ឧកញ៉ា​ដែល​មាន​​​ទំនាក់ទំនង​​​ជាមួយ​​គ្រួសារ​​​លោក​​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ទទួល​​បាន​​ដី​បឹង​តា​មោក​

ផ្ទៃដី​បឹង​តា​មោក​ (បឹង​កប់​ស្រូវ​) ចំនួន​ ០៣ទីតាំង​ ដែល​មាន​​​ទំហំ​ជាង​ ១៣ហិ​ក​តា​ ​ស្ថិត​ក្នុង​សង្កាត់​​គោករកា​ និង​សង្កាត់​ពន្សាំង​ ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាត់​ជូន​​ឧកញ៉ា​​ ឡាញ់​ ភា​រ៉ា​ ដែល​​មាន​​ទំនាក់ទំនង​​ជិត​​ស្និទ្ធ​​ជាមួយ​​ប្អូន​​ស្រី​​របស់​​លោក​​ធ្វើ​​ជា​កម្មសិទ្ធិ​ស្របច្បាប់​។​

យោង​តាម​អនុក្រឹត្យ​លេខ០២​ អន​ក្រ​.បក​ ចុះ​ថ្ងែ​ទី០៤​ ខែមករា​ ឆ្នាំ២០២៣​ ស្ដីពី​ ការ​កែសម្រួល​ផ្ទៃដី​បឹង​តា​មោក​ (បឹង​កប់​ស្រូវ​) ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ (រាជកិច្ច​លេខ០១​ ទំព័រ២១​) លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បានសម្រេច​កាត់​ផ្ទៃដី​​ចំនួន​ ០៣ទីតាំង​ ដែល​មាន​ទំហំ​សរុប​ចំនួន​ ១៣៣​​.៧២៩​ ម៉ែត្រការ៉េ​ ស្ថិត​ក្នុង​​សង្កាត់​​​គោករកា​ និង​សង្កាត់​​ពន្សាំង​ ខណ្ឌ​ព្រែកព្នៅ​ រាជ​​ធានី​ភ្នំពេញ​ ជា​សម្បត្តិ​សាធារណៈ​​​របស់​រដ្ឋ​ ដើម្បី​ធ្វើ​អនុប្រយោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ទៅជា​ទ្រព្យសម្បត្តិ​​​ឯកជន​របស់​​រដ្ឋ​ ហើយ​បាន​ធ្វើ​ប្រទានកម្ម​ដី​នោះ​ទៅជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​ ឡាញ់​ ភា​រ៉ា​​​។​

លោក​​ឧកញ៉ា​ ឡាញ់​​ ភា​រ៉ា​ ​មាន​​ទំនាក់ទំនង​ជិតស្និទ្ធ​​ជាមួយ​​លោកស្រី​ ហ៊ុន​ សេង​នី​ ដែល​​ជា​​ប្អូនស្រី​របស់​​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​​។​ លោកស្រី​ ហ៊ុន​ សេង​នី​ គឺជា​​អតីត​​នាយក​​ក្រុម​​ហ៊ុន​ Ny Ra Ouyang Mining ដែល​​គ្រប់គ្រង​​ដោយ​​លោក​ឧកញ៉ា​​ ឡាញ់​ ភា​រ៉ា​​។​ សារព័ត៌មាន​​ ឌឹ​ ខេម​បូ​ឌា​ ដេលី​ បាន​​អះ​​អាង​​ថា​ លោក​ឧកញ៉ា​ ឡាញ់​ ភា​រ៉ា​ គឺជា​​ស្វាមី​​របស់​​លោកស្រី​ ហ៊ុន​ សេង​នី​។​​ កាលពី​ខែធ្នូ​​ ឆ្នាំ​​២០២១​ អ្នក​​ទាំងពីរ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ផ្តល់​ដី​​៧ទីតាំងនៅ​តំបន់​​បឹង​​តា​មោក​​ដែល​​មាន​​ទំហំ​​សរុប​ ២០៩​.៥​​៣៦​​​ម៉ែត្រក្រឡា​​។​​

លោក​ ឡាញ់​ ភា​រ៉ា​ ធ្លា​ប់​ជាប់ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​​កាលពី​ឆ្នាំ​​២០១៩​ ​ជាមួយ​​ប្រជាពលរដ្ឋ​ ​៧៧គ្រួសារ​ នៅ​​ឃុំ​បិតត្រាំង​​ ស្រុក​​ព្រៃនប់​ ​ក្នុង​​ខេត្ត​​ព្រះសីហនុ​​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​