បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមទៅ ទ្រព្យសម្បត្តិឯកជនត្រូវបានទទួលស្គាល់សារជាថ្មីម្តងទៀតដោយចាប់ផ្តើមនៅឆ្នាំ ១៩៨៩។ ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតច្បាប់ភូមិបាលដ៏យូរអង្វែង និងទូលំទូលាយមួយមិនត្រូវបានធ្វើឡើងនោះទេអស់រយៈពេលជាច្រើនសតវត្ស ក្រោមឥទ្ធិពលយ៉ាងខ្លាំងពីធនាគារពិភពលោក។ លទ្ធផលនៃដំណើរការដ៏ចម្រូងចម្រាសនោះបានបង្កើតចេញជាច្បាប់ភូមិបាល ឆ្នាំ ២០០១ ដែលនៅតែជាមូលដ្ឋានច្បាប់សម្រាប់កម្មសិទ្ធិដីធ្លីរបស់កម្ពុជារហូតមកដល់សព្វថ្ងៃនេះ។
ទាំងនេះគឺជាចំណុចដ៏សំខាន់ចំនួន ៣ ដែលត្រូវដឹងអំពីច្បាប់ភូមិបាល៖
ទី១ ច្បាប់នេះបានចែកដីចេញជាចំណាត់ថ្នាក់ចំនួន ៥ ដែលក្នុងនោះរួមមាន ដីឯកជន ដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីរបស់វត្ត និងដីរបស់សហគមន៍ជនជាតិដើមភាគតិច។
ភាពចម្រូងចម្រាសជុំវិញបញ្ហាដីធ្លីភាគច្រើនកើតឡើងចេញពីចំណាត់ថ្នាក់ដែលតំបន់មួយត្រូវបានកំណត់ និងថាតើរដ្ឋាភិបាលនឹងផ្លាស់ប្តូរចំណាត់ថ្នាក់របស់ដីនេះដែរ ឬយ៉ាងណា។ ជាឧទាហរណ៍ មន្ត្រីអាចធ្វើការសម្រេចថាដីសាធារណៈរបស់រដ្ឋដូចជាបឹង ធនធានធម្មជាតិ និងតំបន់ព្រៃឈើជាដើមនោះគឺជាដីឯកជនរបស់រដ្ឋ នៅពេលដែលវាបានបាត់បង់ផលប្រយោជន៍សាធារណៈរបស់ខ្លួន។
ស្របពេលដែលសហគមន៍បានអះអាងថា បឹង ឆ្នេរសមុទ្រ និងសូម្បីតែព្រៃឈើដែលសឹករិចរិលជាកម្មសិទ្ធិឯកជន ឬការអភិវឌ្ឍន៍នៅតែរក្សាតម្លៃផលប្រយោជន៍សាធារណៈ រដ្ឋអាចប្រកាសដីធ្លីជាឯកជនដោយមិនចាំបាច់រៀបចំវេទិកាសាធារណៈឡើយ។ ដរាបណាវាជាដីឯកជនរបស់រដ្ឋ វាអាចផ្ដល់ជាអត្ថប្រយោជន៍ដល់បុគ្គល ឬអង្គភាព ដោយគ្មានដំណើរការច្បាស់លាស់ ឬតម្លាភាពអ្វីឡើយ។
ករណីនេះបានអនុញ្ញាតឱ្យមានការជំរុញការធ្វើឯកជនភាវូបនីយកម្មដីធ្លីដ៏ធំរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានបណ្ដេញមនុស្សរាប់ពាន់នាក់ រួមទាំងនៅទូទាំងតំបន់បឹងដែលបាត់រូបរាងយ៉ាងឆាប់រហ័សក្នុងរាជធានីភ្នំពេញ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ។
ទី២ ច្បាប់បានបញ្ជាក់ពីសិទ្ធិសម្រាប់ប្រជាជនដែលបានរស់នៅ «ដោយសន្តិវិធី» និងក្នុងរយៈពេលប្រាំឆ្នាំមុនពេលច្បាប់អនុម័តដើម្បីស្នើសុំប័ណ្ណកម្មសិទ្ធិ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋខ្មែរដែលបានរស់នៅទីតាំងណាមួយតាំងពីឆ្នាំ ១៩៩៦ មក គឺជាកម្មសិទ្ធិស្របច្បាប់នៃដីនោះ។
ទោះជាយ៉ាងណា ការកំណត់ខាងលើនេះហាក់មានការគោរពតិចតួច និងអនុវត្តមិនបានល្អនោះទេ។ ប្រជាពលរដ្ឋទូទាំងប្រទេស រាប់ចាប់ពីតំបន់ឧទ្យានអង្គរ ដែលចុះក្នុងបញ្ជីក្នុងអង្គការយូណេស្កូ រហូតដល់តំបន់ដីសើម បឹងឈូក ក្នុងរាជធានីភ្នំពេញ និងតំបន់ជិតមូលដ្ឋានទ័ពអាកាសក្នុងខេត្តកំពង់ឆ្នាំង កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឬរដ្ឋាភិបាល បើទោះបីជាមានការអះអាងពីកម្មសិទ្ធិរបស់ពួកគេគិតចាប់ពីឆ្នាំ ១៩៩០ ឬ ១៩៨០ ក៏ដោយ។
បើទោះបីជាប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិដីធ្លី ឬឯកសារផ្សេងទៀតដែលបញ្ជាក់ថាពួកគេធ្លាប់រស់នៅតាំងពីឆ្នាំ ១៩៩៦ ក៏ដោយ ក៏ពួកគេនៅតែប្រឈមមុខនឹងការបណ្តេញចេញ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដូចទៅនឹងករណីក្រុមគ្រួសារដែលរស់នៅក្បែរតំបន់អភិវឌ្ឍន៍ថ្មីក្នុងសង្កាត់បឹងទំពុន ១ រាជធានីភ្នំពេញ។
នៅក្នុងខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋចំនួន ៦៧ គ្រួសារបានជាប់ពាក់ព័ន្ធក្នុងជម្លោះដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនចំនួន ២ គិតចាប់តាំងពីឆ្នាំ ២០០៦ ដោយពូកគេអះអាងថា ពួកគេបានបរាជ័យអស់ជារយៈពេលជាច្រើនឆ្នាំមកហើយក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីសម្រាប់កាន់កាប់តាំងពីឆ្នាំ ១៩៨៥ ៕
សូមមើលនៅទីនេះសម្រាប់ការពន្យល់បន្ថែមទាក់ទងនឹងប័ណ្ណកម្មសិទ្ធិដីធ្លី
ទី៣ ច្បាប់នេះបានបង្កើតច្បាប់សម្រាប់ «សម្បទានដីសេដ្ឋកិច្ច» ដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ដីសម្បទានសេដ្ឋកិច្ច គឺជាដីដែលរដ្ឋាភិបាលជួលទៅឱ្យក្រុមហ៊ុន ឬបុគ្គលដើម្បីធ្វើការឈូសឆាយ និងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម សម្រាប់រយៈពេលអតិបរមា ៩៩ ឆ្នាំ។ សម្បទានដីសេដ្ឋកិច្ចត្រូវបានបង្កើតឡើងដំបូងដើម្បីជួលដីដែលរដ្ឋាភិបាលមិនមានធនធានក្នុងការថែរក្សា ដោយផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនបរទេសមានលទ្ធភាពអភិវឌ្ឍចម្ការ ឬការអភិវឌ្ឍន៍ទេសចរណ៍ ផ្តល់ឱ្យពួកគេបង្កើតផែនការអភិវឌ្ឍន៍ និងបង់ពន្ធបន្ទាប់ពីរយៈពេលចាប់ផ្តើមដំបូង។
ច្បាប់ចែងថា សម្បទានដីសេដ្ឋកិច្ច មិនអាចមានទំហំលើសពី ១០ ០០០ ហិកតា ឡើយ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ឧកញ៉ា ឬក្រុមហ៊ុនបានបង្កើតបណ្ដាញ ឬពឹងផ្អែកលើដៃគូអាជីវកម្ម ឬសាច់ញាតិដើម្បីទទួលបានដីសម្បទានដែលលើសពីដែនកំណត់ដោយច្បាប់។
ដីសម្បទានមួយចំនួនដែលបានកើតឡើងមុនពេលមានច្បាប់មានដូចជាផ្ទៃដីទំហំ ៣១៥ ០០០ ហិកតារបស់ក្រុមហ៊ុនភាពីម៉ិច ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ដែលនៅតែរក្សាបានទំហំដីដដែល បើទោះបីជាមានការតវ៉ាទ្រង់ទ្រាយធំ និងចលាចលក្នុងចំណោមសហគមន៍ដែលរស់នៅទីនោះក៏ដោយ។
ក្នុងឧទាហរណ៍មួយផ្សេងទៀត រដ្ឋាភិបាលបានជួលដីឱ្យក្រុមហ៊ុន យូញៀន ឌីវីឡុបមិន គ្រុប (UDG) ទំហំ ៣៦ ០០០ ហិកតានៅក្នុងខេត្តកោះកុង ដោយអះអាងថាការជួលនេះគឺខុសពីសម្បទានដីសេដ្ឋកិច្ច ។ ក្រោយមក រតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុនមួយនេះ សម្រាប់សកម្មភាពរបស់ខ្លួនទាក់ទងនឹងដីសម្បទាន ដោយចោទប្រកាន់ថាវាជាអង្គភាពគ្រប់គ្រងដោយរដ្ឋរបស់ចិន ដែលបានធ្វើសកម្មភាពតាមរយៈនាយឧត្ដមសេនីយ៍ គន់ គីម ដើម្បីបំភិតបំភ័យអ្នកភូមិ ដុតផ្ទះ និងឈូសឆាយដី៕