បច្ចុប្បន្ន ប្រភពព័ត៌មានឯករាជ្យមានតិចតួចណាស់ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ការបិទស្ថាប័នព័ត៌មានដោយបង្ខំ ការដាក់សម្ពាធលើសិទ្ធិ ពលរដ្ឋ និងការរីកសាយភាយនៃការផ្សព្វផ្សាយគ្រប់ទម្រង់បានធ្វើឱ្យទិន្នន័យដែលអាចទុកចិត្តបាន និងព័ត៌មានត្រឹមត្រូវមានកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
លើសពីនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានបញ្ចេញទិន្នន័យជាសាធារណៈ ដែលជារឿយៗមិនមានការជូនដំណឹងអ្វីច្រើននោះទេ ដែលករណីនេះអាចបង្កជាការលំបាកក្នុងការស្វែងរក និងសិក្សាស្វែងយល់ ហើយប្រជាពលរដ្ឋទៀតសោតក៏អាចនឹងកម្រទទួលបានព័ត៌មានទាំងនេះដោយទូលំទូលាយផងដែរ។
«កំណត់ត្រា» ផ្តល់នូវដំណោះស្រាយតូចមួយចំពោះបញ្ហាប្រឈមដែលកំពុងបន្តកើតឡើងទាំងនេះ។ មូលដ្ឋានទិន្នន័យ ដែលផលិតដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប្រមូលផ្ដុំទិន្នន័យសាធារណៈ ដើម្បីអាចចូលប្រើប្រាស់បាន ច្បាស់លាស់ និងអាចស្វែងរកបានទាំងភាសាខ្មែរ និងអង់គ្លេស ដោយផ្តល់នូវបរិបទ និងការវិភាគតាមដែលអាចអនុវត្តទៅបាន។
គោលដៅចម្បងគឺដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជា និងអន្តរជាតិទាំងឡាយទទួលបាននូវទិន្នន័យដែលពួកគេត្រូវការដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ស្វែងយល់ឱ្យបានលម្អិតពីកម្ពុជា និងអភិវឌ្ឍចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែស៊ីជម្រៅ ខណៈដែលវាជាជំនាញដែលនឹងកាន់តែមានសារៈសំខាន់នៅក្នុងបរិយាកាសព័ត៌មានដែលកាន់តែធ្លាក់ដុនដាបទៅៗ។
«កំណត់ត្រា» ចាប់ផ្តើមជាមួយនឹងមូលដ្ឋានទិន្នន័យសំខាន់ចំនួនពីរដែលរួមមាន រាជកិច្ច (Gazetteer) និង ដីធ្លី (In Dispute)។ រាជកិច្ច (Gazetteer) គឺជាឧបករណ៍មួយដែលដកស្រង់ឯកសារចេញពីសៀវភៅរាជកិច្ច ជាបណ្ដុំឯកសារមួយចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីដែលប្រមូលផ្តុំសេចក្តីសម្រេចសំខាន់ៗរបស់រដ្ឋាភិបាល។ ដីធ្លី (In Dispute) ប្រមូល និងវិភាគទិន្នន័យនអំពីវិវាទដីធ្លីទូទាំងប្រទេស។
គម្រោងនេះនឹងបន្តបង្កើតមូលដ្ឋានទិន្នន័យទាំងពីរនេះ ហើយបន្ថែមទិន្នន័យថ្មីដើម្បីបំពេញតម្រូវការសម្រាប់ការទទួលបានព័ត៌មាន។
យើងលើកទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងទូលំទូលាយនូវព័ត៌មានដែលមាននៅក្នុងមូលដ្ឋានទិន្នន័យនេះ ខណៈ «កំណត់ត្រា» ត្រូវបានដកស្រង់ចេញពីឯកសារដើមទាំងស្រុង។ រាល់រូបភាពរបស់យើងត្រូវបានរក្សាសិទ្ធិ និងមិនអនុញ្ញាតឱ្យមានការចែកចាយឡើងវិញបាននោះទេ។