ លោក​ ស​ សុខា​ គឺ​​ជា​កូនប្រុស​របស់​លោក​ ស​ ខេង​ អតីត​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​។​

ស្ថិត​ក្នុង​ត្រកូល​តែមួយ​​ លោក​ ស​ ថេ​ត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​បាន​​​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​​ឧត្តម​សេនីយ​ និង​តែងតាំង​ជា​អគ្គស្នងការ​នគរ​​បាល​​ជាតិ​។​

កន្លងមក​​ តំណែង​​នេះ​​​កាន់​​កាប់​​​ដោយ​​លោក​ នេត​ សាវឿ​ន​ ដែល​​ឥឡូវ​​ត្រូវ​​បាន​​តែង​​​​តាំង​​​ជា​​ឧបនាយក​រដ្ឋមន្ត្រី​ ប៉ុន្តែ​​នឹង​​មើល​​ការ​​ខុស​​ត្រូវ​​សន្តិសុខ​​ផ្ទៃក្នុង​ផង​ដែរ​​។​ លោក​ ស​​ ថេ​ត​ ជា​បងប្អូន​ជីដូនមួយ​របស់​លោក​​ ស​ ខេង​ និង​ត្រូវ​​ជា​ពូ​របស់​លោក​​ ស​ សុខា​។​

លោក​ ទៀ​ សីហា​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្មី​ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តម​សេនីយ​ផ្កាយ​បួន​ផង​ដែរ​ នៅក្នុង​ព្រះរាជ​ក្រឹត្យ​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ២៣​ ខែសីហា​។​ លោក​គឺជា​កូនប្រុស​របស់​អតីត​​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ទៀ​ បាញ់​ ដែល​ឥឡូវនេះ​គឺ​​ជា​ឧត្តម​​ប្រឹក្សា​របស់​ព្រះមហាក្សត្រ​។​

ក្រឡេក​​ទៅ​មើល​​គ្រួ​​សារ​របស់​​អតីត​ឧបនាយក​រដ្ឋមន្ត្រី​មួយ​រូប​ទៀត​ លោក​ ប៉េង​ ពោធិ៍​សា​ ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​ស្វាយរៀង​ ដែល​ពីមុន​​លោក​​គឺ​​ជា​អភិបាលរង​​ខេត្ត​​។​

លោក​គឺ​​​ជា​​កូន​​ប្រុស​​របស់​​អតីត​​ឧបនាយក​​រដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​ និង​​ជា​បង​​ប្អូន​​ប្រុស​​​របស់​លោក​ ប៉េង​ ពោធិ៍​នា​ ​រដ្ឋមន្ត្រី​​ក្រសួង​​សាធារណការ​ និង​​ដឹក​​ជញ្ជូន​​ថ្មី​។​ ឪ​ពុរ​បស់​លោក​​ឈ្មោះ​ ប៉េង​ ប៉ាត់​​ ជា​អតីត​​សមាជិកព្រឹទ្ធសភា​។​

លោក​ ប្រាក់​ សោភ័ណ​ នឹង​ក្លាយជា​អភិបាលខេត្ត​សៀមរាប​ថ្មី​ ដោយ​ចូល​កាន់​តំ​​ណែង​បន្ត​​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ ទៀ​ សីហា​។​ លោក​ សោភ័ណ​ គឺ​​ជា​​កូន​​ប្រុស​របស់​​​លោក​ ប្រាក់​ សុ​ខុន​ អតីត​​រដ្ឋមន្ត្រី​​ក្រសួង​​ការ​​បរទេស​។​

លោក​ សួន​ សុ​ម៉ា​លីន​ នឹង​ចូលកាន់ដំណែង​ជា​អភិបាលខេត្ត​ព្រៃវែង​ បន្ទាប់​ពី​តំ​​ណែង​នេះ​នៅទំនេរ​ ក្រោយ​​ពី​លោក​ ជា​ សុ​មេធី​ ត្រូវ​​បាន​​តែង​​តាំង​​ជារ​ដ្ឋ​មន្ត្រី​ក្រ​​សួង​សង្គមកិច្ច​ថ្មី​។​

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏បាន​ចាប់ផ្តើម​​ចូល​ធ្វើការងារ​កាលពី​ថ្ងៃពុធ​ ដោយ​ចុះ​ហត្ថ​​​​លេខា​លើ​អនុក្រឹត្យ​តែងតាំង​លោក​ ស​ រដ្ឋា​ ដែល​ជា​អគ្គនាយករង​​នៃ​​អគ្គ​​នា​​យក​​ដ្ឋាន​អន្តោប្រវេសន៍​ និង​ត្រូវ​​ជា​​កូនប្រុស​របស់​លោក​ ស​ ខេង​ និង​​លោក​ ជួន​ ណា​រិន​ ទៅ​​ជា​​អគ្គ​​ស្នងការ​រង​នគរបាល​ជាតិ​ផង​ដែរ​។​

នៅក្នុង​ព្រះរាជ​ក្រឹត្យ​មួយទៀត​ លោក​ ឈន​ សាណា​ត​ ត្រូវ​បាន​តែងតាំង​ជា​​អគ្គ​​នាយក​នៃ​អគ្គនាយក​​ដ្ឋាន​​ពន្ធនាគារ​នៃ​​ក្រសួងមហាផ្ទៃ​ជំនួស​លោក​ ឆែម​ សា​វុធ​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​