លោកស្រី​ ជា​​ សិរី​ ក្លាយ​​ជា​​អគ្គ​ទេ​សា​ភិ​​បា​​ល​​​​ធ​នា​​គារ​​​ជាតិ​​ ខណៈ​​​កូនប្រុស​លោក​​ឧប​ក​​នាយក​​រដ្ឋ​​មន្ត្រី​​ យឹម​ ឆៃ​លី​ ក្លាយ​​ជា​​អគ្គ​ទេ​​សា​ភិបាល​រង​​

លោក​​ស្រី​ ជា​ សិរី​ នឹង​​ត្រូវ​​ដឹកនាំ​​ធនាគារជាតិនៃកម្ពុជា​​ ជំនួស​​ឪពុក​​របស់​​លោក​ ស្រី​ គឺ​លោក​ ជា​​ ចាន់​តូ​ ដែល​​ទំនង​​​​ក្លាយ​​ជា​​សមាជិក​​រដ្ឋ​​សភា​​​ឆាប់​​ៗ​​នេះ​​ នេះ​​បើ​​ យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ ដែល​​ត្រូវ​បាន​​ផ្សព្វផ្សាយ​​កាល​​ពី​ចុង​សប្តាហ៍​​មុន​។​​

យោង​​តាម​​ព្រះ​​រាជក្រឹត្យ​​ចុះ​កាលបរិច្ឆេទ​​ថ្ងៃទី​​​២៩​ ខែកក្កដា​​និង​​ត្រូវ​​បាន​​ផ្សព្វ​​ផ្សា​ យ​​ដោយ​​បណ្តាញ​​ព័ត៌មាន​​គាំទ្រ​​រដ្ឋាភិបាល​ Fresh News កាលពី​ថ្ងៃទី​​៣០​​ ខែ​​ ក​ក្ក​​ដា​​បាន​​បង្ហាញ​​ថា​ លោកស្រី​ ជា​ សិរី​ ត្រូវ​​បាន​​តែង​​តាំង​ជា​​អគ្គ​ទេសាភិបាល​​ថ្មី​ នៃ​ធនាគារជាតិ​​នៃ​កម្ពុជា​​ ដែល​​ទទួល​​ខុស​​ត្រូវ​​ក្នុង​​ការ​​រៀប​​ចំ​​គោលនយោបាយ​រូបិយវត្ថុ​​នៅ​​​ប្រទេស​កម្ពុជា​​។​​​

ការ​​តែង​​តាំង​​នេះ​​ ធ្វើ​​ឡើង​​តែ​​ប៉ុន្មាន​​ខែ​​ បន្ទាប់ពី​​លោក​​ស្រី​​ត្រូវ​​បាន​​តែង​​តាំង​​ជា​ ​អគ្គ​ទេសាភិបាល​​រង​​នៃ​ធនាគារជាតិ​​កាលពី​ខែមីនា​​។​

លោកស្រី​​នឹង​​ស្នង​​តំណែង​​ពី​​ឪពុក​​ គឺ​លោក​ ជា​ ចាន់​តូ​ ដែល​​បាន​​ចូល​​រួម​​ប្រកួត​ ​ប្រជែង​​នៅក្នុង​​ការ​​បោះឆ្នោត​​នា​ពេល​​ថ្មី​ៗ​នេះ​និង​​ឈ្នះ​​អាសនៈ​​សម្រាប់​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​នៅ​មណ្ឌល​​ខេត្ត​​កំពង់ធំ​។​​

ចំណែក​​លោក​ យឹម​ លាត​ ជា​​កូន​​ប្រុស​​របស់​លោក​​ឧប​ក​នាយ​​ក​​រដ្ឋ​​មន្ត្រី​​ យឹម​ ឆៃ​លី​​ ក៏​​ត្រូវ​​បាន​​តែងតាំង​​ជា​​អគ្គ​ទេសាភិបាល​​រង​​នៃ​ធនាគារជាតិ​​ផង​ដែរ​ នេះ​បើ​ យោង​​តាម​​ព្រះ​​រាជក្រឹត្យ​​ដាច់ដោយឡែក​មួយ​​ទៀត​​​ចុះ​កាលបរិច្ឆេទ​​ថ្ងៃទី​​២៩​

ខែ​​ក​ក្ក​​ដា​​ ឆ្នាំ​​២០២៣​។​​

លោក​ យឹម​ លាត​ ក៏​ទំនងជា​​ត្រូវ​​ចូល​​រដ្ឋសភា​​ប៉ុន្មាន​​សប្តាហ៍​​ខាងមុខ​​នេះ​​ផង​ដែរ​​

បន្ទាប់ពី​​ឈ្នះ​អាសនៈ​​សភា​​នៅក្នុង​​ការ​​បោះឆ្នោត​ជាតិ​​​ខែកក្កដា​​សម្រាប់​មណ្ឌល​​ខេត្ត​​កំពង់​​ធំ​​។​ ឪពុក​​របស់​​លោក​​ក៏​​ទទួល​​បាន​​អាសនៈ​សម្រាប់​​មណ្ឌល​​ខេត្ត​​កំ​ ពង់​​ចាម​​ផង​ដែរ​។​

មន្ត្រី​ពីរ​​រូប​​ផ្សេងទៀត​​ត្រូវ​​បាន​​តែង​​តាំង​​ជា​​អគ្គ​ទេសាភិបាល​​រង​​នៃ​ធនាគារ​​ជាតិ​​ផង​ដែរ​​ គឺ​​លោក​ រ័ត្ន​​ សុវណ្ណ​នរៈ​ ដែល​​បច្ចុប្បន្ន​​ជា​​អគ្គនាយក​​ត្រួត​​ពិនិត្យ​​ និង​​លោក​ ស្រី​​ សាយ​​ សំអាត​ បច្ចុប្បន្ន​​ជា​​ប្រធាន​​អង្គភាព​​ស៊ើបការណ៍​​ហិរញ្ញវត្ថុ​​កម្ពុជា​​។​

នៅ​ក្នុ​ង​​ព្រះរាជ​​ក្រឹត្យ​​ដាច់ដោយឡែក​​មួយ​​ទៀត​​ចុះ​កាលបរិច្ឆេទ​​ថ្ងៃទី​​២៩​ ខែ​​ក​ក្ក​​ដា​បាន​​ឲ្យ​​ដឹង​ថា​ មន្ត្រី​​បួន​​រូប​​ទៀត​​ត្រូវ​​បាន​​តែង​​តាំង​​តួនាទី​​ថ្មី​​នៅក្នុង​ធ​នា​ គារ​​ជាតិ​​នៃ​​កម្ពុជា​​ផង​ដែរ​​ក្នុង​​នោះ​មាន​​លោក​ អ៊ូ​ ចាន់​តារា​ នឹង​ក្លាយ​​ជា​​អគ្គ​បេឡា​ លោក​ គី​មទី​​ កោ​មលី​ នឹង​ក្លាយជា​​អគ្គនាយក​​បច្ចេកទេស​​​ លោក​ គ្រុយ​ វាសនា​ នឹង​ក្លាយ​​ជា​​អគ្គលេខាធិការ​​ និង​​លោក​ គិត​ សុ​វណ្ណា​រិទ្ធ​​ នឹង​ក្លាយ​​ជា​​អគ្គ​​នាយក​ ​ត្រួត​​ពិនិត្យ​​។​​ តំណែង​​របស់​​លោក​​ទាំង​​បួន​​មាន​​ឋានៈ​​ស្មើ​​រដ្ឋ​​លេខាធិការ​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​