ការរុះរើ ការតែងតាំង និងការប្រគល់តួនាទីជូនសមាជិកគ្រួសារបានបន្តធ្វើនៅក្រោមរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ស្របពេលកូនចៅរបស់មន្ត្រី គណបក្សប្រជាជនកម្ពុជាជាច្រើនដែលជាសាច់ញាតិនឹងគ្នាទទួលបានអត្ថប្រយោជន៍នៃការផ្លាស់ប្តូរជំនាន់នេះ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី លោក ស សុខា ពីឋានន្តរស័ក្តិឧត្តមសេនីយឯកទៅជានាយឧត្តមសេនីយ៍ (ផ្កាយបួន)។ លោក ស សុខា គឺជាកូនប្រុសរបស់លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ស្ថិតក្នុងត្រកូលតែមួយ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ និងតែងតាំងជាអគ្គស្នងការនគរបាលជាតិ។
កន្លងមក តំណែងនេះកាន់កាប់ដោយលោក នេត សាវឿន ដែលឥឡូវត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ប៉ុន្តែនឹងមើលការខុសត្រូវសន្តិសុខផ្ទៃក្នុងផងដែរ។ លោក ស ថេត ជាបងប្អូនជីដូនមួយរបស់លោក ស ខេង និងត្រូវជាពូរបស់លោក ស សុខា។
លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីក៏ត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយផ្កាយបួនផងដែរ នៅក្នុងព្រះរាជក្រឹត្យចុះហត្ថលេខាកាលពីថ្ងៃទី ២៣ ខែសីហា។ លោកគឺជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ដែលឥឡូវនេះគឺជាឧត្តមប្រឹក្សារបស់ព្រះមហាក្សត្រ។
ក្រឡេកទៅមើលគ្រួសាររបស់អតីតឧបនាយករដ្ឋមន្ត្រីមួយរូបទៀត លោក ប៉េង ពោធិ៍សា ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង ដែលពីមុនលោកគឺជាអភិបាលរងខេត្ត។
លោកគឺជាកូនប្រុសរបស់អតីតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងជាបងប្អូនប្រុសរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី។ ឪពុរបស់លោកឈ្មោះ ប៉េង ប៉ាត់ ជាអតីតសមាជិកព្រឹទ្ធសភា។
លោក ប្រាក់ សោភ័ណ នឹងក្លាយជាអភិបាលខេត្តសៀមរាបថ្មី ដោយចូលកាន់តំណែងបន្តពីរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា។ លោក សោភ័ណ គឺជាកូនប្រុសរបស់លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស។
លោក សួន សុម៉ាលីន នឹងចូលកាន់ដំណែងជាអភិបាលខេត្តព្រៃវែង បន្ទាប់ពីតំណែងនេះនៅទំនេរ ក្រោយពីលោក ជា សុមេធី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចថ្មី។
លោក ហ៊ុន ម៉ាណែត ក៏បានចាប់ផ្តើមចូលធ្វើការងារកាលពីថ្ងៃពុធ ដោយចុះហត្ថលេខាលើអនុក្រឹត្យតែងតាំងលោក ស រដ្ឋា ដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងត្រូវជាកូនប្រុសរបស់លោក ស ខេង និងលោក ជួន ណារិន ទៅជាអគ្គស្នងការរងនគរបាលជាតិផងដែរ។
នៅក្នុងព្រះរាជក្រឹត្យមួយទៀត លោក ឈន សាណាត ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃជំនួសលោក ឆែម សាវុធ៕