ប្រជាពលរដ្ឋ​នៅ​តំបន់​ឧទ្យាន​អង្គរ​ដេញ​មន្រ្តី​អាជ្ញាធរ​អប្សរា​ដែល​រុះរើ​តង់​របស់​ពួកគាត់​

ប្រជា​​ពលរដ្ឋ​នៅ​តំបន់​ឧទ្យាន​​អង្គរ​ជិះ​ម៉ូតូ​ដេញ​​​​មន្រ្តី​អាជ្ញាធរ​អប្សរា​ដែល​ព្យា​​យាម​​​រុះ​​រើ​​តង់​​របស់​ពួកគាត់​ចេញ​​​ នេះ​បើ​​តាម​វីដេអូ​ឃ្លី​ពប​ចំនួន​​ពីរ​ ដែលគេ​​បង្ហោះ​តាម​បណ្តាញ​សង្គម​ ចំ​ពេល​​មាន​​ “​ការ​បណ្តេញ​ចេញ​ដោយបង្ខំ​ទ្រង់ទ្រាយ​​ធំ​” នៅក្នុង​​តំបន់​ដែល​​ចុះបញ្ជី​ដោយ​អង្គការ​យូ​ណេ​ស្តូ​។​

វីដេអូ​ឃ្លី​ប​​ដែល​មាន​រយៈពេល​ពីរ​នាទី​ ដែល​​គេ​​ចែក​​រំលែក​​នៅ​លើ​​ទំព័រ​សារព័ត៌មាន​​ហ្វេ​សប៊ុ​ក​​ក្នុង​ស្រុក​ ឈ្មោះ​ ហង្ស​តូច​ គេ​ឃើញ​​បុរស​ម្នាក់​ជិះ​ម៉ូតូ​តាមផ្លូវ​លំ​រួម​​ជាមួយនឹង​​ម៉ូតូ​អ្នកភូមិ​រាប់​សិប​​គ្រឿង​​ផ្សេងទៀត​ ដោយ​រៀបរាប់​​ថា​ ប្រជា​ពល​​រដ្ឋ​ខឹង​សម្បារ​​នឹង​​មន្រ្តី​អាជ្ញាធរ​អប្សរា​។​
បុរស​នៅក្នុង​​វីដេអូ​នេះ​និយាយ​ថា​ មន្រ្តី​អាជ្ញាធរ​អប្សរា​បាន​មកដល់​​ភូមិ​ ដែល​ជា​តំបន់ចុះ​បញ្ជី​​ដោយ​អង្គការ​​យូ​ណេ​ស្តូ​ ហើយ​​រុះរើ​តង់​ ដែល​ប្រជាពលរដ្ឋ​បាំង​ការ​​ពារ​ទឹក​លិច​ក្នុង​រដូវវស្សា​​។​​ លោក​និយាយ​ថា​ បន្ទាប់មក​ ​ប្រជាពលរដ្ឋ​បាន​​ប្រមូល​​ផ្តុំគ្នា​​និង​ដេញ​មន្រ្តី​ទាំងនោះ​ចេញ​​។​​ ទំព័រ​សារព័ត៌មាន​ហ្វេ​សប៊ុ​ក​​ក្នុង​ស្រុក​ ហង្ស​​តូច​ដដែល​បាន​អះអាង​​ថា​ ករណីនេះ​កើតឡើង​នៅ​ថ្ងៃទី​​៨​ ខែសីហា​នេះ​ ក្នុង​ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​។​

នៅ​​ក្នុង​​វីដេអូ​ឃ្លី​ប​​មួយ​​ផ្សេងទៀត​ដែល​​គេ​ចែក​​រំលែក​​តាម​​បណ្តាញ​សង្គម​ គេ​ឃើញ​មាន​​ប្រជា​​ពលរដ្ឋ​ប្រហែល​​មួយ​​រយ​នាក់​បាន​ប្រមូល​​ផ្តុំគ្នា​​​។​

ស្ត្រី​​ដែល​​បាន​​​ថត​​វីដេអូ​​​មាន​​រយៈ​​ពេល​​ប្រហែល​​១៣នាទី​​បាន​និយាយ​ក្នុង​វីដេអូ​នោះ​ថា​ មន្រ្តី​អាជ្ញាធរ​អប្សរា​​មក​រុះរើ​តង់​គ្រប​ពីលើ​​តូប​​លក់​​ដូរ​របស់​ពួកគាត់​​។​ ស្ត្រី​រូប​នោះ​​និយាយ​ថា​ អ្នក​​ភូមិ​​មានការ​ខឹង​សម្បារ​​ ហើយ​​នាំគ្នា​​ជិះ​​ម៉ូតូ​​ដេញ​មន្រ្តី​ទាំងនោះ​ចេញ​​ពី​ភូមិ​​។​​

ប្រជា​​ពលរដ្ឋ​ប្រហែល​ ១០​​.០០០គ្រួសារ​ ដែល​រស់នៅ​ជុំវិញ​​តំបន់​ឧទ្យាន​អង្គរ​​បាន​​ក្លាយ​​ជាគោល​ដៅ​ក្នុង​ការ​បណ្តេញ​ចេញ​ទៅកាន់​ទី​តាំង​ថ្មី​​ ហើយ​​មានការ​រឹតត្បិត​​ក្នុង​​ការ​កែ​លម្អ​​រ​រចនាសម្ព័ន្ធ​ដែល​មានស្រាប់​។​ អង្គការលើ​ក​​លែង​​ទោស​​អន្តរជាតិ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​បណ្តេញ​ចេញ​ ដែល​រដ្ឋាភិបាល​ហៅថា​ ជា​​ការ​​ចាកចេញ​​ដោយ​​ស្ម័គ្រចិត្ត​​។​

លោកស្រី​ Ming Yu Han បាន​​លើក​​ឡើង​​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​​នា​ពេល​ថ្មី​ៗ​នេះ​ថា​ “នេះ​គឺ​​ជា​​ការ​បណ្តេញ​ចេញ​ដោយ​​បង្ខំ​យ៉ាង​ពិតប្រាកដ​​និង​ធ្វើ​​ឡើង​​ជា​​ទ្រង់​​ទ្រាយ​​ធំ​។​ ប្រជាពលរដ្ឋ​​រង​​សម្ពាធ​ឲ្យ​ស្ម័គ្រចិត្ត​និង​ធ្វើ​​ឲ្យ​​មាន​​អារម្មណ៍​​ភ័យខ្លាច​ការ​​សងសឹក​​ ប្រសិនបើ​ពួកគេ​បដិសេធ​មិនព្រម​ចាកចេញ​ ឬ​ជំទាស់​នឹង​​ការ​បណ្តេញ​​ចេញ​”។​​

ជម្លោះ​​ជុំវិញ​​ឧទ្យាន​​អង្គរ​​ស្ថិត​​ក្នុង​​ចំណោម​​វិវាទ​​ដីធ្លី​​ជាង១២០ករណី​ ដែល​​ត្រូវ​​បាន​​តាម​​ដាន​​ដោយ​Kamnotra៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​