គ​.ជ​.ប​ បង្ហាញ​ឈ្មោះ​​​បេក្ខជន​​ជាប់ឆ្នោត​​តំណាង​​រាស្ត្រ​​នីតិកាល​ទី​​៧​ មាន​​មួយ​​រូប​​​ត្រូវ​​​បាន​​​ផ្លាស់​​ប្តូរ​​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ​.ជ​.ប​) បាន​ប្រកាស​លទ្ធផល​ផ្លូវ​​ការ​​​មិន​​​ដល់​​ពីរ​សប្តាហ៍​ផង​​ បន្ទាប់​​ពី​​ការបោះឆ្នោត​ខែកក្កដា​ ដោយ​បើក​​​ផ្លូវ​​សម្រាប់​​ការ​​ផ្ទេរ​​អំណាច​ទៅ​ឱ្យ​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​​កូនប្រុស​របស់​​លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន​ សែន​។​

លទ្ធផល​​បោះឆ្នោត​ផ្លូវ​​ការ​​របស់​ គ​.ជ​.ប​ ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​​ថ្ងៃសៅរ៍​ ទី៥​ ខែ​​​សីហា​ ត្រឹមតែ​រយៈពេល​​បួន​ថ្ងៃបន្ទាប់​ពី​គណៈកម្មាធិការ​នេះ​ចេញ​​ផ្សាយ​​លទ្ធផល​​បណ្តោះអាសន្ន​របស់​ខ្លួន​កាលពី​ថ្ងៃអង្គារ​។​ គ្មាន​​ការ​​រាប់​​សន្លឹក​​ឆ្នោត​​ណា​​មួយ​​​ផ្លាស់​​ប្តូរ​​នោះ​ទេ​​ ចាប់​​តាំង​​ពី​​ការ​​ប្រកាស​​លទ្ធផល​​បណ្ដោះ​​អាសន្ន​ ដែល​​អាច​​ធ្វើ​​ការ​​​តវ៉ា​​​​បាន​​ ​អំឡុង​​ពេល៧២​​ម៉ោង​។​

គ​.ជ​.ប​ ក៏​​បាន​​ចេញ​​​ផ្សាយ​​បញ្ជី​​ឈ្មោះ​​ផ្លូវ​​ការ​​បេក្ខជន​​តំណាង​រាស្រ្ត​​ចំនួន១២៥​ រូប​ ផង​​ដែរ​ ដែល​​គេ​​រំពឹង​​ថា​ ​នឹង​​ស្បថ​​ចូល​​កាន់​​តំណែង​​នៅ​​ថ្ងៃ​​ទី២២​ ខែ​​សីហា​ មុន​​ពេល​​​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ឡើង​​កាន់​​តំណែង​​ជា​​នាយក​​រដ្ឋមន្ត្រី​។​

តាម​​បញ្ជី​​ឈ្មោះ​​នេះ​ ចំនួន​​តំណាង​រាស្រ្ត​ជា​​​ស្ត្រី​​បាន​​ធ្លាក់​​ចុះ​​ពី​ចំនួន​​​២៦​​នាក់​​ក្នុង​​អាណត្តិ​​ទី​​៦​ មក​​ត្រឹម​​១៦នាក់​​សម្រាប់​​ការ​​បោះ​​ឆ្នោត​​​ជ្រើស​​តាំង​​តំណាង​​រាស្ត្រ​​នីតិ​​កាល​​ទី​​៧​​​នេះ​ ឬ​​ពី​​២១​% មក​​១៣​%។​

​ក្នុង​​ចំណោម​​តំណាង​រាស្រ្ត​ជាប់​​ឆ្នោត​​ទាំង១២៥រូប​ គឺ​មាន​​១២០រូប​មក​ពី​គណបក្ស​​​ប្រ​​ជា​ជន​​កម្ពុជា​ ដែល​កំពុង​កាន់អំណាច​និង៥រូប​ទៀត​​មក​ពី​គណបក្ស​រាជា​និយម​ ហ៊្វុន​​​ស៊ិន​ប៉ិច​ ដូចដែល​លទ្ធផល​បឋម​បាន​បង្ហាញ​។​ បើ​ប្រៀបធៀប​ទៅ​នឹង​បញ្ជី​ឈ្មោះ​​បេក្ខជន​មុន​ការបោះឆ្នោត​ មានការ​ផ្លាស់​ប្តូរ​តែ​​មួយ​រូប​​​ប៉ុណ្ណោះ​ គឺ​​លោក​ យឹម​ លាត​ អាយុ​​៣៦​​ឆ្នាំ​​​បេក្ខជន​លេខរៀង​ទី​​៤​ មក​ពី​​គណបក្សប្រជាជន​កម្ពុជា​សម្រាប់​​មណ្ឌល​​ខេត្តកំពង់ធំ​​ ដែល​​ត្រូវ​បាន​ប្តូរ​​ចេញ​ ដោយ​អនុញ្ញាត​ឱ្យ​បេក្ខជន​លេខរៀង​ទី​​៦​ គឺ​​លោក​ នង​ វាសនា​ ទទួល​បាន​អាសនៈ​វិញ​​។​

លោក​ យឹម​ លាត​ ដែល​​ត្រូវ​​ជា​​កូន​​ប្រុស​​របស់​​លោក​​ឧបនាយក​រដ្ឋមន្ត្រី​ យឹម​ ឆៃ​លី​ ត្រូវ​​បាន​​តែងតាំង​​ជា​​អគ្គ​​ទេសាភិបាល​​រង​​ធនាគារជាតិ​​ជំនួស​​វិញ​​។​

បើ​​តាម​​បញ្ជី​ឈ្មោះ​របស់​ គ​.ជ​.ប​ ដែល​​រៀប​​ចំ​​តាមលំដាប់​អាយុ​​ពី​ខ្ពស់​​មក​​ទាប​​​បង្ហាញ​​​ថា​ លោក​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​អាណត្តិ​មុន​មាន​​អាយុ​​ច្រើន​​ជាង​​​គេ​​គឺ​​​​៨៩ឆ្នាំ​​ ចំណែក​​លោក​ ញឿន​ រ៉ា​ដែន​ អាយុ៣៧ឆ្នាំ​ មក​ពី​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ស្ថិត​​នៅ​​លេខរៀង​​ទី​​១២៥​។​

តំណាង​រាស្រ្ត​ជាប់ឆ្នោត​ទាំង​ប្រាំ​រូប​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ មាន​​វ័យ​​ស្រ​​បាល​​​​ៗ​​​​គ្នា​​​ រួម​ទាំង​សមាជិក​វ័យក្មេង​បំផុត​ពីរ​រូប​ក្នុង​រដ្ឋសភា​គឺ​លោក​​ នាង​ ចាន់​ណា​ក់​ អាយុ៣៩ឆ្នាំ​ និង​លោក​​ ញឿន​​ រ៉ា​ដែន​ អាយុ៣៧ឆ្នាំ​។​

សូម្បីតែ​ព្រះ​​អង្គ​ម្ចាស់​​ នរោត្តម​ ចក្រាវុធ​ ព្រះជន្ម​​៥៣ព្រះវស្សា​ ជា​​តំណាង​រាស្រ្ត​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ដែល​មាន​វ័យ​ចំណាស់​ជាង​​គេ​នោះ​​ ក៏​ស្ថិតនៅ​​លេខ​​រៀង​​ទី​​១០០​ ក្នុងចំណោម​សមាជិក​​សភា​​ទាំង​​១២៥រូប​ ពោល​គឺ​តំណាង​រាស្រ្ត​គ​ណ​បក្ស​ប្រ​​ជា​ជន​កម្ពុជា​ចំនួន៩៩នាក់​ដែល​​មាន​វ័យ​​ចាស់​ជាង​ព្រះអង្គ​​។​

ទោះ​​បី​​ជា​​យ៉ាង​​ណា​​ក៏​​ដោយ​ គ្មាន​​សមាជិក​​សភា​​គណបក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​​ណា​​ម្នាក់​​ក្នុង​​ចំណោម​​តំណាង​​រាស្ត្រ​​ជាប់​​ឆ្នោត​​ទាំង​​៥​​ គឺ​​ជា​​​ស្ត្រី​នោះ​ទេ​​។​

មូលដ្ឋាន​​ទិន្នន័យ​ Kamnotra បាន​​ចងក្រង​​បញ្ជី​​ឈ្មោះ​​តំណាង​រាស្រ្ត​​ជាប់​​ឆ្នោត​​ទាំង​​​ស្រុង​​នៅ​​ទីនេះ​ ដែល​​កំពុង​​ត្រូវ​​បាន​​ធ្វើ​​បច្ចុប្បន្នភាព​​ជាមួយ​​នឹង​​ប្រវត្តិ​​រូប​​សង្ខេប​​និង​​រូបថត​។​

ផ្លាស់​ប្តូរ​​

  • លោក​ យឹម​ លាត​ អាយុ៣៦ឆ្នាំ​ ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ទេសាភិបាល​រង​ធ​នា​​គារ​ជាតិ​ ដោយ​អនុញ្ញាត​ឱ្យ​លោក​ នង​ វាសនា​ អាយុ៤១ឆ្នាំ​ បេក្ខជន​លេខរៀង​​ទី៦​ របស់​គ​ណ​បក្ស​ប្រ​​ជា​ជន​កម្ពុជា​ សម្រាប់​មណ្ឌល​​ខេត្តកំពង់ធំ​​ចូល​​មករ​ដ្ឋ​សភា​ជំនួស​លោក​វិញ​​​។​

សមាជិកសភា​​មក​ពី​គណបក្ស​​ហ៊្វុន​​ស៊ិន​ប៉ិច​

  • លោក​ គង់​ បណ្តូល​​ អាយុ៤៧ឆ្នាំ​ ខេត្ត​​កណ្តាល​​
  • លោក​ នាង​ ចាន់​ណា​ក់​ អាយុ៣៩ឆ្នាំ​ ខេត្ត​​កំពង់ធំ​​
  • លោក​ ញឿន​ រ៉ា​ដែន​​ អាយុ​​៣៧​​ឆ្នាំ​​ ខេត្ត​​កំពង់​​ចាម​​
  • ព្រះអង្គ​ម្ចាស់​​នរោត្តម​​ ចក្រាវុធ​​ ព្រះជន្ម​​៥៣​​ព្រះវស្សា​​ រាជធានី​​ភ្នំពេញ​​ (ប្រធាន​​គណបក្ស​)
  • លោក​ ភឹម​ រ៉ុង​​ អាយុ​​៥២​​ឆ្នាំ​ ខេត្ត​​ព្រៃវែង​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​