ក្រុមគ្រួសាររបស់ឧញ៉ា ថោង សារ៉ាត់ ដែលធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសជាមួយអង្គរក្សរបស់ខ្លួនដាក់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ២០១៩នោះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ និងបានចេញផ្សាយនៅលើគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិតូបនីយកម្មជាចង្កោមគ្រួសារដល់គ្រួសាររបស់លោក យឿង ថេគឿង ជនជាតិវៀតណាម ដោយប្តូរឈ្មោះមកជា ថោង ចំរើន និងលោកស្រី ចិន ធីឡុក ជនជាតិវៀតណាម ត្រូវជាប្រពន្ធដោយប្តូរឈ្មោះជា កែវ សារី។ អ្នកទាំង២ គឺជាឪពុកម្តាយរបស់លោកឧកញ៉ា ថោង សារ៉ាត់។
លោកឧកញ៉ា ថោង សារ៉ាត់ និងមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត ពីបទឃាតកម្មគិតទុកជាមុនកាលពីខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅខណ្ឌចំការមន រាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៤។យោងតាមអត្ថបទដដែលនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចដោះលែងជនជាប់ចោទ ៤នាក់ដោយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្នុងនោះមានឈ្មោះ ថោង សារ៉ាត់ កួយ ចាន់ថុល មាស សម្បត្តិ និងឃុន ចិត្រា ជាបណ្តោះអាសន្ន។ តែបន្តឃុំខ្លួនជនជាប់ចោទឈ្មោះ សៀង វាសនា នៅក្នុងពន្ធនាគារដដែល។ នៅខែកុម្ភៈ ឆ្នាំ២០២២ តុលាការកំពូលបានសម្រេចទម្លាក់បទចោទលើអ្នកទាំង៤៕
យឿង ថេគឿង
ដូរឈ្មោះ ថោង ចំរើន
- ផ្តល់សញ្ជាតិ
- កាលបរិច្ឆេទ៖ ០១,០៧,២០២២
- សញ្ជាតិ: វៀតណាម
- ប្រភេទឯកសារ: ព្រះរាជក្រឹត្យ
ចិន ធីឡុក
ដូរឈ្មោះ កែវ សារី
- ផ្តល់សញ្ជាតិ
- កាលបរិច្ឆទ៖ ០១,០៧,២០២២
- សញ្ជាតិៈ វៀតណាម
- ប្រភេទឯកសារៈ ព្រះរាជក្រឹត្យ