មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​​ម្នាក់​ ​ត្រូវ​​​បាន​​តែង​​​តាំង​​​ជា​​ជំនួយការ​​​​​នាយក​​រដ្ឋមន្ត្រី​

មន្ត្រី​រដ្ឋាភិបាល​​ជាន់ខ្ពស់​ និង​ជា​អ្នក​​ជំនួញ​លើ​​វិស័យ​ច្រើន​​ប្រភេទ​ ​ត្រូវ​​បាន​​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​​តែងតាំង​ និង​ផ្តល់​ឋានៈ​ជា​​ជំនួយ​​ការ​​​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​​។​

យោង​តាម​​​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​​២៤​ ខែសីហា​ ឆ្នាំ​​​២០២២​ និង​​ចេញផ្សាយ​​នៅ​លើ​​គេហទំព័រ​របស់​​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃទី​​២៤​ ខែមេសា​ ឆ្នាំ​​២០២៣​ ព្រះមហាក្សត្រ​ បាន​​ត្រាស់​បង្គាប់​តែងតាំង​​ ​និង​​ផ្តល់​ឋានៈ​ដល់​​លោកស្រី​ ខា​ ឡេង​ ជា​​ជំនួយការ​របស់​​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​​ មាន​​ឋានៈ​ស្មើ​​អនុរដ្ឋ​លេខាធិការ​​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​​ ដោយ​​ពុំ​ទទួល​បាន​​ប្រាក់បំណាច់​មុខ​​ងារ​។​​

បច្ចុប្បន្ន​ លោកស្រី​ ខា​ ឡេង​ គឺជា​​រដ្ឋលេខាធិការ​​ក្រសួង​ពាណិជ្ជកម្ម​ និង​​ជា​​ប្រធាន​​ក្រុម​​ងារ​រាជរដ្ឋាភិបាល​​ចុះ​​មូលដ្ឋាន​​ឃុំ​សណ្តែក​ ​នៅ​​​ស្រុក​​បាធាយ​​ ខេត្ត​កំពង់​​ចាម​​។​​ 

ក្រៅពី​កាន់​តួនាទី​នៅ​​ក្នុង​ជួរ​​រដ្ឋាភិបាល​ លោកស្រី​ ខា​ ឡេង​​ ត្រូវ​បាន​​គេ​​ស្គាល់​ថា​ ជា​​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​បរិបូរណ៍​ ភី​អិ​ល​ស៊ី​ ដែល​បង្កើត​​ឡើង​​កាល​​ពីឆ្នាំ​​២០១១​។​ លោកស្រី​ក៏​ជា​​អគ្គ​នាយិកា​រង​ ក្រុមហ៊ុន​ អាល់ហ្វា​ ប្រ​ផឺ​ធី​ ខន​ស្ត្​រាក់​សិន​ គ្រុប​ ជា​​ក្រុមហ៊ុន​​មាន​​បទ​ពិសោធ​​ន៍​ច្រើន​​ខាង​ផ្នែក​​អចលនទ្រព្យ​​ និង​​សំណង់​​។​​

លោកស្រី​ ខា​ ឡេង​ គឺជា​​ភរិយា​របស់​​​ឧកញ៉ា​ លី​ ឃុន​ថៃ​ ដែល​​ជា​​ទីប្រឹក្សា​ផ្ទាល់​របស់​​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ផង​ដែរ​​។​ លោក​ឧកញ៉ា​ លី​ ឃុន​ថៃ​ គឺជា​​ប្រធាន​​ក្រុមហ៊ុន​ អាល់ហ្វា​ គ្រុប​ (ALPHA Group) ជា​​ប្រធាន​​ក្រុមប្រឹក្សា​ភិបាល​​នា​គារ​ពាណិជ្ជ​ អាល់ហ្វា​​ និង​ជា​​អនុប្រធាន​​សភា​ពាណិជ្ជកម្ម​កម្ពុជា​​ផង​ដែរ​៕​

លោកស្រី​ ខា​ ឡេង​

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​​

  • តែង​តាំងៈ​ ជា​​ជំនួយការ​របស់​​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន​
  • កា​លប​រិច្​ឆេ​ទៈ​ ថ្ងៃទី​​២៤​ ខែសីហា​ ឆ្នាំ​​​២០២២​
  • សញ្ជាតិ​: ខ្មែរ​​
  • ប្រភេទ​ឯកសារ​​: ព្រះរាជ​ក្រឹត្យ​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​