ទី​ស្តី​​ការ​គណៈរដ្ឋ​មន្ត្រី​ថ្មី​ ត្រូវ​​បាន​​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០២៣​ ដោយ​​បង្ហាញ​​ពី​ការ​ផ្លាស់​ប្តូរ​ជំនាន់​នៃ​រចនាសម្ព័ន្ធ​អំណាច​ ដែល​​គ្រប់គ្រង​ប្រទេស​កម្ពុជា​​។​

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​​នាំ​​មក​ជាមួយ​​នូវ​​រដ្ឋមន្ត្រី​​មួយ​​ក្រុម​ ដែល​​ភាគច្រើន​​គឺ​​ជា​​កូន​​ៗ​​​របស់​​​​សមាជិក​​គណៈរដ្ឋ​មន្ត្រី​​ចាស់​​​ ហើយ​​ដែល​​​នឹង​ត្រូវ​​​ដោះស្រាយ​​បញ្ហា​បន្ទាន់​​មួយ​​ចំនួន​ ​ដែល​​ប្រទេស​​កម្ពុជា​​កំពុង​​ប្រឈម​​​។​ ក្រាហ្វិក​នេះ​ បង្ហាញ​ពី​សមាជិក​​គណៈ​​រដ្ឋមន្ត្រី​​ដែល​​ត្រូវ​​ចាកចេញ​ និង​​គណៈ​​រដ្ឋមន្ត្រី​​ថ្មី​​ និង​ទំនាក់ទំនង​គ្រួសារ​នៅក្នុងចំណោម​​រដ្ឋមន្ត្រី​ជាច្រើន​។​

សូម​​អាន​អំពី​រដ្ឋមន្ត្រី​នី​មួយ​ៗ​ ដែល​ត្រូវ​​ចាកចេញ​ និង​អ្នក​ដែល​នឹង​ត្រូវ​​ចូល​​ជំនួស​ពួកគេ​ រួម​ទាំង​ទំនាក់ទំនង​គ្រួសារ​របស់​​ពួកគេ​​ជាមួយ​សហសេវិក​គណៈរដ្ឋ​មន្ត្រី​ដទៃ​​​ទៀត​​។​

លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​

លោក​ ហ៊ុន​ សែន​ បាន​​​ឡើង​​កាន់​​តំណែង​​ជា​​នាយក​​​រដ្ឋមន្ត្រី​​តាំង​​ពី​​ឆ្នាំ​​១៩៨៥​ ដោយ​​​ចាប់​​ផ្ដើម​​តំណែង​​នាយក​​រដ្ឋមន្ត្រី​​របស់​​លោក​​​ដោយ​ការ​​គាំទ្រ​​​ពី​​​រដ្ឋាភិបាល​​វៀតណាម​។​ បន្ទាប់ពី​មាន​តម្រុយ​មិន​​ច្បាស់​​លាស់​​អស់​​រយៈ​​ពេល​​ច្រើន​ឆ្នាំ​មក​ លោក​ ហ៊ុន​ សែន​ កាលពី​​ឆ្នាំ២០២១​ បានឱ្យ​គណបក្សប្រជាជន​កម្ពុជា​ អនុម័ត​​យល់ព្រម​ឱ្យ​​កូន​​​ប្រុស​របស់​​លោក​ គឺ​​​លោក​​ ហ៊ុន​ ម៉ា​ណែ​ត​ ក្លាយ​​ជា​បេក្ខភាព​​នា​​យក​​រដ្ឋមន្ត្រី​នា​ពេល​អនាគត​។​ ទើបតែ​នៅ​​ក្នុង​ខែកក្កដា​ ឆ្នាំ២០២៣​ ប៉ុន្មាន​ថ្ងៃបន្ទាប់​​ពី​ការបោះឆ្នោត​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ​ លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ចុងក្រោយ​ថា​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ និង​គណៈរដ្ឋ​មន្ត្រី​ថ្មី​ នឹង​​ចូល​​កាន់​តំណែង​​នៅ​ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០​​២៣​​។​

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នឹង​​ក្លាយ​​ជា​​នាយក​​រដ្ឋមន្ត្រី​​ទី​​៣​​ របស់​​ប្រទេស​​កម្ពុជា​ ចាប់​​តាំង​​​​​ពី​​ឆ្នាំ​​១៩៩៣​ ​ពេល​​​ដែល​​អង្គការ​​សហប្រជាជាតិ​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត​​​លើក​​ដំ​​បូង​​​នៅ​កម្ពុជា​​។​ លោក​ ម៉ា​ណែ​ត​ ​ធ្លាប់​​​ជា​​មេ​​បញ្ជាការ​​កង​​ទ័ព​ និង​​ជា​​កូន​​ប្រុស​​របស់​​​លោក​ ហ៊ុន​ សែន​ ជា​​បង​​​ប្រុស​របស់​​​លោក​​ ហ៊ុន​ ម៉ា​នី​ ហើយក៏​​​ជា​​សាច់ញាតិ​​​ជាមួយ​លោក​​ នេត​ សាវឿ​ន​ លោក​ ហួត​ ហាក់​ លោក​ សុខ​ សូ​កេន​ និង​​លោក​ ឈាង​ រ៉ា​​ ផង​ដែរ​​។​

លោក​ ប៊ិន​ ឈិន​​ ឧបនាយក​​រដ្ឋមន្ត្រី​​ និង​​ជា​​រដ្ឋមន្ត្រី​​ទី​ស្តី​ការ​​គណៈ​​រដ្ឋ​​មន្ត្រី​​

លោក​ ប៊ិន​ ឈិន​ មាន​​​ភារកិច្ច​​ដ៏​លំបាក​​ក្នុង​​ការ​​ចូល​​កាន់​​តំណែង​​នេះ​​កាល​​ពី​​​ឆ្នាំ២០​​១៧​ បន្ត​​ពី​​លោក​ សុខ​ អាន​ ដែល​​ជា​​អ្នក​​រដ្ឋ​​បាល​​​ដ៏​ល្បី​​ល្បាញ​​​របស់​​រដ្ឋាភិបាល​​​។​ ខណៈ​ពេល​ដែល​លោក​​មិន​​សូវ​​ចេញ​​មុខ​​ចេញ​មាត់​​ លោក​ ប៊ិន​ ឈិន​ ត្រូវ​បាន​ផ្តល់​ភារកិច្ច​​បន្ថែម​កាល​​ពី​​ខែមីនា​ ឆ្នាំ២០២៣​​ រួម​ទាំង​ការងារ​ដឹកនាំ​យន្តការ​ដោះស្រាយ​​វិវាទ​ដីធ្លី​ផង​ដែរ​។​

លោក​ វង្សី​ វិស្សុត​​ ​ឧបនាយក​​រដ្ឋមន្ត្រី​​ និង​​ជា​​រដ្ឋមន្ត្រី​​ទី​ស្តី​ការ​​គណៈ​​រដ្ឋ​​មន្ត្រី​​

លោក​ វង្សី​ វិស្សុត​ ត្រូវ​បាន​គេ​​មើល​​ឃើញ​​ថា​ ឥទ្ធិពល​​​​របស់​​លោក​​កើន​​ឡើង​​នៅ​​ក្នុង​​ក្រ​​សួង​​សេដ្ឋកិច្ច​ និង​​ហិរញ្ញវត្ថុ​ ទី​​ដែល​​លោក​​ គឺ​​ជា​​រដ្ឋលេខាធិការ​​ជាន់​​ខ្ពស់​ម្នាក់​​​។​ ក្នុង​​​តួនាទី​​ថ្មី​​របស់​​លោក​ គេ​​រំពឹង​ថា​ លោក​​នឹង​​ជួយ​​រៀប​​ចំ​​រដ្ឋា​ភិ​​បាល​​​ថ្មី​​របស់​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ​ធ្វើ​ឱ្យ​​ក្តី​រំពឹង​​​​មាន​​តុល្យ​​ភាព​​ និង​ឆ្លើយ​​តប​​តាម​​ការ​​សន្យា​​​របស់​​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ដែល​​បាន​​​ធ្វើ​​អំឡុង​​​ពេល​​​បោះ​​ឆ្នោត​។​ ក្នុង​​ឋានៈ​ជា​​ឧបនាយក​​រដ្ឋ​​មន្ត្រី​​ លោក​មាន​​ភារកិច្ច​​​ដូចជា​ ទទួល​​បន្ទុក​​ប្រចាំការ​ សម្របសម្រួល​​កិច្ចការ​​សម្រាប់​គណៈរដ្ឋ​​មន្ត្រី​ នាយក​​រដ្ឋ​​មន្ត្រី​​និង​​​​បណ្តា​​ឧបនាយក​​រដ្ឋមន្ត្រី​​ ទំនាក់ទំនង​​ការងារ​​ជាមួយ​​រដ្ឋ​​សភា​ និង​ព្រឹទ្ធសភា​ និង​​រៀប​​ចំ​​ចម្លើយ​​​តប​​​​នឹង​សំណួរ​របស់​សមាជិករដ្ឋសភា​ និង​​ដោះ​​ស្រាយ​​ការងារ​​ប្រចាំថ្ងៃ​​ជំនួស​​នាយក​​រដ្ឋ​​មន្ត្រី​តាម​​ការ​​ប្រ​​គល់​​សិទ្ធិ​ពី​នាយក​​រដ្ឋ​​មន្ត្រី​ ព្រម​​ទាំង​​ទទួល​​បន្ទុក​​អនុវត្ត​ការងារ​ពិ​សេ​​ឬ​បេសកកម្ម​ផ្សេងទៀត​​ដែល​​នា​​យក​​រដ្ឋ​​មន្ត្រី​ប្រគល់​ជូន​។​

លោក​ យឹម​ ឆៃ​លី​​ ឧបនាយក​​រដ្ឋមន្ត្រី​​

លោក​ យឹម​ ឆៃ​លី​ គឺ​​ជា​សម្ព័ន្ធ​មិត្ត​យូរ​​អង្វែង​​របស់​លោក​​ ហ៊ុន​ សែន​ ហើយ​ទទួល​​ខុស​​ត្រូវ​​លើ​ការងារ​​អភិវឌ្ឍន៍​ និង​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​។​ កូនស្រី​របស់​លោក​ យឹម​ ឆៃ​លី​ ​រៀបការ​ជាមួយ​កូនប្រុស​របស់​​លោក​ ហ៊ុន​ សែន​។​ កូនប្រុស​ច្បង​របស់​លោក​ យឹម​ ឆៃ​លី​ ជាម​ន្ត្រី​នគរបាល​ជាន់ខ្ពស់​ កូនប្រុស​ម្នាក់ទៀត​ជា​អ្នកជំនួញ​ និង​កូនប្រុស​​ទី៣​ ទើប​​តែ​​ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ទេ​សា​​ភិបាល​រង​ធនាគារជាតិ​។​

លោក​ នេត​ សាវឿ​ន​​ ឧបនាយក​​រដ្ឋ​​មន្ត្រី​​

លោក​ នេត​ សាវឿ​ន​ គ្រប់​​​គ្រង​អគ្គស្នងការ​​នគរ​​​​បាល​​ជាតិ​ ដែល​រង​​ការ​​ចោទ​ប្រ​​កាន់​ជុំវិញ​​​ការ​​រំលោភ​​សិ​ទិ្ធ​មនុស្សជា​បន្តបន្ទាប់​ និង​ការ​​ពាក់​​​ព័ន្ធ​​ក្នុង​​ការ​ចាប់ខ្លួន​សមា​​ជិ​ក​​បក្ស​​ប្រ​​ឆាំង​ និង​​សំឡេង​​អ្នកប្រឆាំង​។​ លោក​​បាន​​រៀបការ​​ជា​​មួយ​​ក្មួយ​​ស្រី​​របស់​​​លោក​ ហ៊ុន​ សែន​ ហើយ​​អ្នក​​​ទាំង​​ពីរ​​ត្រូវ​​បាន​​គេ​​ចោទ​​ថា​ ​ទទួល​​បាន​​​សញ្ជាតិ​​​សាយ​ព្រឹស​​តាមរយៈ​​គម្រោង​​វិ​និ​​យោគ​​។​ ក្នុង​​ឋានៈ​ជា​​ឧបនាយក​​រដ្ឋមន្ត្រី​ លោក​​មាន​​ភារកិច្ច​​ដូច​​​ជា​​ទទួល​​បន្ទុក​ជា​​នាយក​​រដ្ឋ​​មន្ត្រី​​ស្តីទី​ពេល​នាយក​​រដ្ឋ​​មន្ត្រី​អវត្តមាន​ ជួយ​​នាយក​រដ្ឋ​​មន្ត្រី​លើ​វិស័យ​សន្តិសុខ​​ជាតិ​និង​​សណ្តាប់​ធ្នាប់​​សាធារណៈ​ ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​ក្នុង​​​ការ​​សម្រប​​សម្រួល​​ដឹកនាំ​​កម្លាំង​​គ្រប់​​ប្រ​​ភេទ​​​ និង​ទទួល​សិទ្ធិ​​ពី​នាយក​​រដ្ឋ​​មន្ត្រី​ក្នុង​​ការ​​បញ្ជា​កងរាជអាវុធហត្ថ​លើ​​ផ្ទៃ​ប្រទេស​​ក្នុង​​ពេល​​​នាយក​​រដ្ឋ​​មន្ត្រី​អវត្តមាន​។​

លោក​ កែ​ គឹ​មយ៉ា​ន​ ឧបនាយក​​រដ្ឋមន្ត្រី​​

លោក​ កែ​ គឹ​មយ៉ា​ន​ ធ្លាប់​​ជា​​មេ​​បញ្ជាការ​​កង​​យោធពល​​ខេមរភូមិន្ទ​​រហូត​​ដល់​​ពេល​​ដែល​​លោក​ ហ៊ុន​ សែន​ ដក​​លោក​​​ចេញ​តំណែង​​​នៅ​​ឆ្នាំ​​២០០៩​ ហើយ​​ជំនួស​​ដោយ​លោក​​ ប៉ុល​ សា​រឿន​ ដែល​​ជា​​សម្ព័ន្ធ​មិត្ត​​របស់​​លោក​ ហ៊ុន​ សែន​ ក្នុង​​អំឡុង​​រដ្ឋប្រហារ​​ឆ្នាំ១៩៩៧​។​ កូនស្រី​​របស់​​លោក​ កែ​ គឹម​​យ៉ាន​ រៀបការ​​ជាមួយ​​លោក​ ស​ សុខា​ ជា​​រដ្ឋមន្ត្រី​​ក្រសួង​​មហាផ្ទៃ​​ថ្មី​។​

លោក​ ស៊ុន​ ចាន់​ថុល​ ឧបនាយក​​រដ្ឋមន្ត្រី​​

លោក​ ស៊ុន​ ចាន់​ថុល​ ធ្លាប់​​កាន់​តំណែង​ជារ​ដ្ឋ​​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​រដ្ឋមន្ត្រី​ក្រសួង​​សា​​ធារ​ណ​​ការ​​ និង​​ដឹកជញ្ជូន​​។​ លោក​​គឺជា​​កូន​​ប្រសា​ររបស់​អ្នកជំនួញ​ដ៏​​ល្បី​​ឈ្មោះ​ ខូវ​​ ជូ​​លី​ ហើយ​លោក​​ធ្លាប់ធ្វើ​ការ​ឱ្យ​ក្រុម​​ហ៊ុន​ General Electric នៅ​សហរដ្ឋ​​អាមេរិក​។​ លោក​មាន​​ភារ​​កិច្ច​​ដូចជា​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​ការងារ​​ទាក់​​ទាញ​​ការ​វិនិយោគឯកជន​ និង​​ជា​​អនុប្រធាន​​ទី​​១​ នៃ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា​​ ទទួល​​បន្ទុក​​ជា​​​សហប្រធាន​​ខាង​ភាគី​កម្ពុជា​​ នៃ​គ​ណៈ​កម្មា​​ធិ​​ការសម្រប​សម្រួល​​អន្តរ​រដ្ឋាភិបាល​​​កម្ពុជា​-​ចិន​ ដើម្បី​​អនុវត្ត​​កិច្ច​សហប្រតិបត្តិ​ការ​​ភាព​​ជា​​ដៃ​​គូ​​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​​ជ្រោយ​​ ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​ការងារ​គមនាគមន៍​ដឹកជញ្ជូន​​និង​​ភស្តុភារ​កម្ម​​ និង​ជា​​ប្រធាន​​ក្រុម​​ប្រឹក្សា​​ជាតិ​​ភស្តុភារ​កម្ម​។​

លោក​ ហោ​​ ណាំ​ហុង​​ ឧបនាយក​​រដ្ឋ​​មន្ត្រី​​

លោក​ ហោ​ ណាំ​ហុង​ បាន​បម្រើ​​ការ​​ជា​អ្នកការទូត​នៅ​ប្រទេស​បារាំង​ និង​គុយបា​ មុន​ពេល​លោក​ឡើង​កាន់​តំណែង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​​ការបរទេស​ក្នុង​​ឆ្នាំ១៩៩៨​។​ លោក​​​បាន​លាលែង​ពី​តំណែង​ក្នុង​ឆ្នាំ២០១៦​ និង​ជារ​ដ្ឋ​មន្ត្រី​ការបរទេស​ដែល​កាន់​តំណែង​​យូរ​ជាងគេ​របស់​កម្ពុជា​។​ លោក​​លាលែង​​ពី​​តំណែង​ ហើយ​​គណៈរដ្ឋ​មន្ត្រី​​ថ្មី​ ​នឹង​​​មាន​​ឧប​​នាយក​​រដ្ឋមន្ត្រី​​តិច​ជាង​មុន​​​មួយ​​រូប​។​

លោក​ ស​ ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ និង​​​​ជា​​​រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​​

លោក​ ស​ ខេង​ បាន​​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តាំងពី​ឆ្នាំ១៩៩២​ ហើយ​ទទួល​​ខុស​​ត្រូ​​វក្នុង​​ការ​​ដាក់​​ឱ្យ​​ប្រើប្រាស់​ច្បាប់​ដ៏​ចម្រូងចម្រាស​ ដូចជា​ ច្បាប់​​ស្តី​ពី​ សមាគម​​និង​​​អង្គការ​មិនមែន​​រដ្ឋាភិបាល​​ (LANGO) និង​កងកម្លាំង​នគរបាល​រង​​ចោទ​ប្រ​​កាន់​​ ​​ពី​បទ​ ​រំលោភសិទ្ធិ​ និង​ប្រើប្រាស់​កម្លាំង​ហួស​​ហេតុ​។​ លោក​​ ស​ ខេង​ គឺ​​ជា​​ប្អូន​​​ថ្លៃ​​​របស់​លោក​ ជា​ ស៊ី​ម​ ​អតីត​​ប្រធាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​ និង​​ត្រូវ​​​ជា​​​ដន្លង​​ជា​​មួយ​​​លោក​ កែ​ គឹ​មយ៉ា​ន​ ផង​​ដែរ​។​

លោក​ ស​ សុខា​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​​រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​

លោក​ ស​ សុខា​ ជា​​កូន​​ប្រុស​​របស់​​លោក​ ស​ ខេង​ ហើយ​​ធ្លាប់​​ជា​​រដ្ឋលេខាធិការ​​ក្រសួង​​អប់រំ​ ​យុវជន​និង​​កីឡា​​។​ លោក​​បាន​​រៀប​​ការ​​ជាមួយ​​កូន​​ស្រី​​លោក​ កែ​ គឹ​មយ៉ា​ន​ និង​​ត្រូវ​​ជា​​បង​​ថ្លៃ​​របស់​​លោក​​ កែ​ សួន​សុភាព​ ជា​​សមាជិក​​រដ្ឋសភា​។​ ក្នុង​​ឋានៈ​ជា​ឧបនាយក​​រដ្ឋ​​មន្ត្រី​​ លោក​មាន​​ភារកិច្ច​​ដូចជា​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​កិច្ច​​ការ​​មហាផ្ទៃ​​ ដឹកនាំ​​សម្របសម្រួល​​ការងារ​កែទម្រង់​​វិមជ្ឈការ​​ និង​វិស​ហម​ជ្ឈ​ការ​ ការងារ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​ ការ​ជួញដូរ​​មនុស្ស​​ និង​​ការ​​បង្ក្រាប​ល្បែង​​ស៊ីសង​​គ្រប់​ប្រភេទ​ ការ​​បំផ្លាញ​​ចោល​​អាវុធ​​និង​ជា​សេនាធិការ​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​ការអនុវត្ត​គោល​​នយោបាយ​​ភូមិ​-ឃុំ​-សង្កាត់​មាន​​សុវត្ថិភាព​​។​​

លោក​ ទៀ​ បាញ់​​ ឧបនាយក​​រដ្ឋមន្ត្រី​​ និង​​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​ការ​​ពារ​​ជាតិ​​

លោក​ ទៀ​ បាញ់​ ជារ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​តាំងពី​ឆ្នាំ២០០៦​ ហើយ​រង​​ការ​​ចោទ​​ប្រកាន់​ថា​ អនុញ្ញាត​​ឱ្យ​យោធា​កម្ពុជា​ប្រើប្រាស់​កម្លាំង​ និង​អំពើ​ហិង្សា​លើ​ជនស៊ីវិល​។​ លោក​​ក៏​កំពុង​​មើល​ការ​​​ខុស​​ត្រូវ​​លើ​​ការ​​ជួស​​ជុល​​មូលដ្ឋាន​​កង​​ទ័ព​​ជើង​​ទឹក​​រាម​ ដែល​​តាម​​ចោទ​​​ថា​ អាច​​​នឹង​​ទទួល​​កង​​កម្លាំង​​​ចិន​​​នៅ​​ពេល​​បញ្ចប់​ការ​​ជួសជុល​​។​ លោក​ ទៀ​ វិញ​ ​ប្អូនប្រុស​របស់​លោក​​ គឺ​​ជា​មេបញ្ជាការ​​កងទ័ពជើងទឹក​​កម្ពុជា​។​

លោក​ ទៀ​ សីហា​ ឧបនាយក​​រដ្ឋមន្ត្រី​ និង​​​ជា​​រដ្ឋមន្ត្រី​ក្រសួង​​ការ​​ពារ​​ជាតិ​​

លោក​ ទៀ​ សីហា​ គឺជា​​កូន​​ប្រុស​​របស់​​លោក​ ទៀ​ បាញ់​ និង​​ធ្លាប់​ជា​​អភិបាល​​ខេត្ត​​សៀម​​រាប​​តាំង​​ពីឆ្នាំ​​២០១៨​​។​ ក្នុង​​ឋានៈ​​ជា​​ឧប​​នាយក​​រដ្ឋ​​មន្ត្រី​​ លោក​មាន​​ភារកិច្ច​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​វិស័យ​​ការពារ​ជាតិ​​ ដឹកនាំ​​កិច្ច​​ការ​បញ្ជូន​​កងកម្លាំង​​ចូល​​រួម​​បេសកកម្ម​រក្សា​សន្តិភាព​​របស់​អង្គការ​​សហ​ប្រជា​​ជាតិ​​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​ការងារ​ពិសេស​​ ឬ​បេសកកម្ម​​ពិសេស​​ផ្សេងទៀត​​ដែល​​នាយក​​រដ្ឋ​​មន្ត្រី​​ប្រគល់​​ជូន​​។​​

លោក​ ជា​ សុ​ផា​រ៉ា​​ ឧបនាយក​​រដ្ឋមន្ត្រី​​ និង​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​រៀប​​ចំ​ដែន​​ដី​

លោក​ ជា​ សុ​ផា​រ៉ា​ ភាគច្រើន​​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​នៅក្នុង​រាជធានី​ភ្នំពេញ​ថា​ ជា​អភិបាល​ដ៏​មាន​ប្រជាប្រិយ​។​ ក្នុង​​តួនាទី​​ជា​​រដ្ឋមន្ត្រី​​​​ក្រសួង​​រៀប​​ចំ​​ដែន​​​ដី​ លោក​​ជួយ​ឱ្យ​​មាន​​ការ​​រីក​​ចម្រើន​​វិស័យ​​សំណង់​។​ ប៉ុន្តែ​​ជម្លោះ​​ដីធ្លី​​នៅតែ​​ជា​​បញ្ហា​​ទូទៅ​​បំផុត​​ដែល​​កំពុង​​ញាំញី​​ប្រជាជន​​កម្ពុជា​ ដោយ​​លោក​ សុ​ផា​រ៉ា​ ជា​​អ្នក​​ចាត់​​ចែង​​ដោយ​​ផ្ទាល់​​សម្រាប់​​ការ​​បណ្តេញ​​ចេញ​​ប្រជាពលរដ្ឋ​​នៅ​​ជុំវិញ​​តំបន់​​ឧទ្យាន​​​អង្គរ​​។​

លោក​ សាយ​ សំ​អាល់​​ ឧបនាយក​​រដ្ឋមន្ត្រី​​ និង​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​រៀប​​ចំ​ដែន​​ដី​​

លោក​ សាយ​ សំ​អាល់​ ផ្លាស់​​​​ពី​​ក្រសួង​​បរិស្ថាន​ ទៅ​​ដឹក​​នាំ​​ក្រសួង​រៀប​​ចំ​​​ដែនដី​។​ ការ​ផ្លាស់​​ប្តូរ​នេះ​ គេ​មើលឃើញ​ថា​ លោក​​នឹង​​ទទួលមរតក​នៃ​​វិវាទ​ដីធ្លី​ដែល​​មិនទាន់​បាន​ដោះស្រាយ​ចប់​​ និង​និន្នាការ​​នា​ពេល​​ថ្មី​​នៃ​ការផ្ទេរ​ដី​រដ្ឋ​ទៅ​ឱ្យ​បុគ្គល​ឯកជន​ មន្ត្រី​រដ្ឋាភិបាល​ និង​ឧកញ៉ា​ដែល​មាន​​ខ្នង​​ក្រាស​​។​ លោក​​​គឺ​​ជា​​កូន​​ប្រុស​​របស់​​លោក​ សាយ​ ឈុំ​ ដែល​​នឹង​​ត្រូវ​​បាត់បង់​​តំណែង​​ជា​​ប្រធាន​​ព្រឹទ្ធសភា​​​ទៅ​​លោក​ ហ៊ុន​ សែន​ នៅ​​​ឆ្នាំ​​ក្រោយ​។​ ក្នុង​​ឋានៈ​​ជា​​ឧប​​នាយក​​រដ្ឋ​​មន្ត្រី​​ លោក​​មាន​​ភារកិច្ច​​ដូចជា​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​វិស័យ​​រៀប​​ចំ​​ដែន​​ដី​​ នគរូបនីយកម្ម​​ និង​​សំណង់​​ ជា​​ប្រធាន​​អាជ្ញាធរ​ជាតិ​​ដោះ​​ស្រាយ​​ទំនាស់​​ដីធ្លី​​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ពិសេស​​ឬ​បេសកកម្ម​​ពិសេស​​ផ្សេងទៀត​​ ដែល​​នាយក​​រដ្ឋ​​មន្ត្រី​​ប្រគល់​​ជូន​​។​​

លោក​ ប្រាក់​ សុ​ខុន​​ ឧបនាយក​រដ្ឋមន្ត្រី​​និង​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​

លោក​ ប្រាក់​ សុ​ខុន​ បម្រើការ​ជា​​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ រហូតដល់​ឆ្នាំ​​២០១៦​ នៅពេល​ដែល​លោក​ត្រូវ​​បាន​​ប្តូរ​​មក​​កាន់​តំណែង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​​ការបរទេស​ ដោយ​ចូលកាន់​តំណែង​នេះ​​បន្ត​​ពី​​លោក​ ហោ​ ណាំ​ហុង​។​ លោក​​​​គឺ​​ជា​​ស្វាមី​​របស់​​​លោកស្រី​​ ខេង​ សំ​វ៉ា​ដា​ ជា​​សមាជិក​​រដ្ឋសភា​ ហើយ​​ត្រូវ​​ជា​​ឪពុកក្មេក​​របស់​​លោក​ ហែម​ វណ្ឌី​ រដ្ឋមន្ត្រី​ថ្មី​នៃ​​ក្រសួង​​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​​នវានុវត្តន៍​​។​

លោក​ សុខ​ ចិន្តា​សោភា​ ឧបនាយក​​រដ្ឋមន្ត្រី​​ និង​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​

លោក​ សុខ​ ចិន្តា​សោភា​ ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ជា​អ្នកដឹកនាំ​លំហូរ​វិ​និ​​យោគ​​ចូលក្នុង​​ប្រទេស​។​ លោក​ធ្លាប់ធ្វើ​ការ​នៅ​ក្រសួងទេសចរណ៍​ និង​​សា​​ជីវកម្ម​បារាំង​។​ ក្នុង​​ឋានៈ​​ជា​​ឧបនាយក​​រដ្ឋ​​មន្ត្រី​​ លោក​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋមន្ត្រី​លើ​វិស័យ​ការបរទេស​ និង​​សហប្រតិបត្តិ​ការ​​អន្តរជាតិ​​ ផ្តល់​​យោបល់​ជូន​​នាយក​​រដ្ឋ​​មន្ត្រី​​ អំពី​​ក្រប​​ខណ្ឌ​​គោល​​នយោបាយ​​ក្រៅប្រទេស​ ការ​​សម្របសម្រួល​​ការ​បញ្ជូន​​កងកម្លាំង​​កម្ពុជា​ចូល​​រួម​​បេសកកម្ម​​រក្សា​សន្តិភាព​​របស់​​អង្គការ​​សហប្រជាជាតិ​​ និង​​ទទួល​​សិទ្ធិ​​ពី​​នាយក​​រដ្ឋ​​មន្ត្រី​ ក្នុង​​ការ​​ពិនិត្យ​​ និ​​ង​សម្រេច​​លើ​​សំណើ​​ស្មុំ​កូន​​ និង​​ការ​សុំ​លា​សញ្ជាតិ​​ ព្រម​​ទាំង​​ទទួល​​បន្ទុក​​អនុវត្ត​ការងារ​​ពិសេស​​ ឬ​បេសកកម្ម​​ពិសេស​​ផ្សេងទៀត​​ដែល​​នាយក​​រដ្ឋ​​មន្ត្រី​​ប្រគល់​​ជូន​​។​​

លោក​ អូន​ ព័ន្ធ​មុនី​​រ័ត្ន​​ ឧបនាយក​​រដ្ឋមន្ត្រី​​និង​ជា​​រដ្ឋ​​មន្ត្រី​ក្រសួង​​សេដ្ឋកិច្ច​​និង​​ហិរញ្ញ​ វត្ថុ​​

លោក​ អូន​ ព័ន្ធ​​មុនី​រ័ត្ន​​ បន្ត​​កាន់​​តំណែង​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​សេដ្ឋ​​កិច្ច​​និង​​ហិរញ្ញវត្ថុ​​។​ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​​ គឺជា​​ប្រធាន​​ឧត្តម​​ក្រុម​​ប្រឹក្សា​​សេដ្ឋកិច្ច​​ជាតិ​​និង​​បច្ចុប្បន្ន​​ជា​​ប្រធាន​ធ​នា​ គារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​​អាស៊ី​ (AIIB) ។​ លោក​ក៏​ធ្លាប់​ព្យាយាម​​ដាក់​​ពាក្យ​​​សុំ​​លិខិត​ ឆ្លងដែន​​សាយ​ព្រឹស​​ដូច​​លោក​ នេត​ សាវឿ​ន​ ផង​ដែរ​។​​លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​​ បាន​​រៀប​​ការ​​ជាមួយ​​លោកស្រី​ អ៊ឹម​ ប៉ូលី​កា​ ជា​​អ្នក​​ជំនួញ​​និង​​ជា​​កូ​​ន​​​ស្រី​​របស់​​លោក​ អ៊ឹម​ សុធី​​ អតីត​​រដ្ឋ​​មន្ត្រី​​ក្រសួង​​អប់​​រំ​​។​ ​កូន​​ប្រុស​​របស់​​លោក​​បាន​​រៀប​​ការ​​ជាមួយ​​នឹង​​កូន​​ស្រី​​របស់​​ឧកញ៉ា​​ ជឹង​ សុភាព​​។​ ក្នុង​​ឋានៈ​ជា​​ឧបនាយក​​រដ្ឋ​​មន្ត្រី​ លោក​មាន​​ភារកិច្ច​​ទទួល​​បន្ទុក​​ជា​​នាយក​​រដ្ឋ​​មន្ត្រី​​ស្តីទី​ ពេល​នាយក​​រដ្ឋមន្ត្រី​ និង​​ឧបនាយក​​រដ្ឋ​​មន្ត្រី​ នេត​ សាវឿ​ន​ អវត្តមាន​​ ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​លើ​​វិស័យ​​សេដ្ឋកិច្ច​​ និង​​ហិរញ្ញវត្ថុ​​ ជា​​ប្រធាន​​គណៈកម្មការ​​គោល​​នយោបាយ​​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​​ ជា​​ប្រធាន​​ក្រុម​​ប្រឹក្សា​​ជាតិ​​គាំពារ​​សង្គម​​និង​ជា​​ប្រធាន​​ឧត្តម​​ក្រុម​​ប្រឹក្សា​​សេដ្ឋកិច្ច​​ជាតិ​​ ព្រមទាំង​​ទទួល​​បន្ទុក​​ការងារ​ពិសេស​​ ឬ​បេសកកម្ម​​ពិសេស​​ផ្សេងទៀត​​ ដែល​​នាយក​​រដ្ឋ​​មន្ត្រី​​ប្រគល់​​ជូន​​។​​

លោក​ ហង់​ជួន​ ណា​រ៉ុន​​ ឧបនាយក​​រដ្ឋមន្ត្រី​ និង​ជា​​រដ្ឋមន្ត្រី​ក្រសួង​​អប់រំ​ យុវជន​ និងកីឡា​

លោក​ ហង់​ជួន​ ណា​រ៉ុន​ បន្ត​​កាន់​​តំណែង​​នៅ​​ក្រសួង​​អប់រំ​ យុវជន​ ​និង​​កីឡា​។​ ខណៈ​​ពេល​​ដែល​​លោក​​ទទួល​​បាន​​ការ​កោត​​សរសើរ​​​ចំពោះ​ការ​​​រៀប​​ចំ​​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ប្រចាំឆ្នាំ​ ប៉ុន្តែ​​ក្រសួង​​នៅ​​មិនទាន់​​អាច​ទប់ស្កាត់​អំពើពុករលួយ​នៅ​តាម​​សាលារៀន​ ស្តង់ដារ​បង្រៀន​ទាប​ និង​និ​ន្នា​​ការ​​​​នៃ​ការបោះបង់​ការសិក្សា​នា​ពេល​ថ្មី​ៗ​នេះ​នៅឡើយ​​ ជាពិសេស​នៅពេល​មានការ​រីក​​រាល​​ដាល​​នៃ​​ជំងឺ​​កូ​វីដ​-១៩​។​ ក្នុងឋានៈជា​​ឧបនាយក​​រដ្ឋ​​មន្ត្រី​ លោក​​មាន​​ភារកិច្ច​​ដូចជា​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​លើ​​វិស័យ​​អប់រំ​​ យុវជន​​ និងកីឡា​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​ពិសេស​​ ឬ​បេសកកម្ម​ពិសេស​​ផ្សេង​​​ទៀត​ ដែល​​នាយក​​រដ្ឋ​​មន្ត្រី​​ប្រគល់​​ជូន​​។​​​

លោក​ កើត​​ រិទ្ធ​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​​រដ្ឋមន្ត្រី​ក្រសួង​​យុត្តិធម៌​

លោក​ កើត​ រិទ្ធ​ នៅ​​តែ​​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​យុត្តិធម៌​ និង​​បាន​​ឡើង​​ឋានៈ​​ជា​​ឧប​នា​​យក​​​រដ្ឋមន្ត្រី​។​ លោក​​ធ្លាប់ធ្វើ​ជារ​ដ្ឋ​លេខាធិការ​នៅ​​ក្រសួង​យុត្តិធម៌​ មុននឹង​ឡើង​កាន់​​តំណែង​ជារ​ដ្ឋ​មន្ត្រី​នៅ​​ឆ្នាំ​​២០២០​​។​ ក្រសួង​បាន​ព្យាយាម​កាត់បន្ថយ​សំណុំរឿង​​ក្នុង​ប្រព័ន្ធ​តុលាការ​ ប៉ុន្តែ​ធ្វើ​បាន​​តិច​​តួច​​នៅ​​ឡើយ​ ដើម្បី​​ធ្វើ​កំ​ណែ​ទម្រង់​ប្រ​​ព័ន្ធ​​​តុលាការ​ ដែល​​គេ​​ចាត់ទុកថា​ កន្លែង​​ដែល​​ពុករលួយ​បំផុត​​មួយ​​នៅក្នុង​ពិភព​​លោក​​។​ ក្នុង​​ឋានៈ​​ជា​​ឧបនាយក​​រដ្ឋ​​មន្ត្រី​ លោក​​មាន​​ភារកិច្ច​​ជួយ​​នា​​យក​​រដ្ឋ​​មន្ត្រី​​លើ​​វិស័យ​​យុត្តិធម៌​​ និង​​​​ការ​​ងារ​​ជាមួយ​​អង្គការ​​តុលាការ​​ និង​​អង្គការ​អយ្យការ​ ការ​កែ​​ទម្រង់​​​ច្បាប់​ និង​​ប្រព័ន្ធ​​យុត្តិធម៌​​ ការ​​ដឹក​​នាំ​សម្របសម្រួល​​ការ​​អនុវត្ត​​នយោបាយ​​ព្រហ្មទណ្ឌ​​ ជួយ​​នា​​យក​​រដ្ឋ​​មន្ត្រី​លើ​​ការដឹកនាំ​​សម្រប​​សម្រួល​​ការ​​ប្រឆាំង​​ការ​​សម្អាត​​ប្រាក់​ ហិរញ្ញប្បទាន​​ភេរវកម្ម​ និង​​ហិរញ្ញប្បទាន​ដល់​​ការ​​រីកសាយ​​ភាយ​​អា​​វុធ​​មហា​ប្រល័យ​​ ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​លើ​ការ​​ដោះស្រាយ​​វិវាទ​​​​ក្រៅ​ប្រព័​ន្ទ​​តុលា​​ការ​​ ព្រមទាំង​​ការងារ​និង​បេសកកម្ម​​ផ្សេងទៀត​​ ដែល​នាយក​​រដ្ឋ​​មន្ត្រី​​ប្រគល់​​ជូន​​។​​​

លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧបនាយក​​រដ្ឋមន្ត្រី​​ និង​ជា​​រដ្ឋមន្ត្រី​​ក្រសួង​ទំនាក់ទំនង​​រដ្ឋសភា​ ព្រឹទ្ធ​​សភា​​និង​​​អធិការកិច្ច​

លោកស្រី​ ម៉ែ​ន​ សំ​អន​ ជា​​ឧបនាយក​រដ្ឋមន្ត្រី​តាំងពី​ឆ្នាំ២០០៩​ ហើយ​មាន​​ទំនាក់​​ទំនង​​ជាមួយ​អ្នក​​ជំនួញ​​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​​ល្បែងស៊ីសង​តាម​​អ៊ីនធឺណិត​ និង​សកម្មភាព​ខុសច្បាប់​នៅ​​ក្រុង​ព្រះសីហនុ​។​ លោកស្រី​ក៏បាន​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ ដែល​បាន​​បង្កើន​វត្តមាន​អ្នក​​សង្កេតការណ៍​​របស់​ខ្លួន​ក្នុង​ការបោះឆ្នោត​ជា​​បន្ត​​បន្ទាប់​​។​

លោក​ ហួត​ ហាក់​ រដ្ឋមន្ត្រី​​ក្រសួង​​ទំនាក់ទំនង​​រដ្ឋសភា​ ព្រឹទ្ធសភា​​និង​​អធិការកិច្ច​​

លោក​ ហួត​ ហាក់​ ចូលកាន់​តំណែង​បន្ត​ពី​លោកស្រី​​ ម៉ែ​ន​ សំ​អន​ និង​​ជា​ប្អូនថ្លៃ​ឈ្មោះ​ គ្រី​ វួច​ឡេង​ ជា​ក្មួយស្រី​​របស់​អតីត​ជំទាវ​ទី១​ លោក​​ស្រី​ ប៊ុ​ន​ រ៉ា​នី​។​

លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន​​

លោក​ សាយ​ សំ​អាល់​ ត្រូវ​បាន​តែងតាំង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន​ក្នុង​ឆ្នាំ២០១៣​ ហើយ​លោក​​បាន​ចូលកាន់​តំណែង​នេះ​​ ខណៈ​ពេល​​ដែល​ព្រៃ​​ឈើ​​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​​មើលឃើញ​ថា​ រង​​ការ​កាប់​បំផ្លាញ​កាន់តែ​ខ្លាំង​នៅ​​ក្នុងរយៈពេល​​មួយ​​ទសវត្សរ៍​ចុងក្រោយ​នេះ​។​ លោក​​ជា​​ប្អូន​​​ប្រុស​​របស់​​​លោក​​ស្រី​​ សាយ​ សំអាត​​ ដែល​​ទើប​​ត្រូវ​​បាន​​តែង​​​តាំង​​ជា​អគ្គ​​ទេសាភិបាល​​រង​​ធនាគារជាតិ​។​ លោក​គឺ​​​ជា​​កូ​នប្រ​សារ​​របស់​​​លោក​ ឌិ​ត​ មុន្​ទី​ ​ប្រធាន​​​​តុលាការ​​កំពូល​​ និង​​ជា​​ប្អូនថ្លៃ​​របស់​​លោក​ ឌិ​​ត​​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​​កសិកម្ម​​។​

លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ រដ្ឋមន្ត្រី​ក្រសួង​​បរិស្ថាន​

លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជារ​ដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​ និង​ជា​ជំនួយការ​របស់​លោក​ ហ៊ុន​ សែន​ ហើយ​លោក​បាន​រៀបការ​ជាមួយ​កូនស្រី​របស់​លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀប​​ចំ​​ដែនដី​ដែល​ត្រូវ​​ចាកចេញ​​ពី​​មុខ​​តំណែង​​។​ ភរិយា​​របស់​​លោក​ សុ​ផល្លែ​ត​ គឺ​​ជា​ម្ចាស់​ក្រុមហ៊ុន​ Paragon Group ។​ លោក​​​មាន​​ចំណាប់​​អា​​រម្ម​ណ៍​​ខ្លាំង​​​លើ​​វិស័យ​​កសិកម្ម​។​

លោក​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​​ក្រសួង​​សាធារណការ​​និង​ដឹកជញ្ជូន​​

លោក​ ស៊ុន​ ចាន់​ថុល​ ធ្លាប់​​គ្រប់គ្រង​​​នៅ​​​ក្រសួង​​ពាណិជ្ជ​​កម្ម​ ដែល​​លោក​​បាន​​ណែនាំ​​ឱ្យ​​​មាន​​​ការ​​ចុះ​​បញ្ជី​​ឈ្មោះ​​ក្រុមហ៊ុន​។​ បន្ទាប់ពី​ប្តូរ​​មក​​ក្រសួង​សាធារណ​​ការ​ និង​ដឹកជញ្ជូន​ លោក​បាន​គ្រប់គ្រង​ការសាងសង់​ផ្លូវ​ ដែល​ត្រូវ​​បាន​​ផ្តល់​​មូលនិធិ​ ដែល​​ភាគ​​​ច្រើន​ពី​រដ្ឋាភិបាល​ចិន​។​

លោក​ ប៉េង​ ពោធិ៍​នា​​ រដ្ឋមន្ត្រី​​ក្រសួង​​សាធារណការ​​ និង​​ដឹកជញ្ជូន​​

លោក​ ប៉េង​ ពោធិ៍​​នា​​ ធ្លាប់​​ជា​​រដ្ឋលេខាធិការ​​ក្រសួង​​ដដែល​ ហើយ​​នៅពេល​នេះ​ នឹង​​​​ដឹកនាំ​ក្រសួង​​នេះ​ ក្នុង​​ឋានៈ​​​ជា​​រដ្ឋមន្ត្រី​។​ លោក​ ពោធិ៍​​នា​​ គឺ​​ជា​​កូន​​ប្រុស​​របស់​​​​លោកស្រី​​ឧបនាយក​រដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​។​ ឪពុក​​របស់​លោក​​ឈ្មោះ​ ប៉េង​ ប៉ាត់​ ជា​អតីត​​សមា​​​​ជិ​ក​ព្រឹទ្ធសភា​ ហើយ​បងប្អូន​ប្រុស​របស់​លោក​​បច្ចុប្បន្ន​ជា​អភិបាលរង​​ខេត្តស្វាយរៀង​​។​

លោក​ ចម​ ប្រសិទ្ធិ​​ រដ្ឋមន្ត្រី​​ក្រសួង​​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​​ និង​​នវានុវត្តន៍​​

លោក​ ចម​ ប្រសិទ្ធ​ ធ្លាប់​​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាង​មួយ​ទស្ស​វត្ស​មុន​ ហើយ​​​​ត្រូវ​បាន​ស្នើ​ឱ្យមក​​ដឹកនាំ​​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ដែល​បំបែកចេញ​​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​។​ លោក​គឺ​​​ជា​​ឪពុក​​របស់​​លោកស្រី​​ ចម​ និម្មល​ និង​​ជា​​ឪពុក​​ក្មេក​​របស់​​លោក​ សុខ​ សូ​​កេ​​ន​ រដ្ឋមន្ត្រី​​ក្រសួង​​ទេសចរណ៍​​ថ្មី​។​

លោក​ ហែម​ វណ្ណ​ឌី​ រដ្ឋមន្ត្រី​​ក្រសួង​​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ និង​​នវានុវត្តន៍​​

លោក​ ហែម​ វណ្ណ​ឌី​​ ជា​​រដ្ឋលេខាធិការ​​ក្រសួង​​សេដ្ឋកិច្ច​ និង​​ហិរញ្ញវត្ថុ​។​ លោក​ធ្លាប់ធ្វើ​ការ​នៅ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ អាជ្ញាធរ​កំចាត់​​មីន​​កម្ពុជា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​នៅ​​ទី​ភ្នាក់​​ងារ​​ UNFPA។​ លោក​​បាន​​រៀប​​ការ​​ជាមួយ​​កូន​​ស្រី​​របស់​​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​​ក្រសួង​​ការ​​បរទេស​​​ដែល​​ត្រូវ​​ចាកចេញ​​នោះ​​។​

លោក​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​​រ៉ែ​​ និង​​ថាម​​ពល​​

លោក​ ស៊ុយ​ សែម​ បាន​បម្រើការ​ជារ​ដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ មុន​​​ពេល​ក្រសួង​នេះ​ ត្រូវ​បាន​បំបែក​ជា​ពីរ​ កាល​​ពី​​ឆ្នាំ២០១៣​។​ លោក​​គឺជា​ស្វាមី​​របស់​លោកស្រី​​ ជា​ ខេង​ ដែល​ជា​ម្ចាស់​ក្រុម​​ហ៊ុន​ KDC International ដែល​ពាក់​​ព័ន្ធ​​ជម្លោះដីធ្លី​​រ៉ាំរ៉ៃ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​​។​

លោក​ កែវ​ រតនៈ​ រដ្ឋមន្ត្រី​ក្រសួង​​រ៉ែ​និង​ថាមពល​​

លោក​ កែវ​ រតនៈ​ ជា​ប្រធាន​​អគ្គិសនី​កម្ពុជា​ ហើយនឹង​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​​នៅ​​​ក្រសួង​រ៉ែ​ និង​​ថាម​​ពល​ ដែល​បាន​នឹង​កំពុងធ្វើការ​ ដើម្បី​ធ្វើ​ឱ្យ​​ប្រទេស​​កម្ពុជា​​ មាន​ថាម​​ពល​​​អគ្គិសនី​​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​​ ប៉ុន្តែ​​ថាមពល​ថ្មី​ភាគច្រើន​បាន​​មក​ពី​ធ្យូងថ្ម​ និង​ទំនប់​វារីអគ្គិសនី​។​

លោក​ ម៉ម​ ប៊ុ​ន​​ហេង​​ រដ្ឋមន្ត្រី​​ក្រសួង​​សុខា​​ភិបាល​​

លោក​ ម៉ម​ ប៊ុ​ន​ហេង​ គឺជា​មេដឹកនាំ​ជួរមុខ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​​ក្នុង​ការទប់ស្កាត់​ជំងឺរាតត្បាត​កូ​វីដ​-១៩​ ហើយ​ត្រូវ​បាន​សាទរ​ចំពោះ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​។​

លោក​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​​សុខាភិបាល​​

លោក​ ឈាង​ រ៉ា​ ចូលកាន់​តំណែង​បន្ត​​ពី​លោក​ ម៉ម​ ប៊ុ​ន​ហេង​ ហើយនឹង​លាលែង​ពី​​​តំណែង​ជា​ប្រធានមន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​គ្រប់គ្រង​ដោយ​រដ្ឋ​។​ លោក​ ឈាង​ រ៉ា​ បាន​​​​​រៀប​​ការ​​ជា​​មួយ​លោកស្រី​ គឹម​ សុខ​​លាភ​ ជា​​​ក្មួយ​​ស្រី​​របស់​​លោក​​ជំទាវ​​ ប៊ុ​ន​ រ៉ា​នី​​​​។​

លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រី​​ក្រសួង​​ការងារ​​ និង​​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​​

លោក​ អ៊ិ​ត​ សំ​ហេង​ កន្លងមក​​ធ្លាប់​ដឹកនាំ​​ក្រសួង​សង្គមកិច្ច​ មុន​ពេល​ចូល​កាន់​តំ​​ណែង​​ជារ​ដ្ឋ​មន្ត្រី​ក្រសួងការងារ​។​ គេ​មើល​​ឃើញ​​ថា​ វិស័យ​នេះ​មាន​​ភាព​ចលា​​ចល​​ជា​​បន្ត​​​បន្ទាប់​​ជុំវិញ​ប្រាក់ឈ្នួល​ ការ​ធ្វើ​​ឱ្យ​​សហជីព​ចុះ​ខ្សោយ​​ និង​ការ​បិទ​រោងចក្រ​ ដែល​ជា​រឿយ​ៗ​ធ្វើ​ឱ្យ​កម្មករ​មិនបាន​ទទួល​​អ្វី​ទាំងអស់​​ ក្រៅពី​​ប្រាក់ឧបត្ថម្ភ​​តិច​​តួច​​ ដែល​ផ្តល់​ដោយ​ក្រសួងការងារ​​។​

លោក​ ហេង​ សួរ​​ រដ្ឋមន្ត្រី​ក្រសួង​​ការងារ​ ​និង​​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​​

លោក​ ហេង​ សួរ​ ធ្លាប់​​ជារ​ដ្ឋ​លេខាធិការ​ក្រសួងការងារ​ និង​ជាផ្នែក​មួយ​​នៃ​កិច្ច​ខិត​​ខំប្រឹង​ប្រែង​​ ដើម្បី​ចាប់ផ្តើម​បង្កើត​​ក្រុមប្រឹក្សា​ជាតិ​​ប្រាក់ឈ្នួល​អប្បបរមា​ដែល​​មាន​​​​​យន្ត​​ការ​​ត្រីភាគី​។​ ប៉ុន្តែ​សម្រេច​​បាន​​តិចតួច​​ក្នុង​​ការ​​ដោះស្រាយ​​បញ្ហា​​ដ៏​​​អូស​បន្លាយ​​​ផ្សេង​​ទៀត​​ ​ដែល​​កំពុង​​ញាំញី​​​វិស័យ​​កាត់ដេរ​ ដូចជា​​ការ​​ដឹក​​ជញ្ជូន​​កម្មករ​​ដែល​​មាន​​ហា​នី​ភ័យ​​ និង​​សិទ្ធិ​​កម្មករ​ជា​​ដើម​​។​

លោក​ ជា​ វ៉ាន់​​ដេ​ត​​ រដ្ឋមន្ត្រី​ក្រសួង​​ប្រៃ​ស​ណី​​យ៍​ និង​ទូរគមនាគមន៍​​

លោក​ ជា​ វ៉ាន់​ដេ​ត​ នឹង​បន្ត​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​។​ លោក​​បាន​​ចូល​​ដឹកនាំ​​​ក្រសួង​នេះ​ ​​នៅ​​ឆ្នាំ២០២០​ ហើយ​​ចាប់​​តាំង​​ពី​​ពេល​​នោះ​​មក​ ​បាន​​ឯកភាព​​ឱ្យ​​​​បិទ​​គេហទំព័រ​​ព័ត៌មាន​​រិះគន់​រដ្ឋាភិបាល​​មួយចំនួន​​ និង​​កំណត់​​មូលដ្ឋាន​​សម្រាប់​​ច្រក​ទ្វារ​​​អ៊ីនធឺណិត​​ជាតិ​។​

លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​​ រដ្ឋមន្ត្រី​​ក្រសួង​​អភិវឌ្ឍ​ជន​​បទ​​

លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ធ្លាប់​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ មុន​​ពេល​លោក​ត្រូវ​បាន​ផ្លាស់ទៅ​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។​ លោក​​ត្រូវ​​បាន​​គេ​​ចោទ​​ប្រកាន់​​ពី​​បទ​​ពុក​​រលួយ​ និង​​បក្ខពួក​​និយម​​ ដោយ​​សារ​​​ការ​​ជ្រើស​​រើស​​​កូន​​​ប្រុស​ និង​​សមាជិក​​គ្រួសារ​​ចូល​​បម្រើ​​ការ​​ងារ​​​ក្នុង​​ក្រសួង​នេះ​​។​

លោក​ ឆាយ​ ឫទ្ធិ​​សែន​ រដ្ឋមន្ត្រី​​ក្រសួង​​អភិវឌ្ឍ​ជន​​បទ​​

លោក​ ឆាយ​ រិទ្ធិ​​សែន​ ធ្លាប់​បម្រើការ​នៅ​មន្ទីរ​រៀបចំ​ដែនដី​ រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ត្រូវ​បាន​ដកចេញ​វិញ​ បន្ទាប់ពី​មាន​ជម្លោះដីធ្លី​ជាច្រើន​នៅក្នុង​រាជធានី​ រួម​ទាំង​ជម្លោះដីធ្លី​​នៅ​តំបន់​​បឹងកក់​ផង​ដែរ​។​ លោក​​ជា​​កូន​​ប្រុស​​របស់​​លោក​ ឆាយ​ ថន​ រដ្ឋមន្ត្រី​​ក្រសួង​​ផែនការ​ ដែល​នឹង​​ត្រូវ​​ចាកចេញ​​ពី​​មុខ​​តំណែង​​។​

លោក​ ប៉ាន​ សូរ​ស័ក្តិ​​ រដ្ឋមន្ត្រី​​ក្រសួង​​ពាណិជ្ជ​​កម្ម​​​

លោក​ ប៉ាន​ សូរ​ស័ក្តិ​ ធ្លាប់​​ជារ​ដ្ឋ​លេខាធិការ​ មុន​ពេល​លោក​ត្រូវ​បាន​ដំឡើង​ឋានៈ​ជារ​ដ្ឋ​​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ២០១៦​​។​ លោក​បាន​អនុម័ត​ច្បាប់​ស្តី​ពី​​ពាណិជ្ជកម្ម​តាម​​ប្រព័ន្ធ​​អេ​ឡិច​​ត្រូ​និក​ ដែល​បាន​ពន្យារពេល​ជាយូរមកហើយ​ ដែល​​ដាក់ទណ្ឌកម្ម​អ្នកលក់​អន​ឡាញ​ ជាទី​ផ្សារ​ដ៏​​ធំ​នៅ​លើ​ Facebook ដែល​មិនបាន​​ចុះឈ្មោះ​ជាមួយ​រដ្ឋាភិបាល​។​

លោកស្រី​ ចម​ និម្មល​ រដ្ឋមន្ត្រី​​ក្រសួង​​ពាណិជ្ជកម្ម​​

លោកស្រី​​ ចម​ និម្​ម​​ល​ បាន​ធ្វើការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​ ហើយ​ថ្មី​ៗ​នេះ​បាន​បម្រើការ​ជារ​ដ្ឋ​លេខាធិការ​នៅ​ក្រសួង​នេះ​​។​ លោក​​ស្រី​​គឺ​​​ជា​​កូន​​ស្រី​​របស់​​លោក​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រី​​ក្រសួង​​ឧស្សាហកម្ម​ ដែល​​ធ្លាប់​​កាន់​​តំណែង​​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​ពាណិជ្ជ​​កម្ម​​កន្លង​​មក​។​ បង​​ប្អូន​​ស្រី​​របស់​​លោក​​ស្រី​​​បាន​​រៀប​​​ការ​​ជាមួយ​​លោក​ សុខ​​ សូ​កេន​ ​រដ្ឋមន្ត្រី​​ក្រសួង​​​ទេសចរណ៍​​ថ្មី​។​

លោក​ ឆាយ​ ថន​ រដ្ឋមន្ត្រី​​ក្រសួង​​ផែន​​ការ​​

លោក​ ឆាយ​ ថន​ ជារ​ដ្ឋ​មន្ត្រី​ក្រសួង​​ការបរទេស​ ក្រោម​រដ្ឋាភិបាល​គ្រប់គ្រង​​ដោយ​វៀតណាម​ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០​ បន្ទាប់មក​ លោក​​បាន​ផ្លាស់ទៅ​​ក្រសួង​ផែន​​ការ​​ ក្នុង​​ឋានៈ​ជារ​ដ្ឋ​លេខាធិការ​ មុន​​ពេល​ឡើងជា​រដ្ឋមន្ត្រី​។​ កូនប្រុស​របស់​​លោក​គឺ​​លោក​​ ឆាយ​ រិទ្ធី​សែន​ នឹង​ចូលកាន់​តំណែង​ជារ​ដ្ឋ​មន្ត្រី​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។​

លោក​ ប៊ិន​ ត្រឈៃ​ រដ្ឋមន្ត្រី​ក្រសួង​​ផែន​​ការ​​

លោក​ ប៊ិន​ ត្រឈៃ​ នឹង​​ចូល​​ដឹកនាំ​​ក្រសួង​ផែន​​ការ​​ដែល​កាន់តែ​​មាន​​ប្រសិទ្ធភាព​​​ចំពោះ​​ប្រជាពលរដ្ឋ​​ចាប់តាំងពី​មាន​​ការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ នៅ​​ពេល​​រដ្ឋាភិបាល​​បង្កើន​​​ការ​ចំណាយ​លើ​កម្មវិធី​បណ្ណ​ក្រីក្រ​។​ លោក​​គឺ​​ជា​​កូន​​ប្រុស​​របស់​​លោក​ ប៊ិន​ ឈិន​ រដ្ឋមន្ត្រី​​ទទួល​​បន្ទុក​​ទី​ស្តី​ការ​​គណៈរដ្ឋ​មន្ត្រី​។​

លោក​ វង​ សូត​ រដ្ឋមន្ត្រី​​ក្រសួង​​សង្គមកិច្ច​​ អតីត​​យុទ្ធជន​​និង​​យុវ​នីតិសម្បទា​

លោក​ វង​ សូត​ បាន​រង​ការរិះគន់​ចំពោះ​ការ​ចាត់​​ចែង​របស់ក្រ​សួង​ចំពោះ​មណ្ឌល​ព្រៃ​ស្ពឺ​ និង​ចំពោះ​​មតិ​​ដែល​លោក​បាន​ធ្វើ​កាលពី​ឆ្នាំ២០១៧​ ដោយ​គំរាម​វាយ​មនុស្ស​នឹង​គល់​​ឫស្សី​ ប្រសិនបើ​ពួកគេ​តវ៉ា​លទ្ធផល​បោះឆ្នោត​ឆ្នាំ២០១៨​។​ លោក​​ជា​​កូន​​ប្រសា​​ររបស់​​លោក​ ហេង​ សំ​រិន​ ​ដែល​​ជា​​ប្រធាន​រដ្ឋសភា​​​។​

លោក​ ជា​ សុ​មេធី​ រដ្ឋមន្ត្រី​ក្រសួង​​សង្គម​​កិច្ច​​ អតីត​​យុទ្ធជន​ ​និង​​យុវ​នីតិសម្បទា​​

លោក​ ជា​ សុ​មេធី​ ធ្លាប់ធ្វើ​ជា​អភិបាលខេត្ត​ព្រៃវែង​ ដែល​ជាទី​តាំង​​រឹងមាំ​របស់​លោក​ ជា​ ស៊ី​ម​ ដែល​​ជា​​ឪពុក​របស់​​លោក​​​ និង​ជា​អតីតប្រធាន​គណបក្សប្រជាជន​កម្ពុជា​​។​ កន្លងមក​ លោក​ ជា​​ សុ​មេធី​ ធ្លាប់​​ជា​​អគ្គស្នងការ​​រង​​នគរបាល​​ជាតិ​។​ លោក​​ក៏​ជា​​សាច់ញាតិ​​​​របស់​​​លោក​ ស​ ខេង​ និង​​លោក​ ស​ សុខា​ ផង​ដែរ​​។​

លោក​ ឌិ​ត​ ទីណា​ រដ្ឋមន្ត្រី​​ក្រសួង​​កសិកម្ម​​ រុក្ខាប្រមាញ់​​ និង​​នេសាទ​​

លោក​ ឌិ​ត​ ទីណា​ នឹង​បន្ត​​ដឹកនាំ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ដដែល​​​។​ លោក​​ជា​​រដ្ឋមន្ត្រី​​ថ្មី​​បំ​​ផុត​​ ដែល​ត្រូវ​​បាន​​​បន្ថែម​ទៅ​​​ក្នុង​​គណៈរដ្ឋ​មន្ត្រី​​ចាស់​​។​ លោក​​បាន​​ផ្តួច​​ផ្តើម​​គោល​​នយោបាយ​​ឱ្យ​មាន​​​អ្នក​​ជំនាញ​​កសិកម្ម​​ម្នាក់​​ក្នុង​​មួយ​​ឃុំ​​ និង​​ចង់​​បង្កើន​​ការ​​នាំ​​ចេញ​​​ដំណាំ​​កសិកម្ម​​។​ លោក​គឺ​​​ជា​​កូន​​ប្រុស​​របស់​​លោក​ ឌិ​ត​ មុន្​ទី​ ជា​​ប្រធាន​​​តុលាការ​​កំ​​ពូល​ និង​​ជា​​បង​​ថ្លៃ​​របស់​លោក​ សាយ​ សំ​អាល់​ ​រដ្ឋមន្ត្រី​​ក្រសួង​​រៀបចំ​​ដែនដី​​ថ្មី​។​

លោក​ លឹម​ គាន​​ហោ​ រដ្ឋមន្ត្រី​ក្រសួង​​ធន​​ធាន​​ទឹក​​ និង​​ឧតុនិយម​​

លោក​ លឹម​ គា​ន​ហោ​ បាន​​ដឹកនាំ​​ក្រសួង​​នេះ​​ អស់​​រយៈពេល​​ជាង​​ពីរ​​ទសវត្សរ៍​​មក​​ហើយ​ ហើយ​​ថ្មី​ៗ​​នេះ​​បាន​​ប្រឈម​​នឹង​​ការ​​រិះគន់​​ចំពោះ​​ការ​​តែងតាំង​​កូន​របស់​​លោក​​​​​ពីរ​​រូប​ ​ឱ្យ​​ចូល​​បម្រើ​​ការងារ​​ក្នុង​​ក្រសួង​នេះ​​។​

លោក​ ថោ​ ជេដ្ឋា​​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ និងឧតុនិយម​

លោក​ ថោ​ ជេដ្ឋា​​ ជា​​រដ្ឋលេខាធិការ​​ក្រសួង​​ធន​​ធាន​​ទឹក​ និង​​ឧតុនិយម​ ហើយ​​លោក​​នឹង​​ចូលកាន់​​តំណែង​ជា​​រដ្ឋ​​មន្ត្រី​​​នៅ​​ក្រសួង​នេះ​​។​

លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌មាន​​

លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ កន្លងមក​​ធ្លាប់​បាន​ស្នើសុំ​​លោក​ ហ៊ុន​ សែន​ ឱ្យ​​ដាក់​​លោក​​ចូល​​និវត្តន៍​ ហើយ​ឥឡូវនេះ​ នឹងអាច​ប្រគល់​តំណែង​ទៅ​​ឱ្យ​រដ្ឋមន្ត្រី​​ថ្មី​​។​ ក្រសួងព័ត៌មាន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​​បិទ​​សារព័ត៌មាន​សេរី​ជា​​ប្រព័ន្ធ​​តាំងពី​ឆ្នាំ​​២០១៧​ មក​​។​

លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌មាន​​

លោក​ នេត្រ​ ភក្ត្រា​ ជា​​អ្នក​​នាំពាក្យ​​ក្រសួង​​បរិស្ថាន​ ទី​​ដែល​​​លោក​​តែងតែ​​បដិសេធ​​ការ​​ចោទ​​ប្រកាន់​​​អំ​​ពី​​ការ​​កាប់​​បំផ្លាញ​​ព្រៃឈើ​​ក្នុង​​ប្រទេស​​កម្ពុជា​​។​ លោក​​នឹង​​ចូល​​កាន់​​តំណែង​​ជារ​ដ្ឋ​មន្ត្រី​​​ក្រសួង​​ព័ត៌មាន​ ដោយ​​លោក​ក៏​ធ្លាប់​​ធ្វើ​​ការ​​ក្នុង​​ក្រុម​​​ទំនាក់ទំនង​​ព័ត៌មាន​​សម្រាប់​​សាលា​ក្តី​​ខ្មែរ​​ក្រហម​ផង​ដែរ​​។​

លោកស្រី​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​​ក្រសួង​​វប្បធម៌​ និង​​វិចិត្រ​​សិល្បៈ​​​

លោកស្រី​ ភឿង​ សកុណា​ រក្សា​​តំណែង​​​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​​វប្បធម៌​ និង​​វិចិត្រ​សិល្បៈ​​ដដែល​​។​ លោក​​ស្រី​ឈានមុខ​គេ​ក្នុង​ការ​ទាមទារ​​ឱ្យ​បញ្ជូន​​វត្ថុបុរាណ​សម័យ​អង្គរ​ដែល​ត្រូវ​​បាន​​លួច​​ជាច្រើន​ឆ្នាំ​ យក​​ត្រឡប់​​មក​​ប្រទេស​កម្ពុជា​​វិញ​​ ប៉ុន្តែ​លោក​​ស្រី​​ក៏​​បាន​ធ្វើការងារ​​ជុំវិញ​​ការ​​បណ្តេញ​ប្រជាពលរដ្ឋ​​ចេញពី​លំនៅ​ដ្ឋាន​​នៅ​តំ​​បន់​​ជុំ​​វិញ​ប្រាសាទអង្គរវត្ត​ ហើយ​​បាន​​ឱ្យ​ពួកគេ​ផ្លាស់ទៅ​កន្លែង​តាំង​​ទីលំនៅ​ថ្មី​​ដែល​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​។​​

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​​ក្រសួង​​ទេសចរណ៍​​

លោក​ ថោង​ ខុន​ បាន​បម្រើការ​ជារ​ដ្ឋ​លេខាធិការ​ក្រសួង​​ទេសចរណ៍​​តាំងពី​ឆ្នាំ១៩៩៣​ មុន​ពេល​​ទទួល​​យក​​តំណែង​​កំពូល​នៃ​ក្រសួង​នេះ​​នៅ​ឆ្នាំ​​២០០៨​។​ លោក​បាន​ព្យាយាម​ជួយ​​ស្តារ​​វិស័យ​​ទេស​​ចរណ៍​​​កម្ពុជា​ឱ្យ​ផុត​ពី​គ្រោះមហន្តរាយ​វិស័យ​​ទេសចរ​​ណ៍​ អំឡុង​ពេល​​មាន​​ការ​​រាតត្បាត​ជំងឺ​​កូ​វីដ​​-១៩​ ហើយ​បាន​ជំរុញ​ឱ្យ​​មាន​​​ភ្ញៀវ​ទេសចរ​​ចិន​​ត្រឡប់​​មក​ប្រទេស​កម្ពុជា​​វិញ​។​

លោក​ សុខ​ សូ​កេន​ រដ្ឋមន្ត្រី​​ក្រសួង​​ទេសចរណ៍​

លោក​ សុខ​ សូ​កេន​ ទើប​​នឹង​​ក្លាយ​​ជារ​ដ្ឋ​លេខាធិការ​​ក្រ​​សួង​ការបរទេស​ និង​សហ​ប្រ​​តិប​ត្តិ​ការអន្តរជាតិ​នា​ពេល​ថ្មី​ៗ​នេះ​​ ហើយ​លោក​​ក៏​​ធ្លាប់​បម្រើការ​​ងារ​​នៅ​ក្រសួង​ពាណិជ្ជកម្ម​ និង​​ក្រុមប្រឹក្សា​អភិ​​វឌ្ឍន៍​​កម្ពុជា​។​ លោក​​គឺ​​ជា​​កូនប្រុស​​​របស់​​លោក​ សុខ​ អាន​ ដែល​​​ជា​​អតីត​​​រដ្ឋមន្ត្រី​​ទី​ស្តី​ការ​​គណៈរដ្ឋ​មន្ត្រី​ និង​​បាន​​រៀប​​ការ​​ជាមួយ​​កូន​​ស្រី​​របស់​​លោក​ ចម​ ប្រសិទ្ធ​។​

លោក​ ឈិ​ត​ សុ​ខុន​​ រដ្ឋមន្ត្រី​​ក្រសួង​​ធម្មការ​​ និង​​សាសនា​​

លោក​ ឈិ​ត​ សុ​ខុន​ ធ្លាប់​​ជារ​ដ្ឋ​លេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ មុន​ពេល​លោក​ត្រូវ​​បាន​តែង​​តាំង​​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​​ធម្មការ​​ និង​​សាសនា​​នៅ​ឆ្នាំ២០២០​។​

លោក​ ឆាយ​ បូរិ​ន​ រដ្ឋមន្ត្រី​​ក្រសួង​​ធម្មការ​ និងសាសនា​​

លោក​ ឆាយ​ បូរិ​ន​ ជា​តំណាង​រាស្រ្ត​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ ហើយ​លោក​​បាន​ជួប​ជា​​មួយ​​​អ្នក​គាំ​​ទ្រ​គណបក្ស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​​និយាយ​​ថា​ លោក​នាំ​មតិ​ផ្តាំផ្ញើ​​ពី​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​​នាំ​ឱ្យ​មានការ​លើក​​ឡើង​​ពី​​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​​លោក​​ជា​​មួយ​​នាយក​រដ្ឋមន្ត្រី​ថ្មី​​រូប​​នេះ​​។​

លោកស្រី​​ អ៊ឹ​ង​ កន្ថា​ផា​វី​ រដ្ឋ​​មន្ត្រី​ក្រសួង​​កិច្ច​​ការ​​នារី​​

លោកស្រី​ អ៊ឹ​ង​ កន្ថា​ផា​វី​ នឹង​បន្ត​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារី​ បន្ទាប់ពី​លោក​​ស្រី​​ស្ថិត​​ក្នុង​តំណែង​​រដ្ឋមន្ត្រី​​នេះ​ ជិត​ពីរ​ទសវត្សរ៍​។​ លោកស្រី​គឺ​​​ជា​​រដ្ឋមន្ត្រី​មួយ​​រូប​​ក្នុង​​ចំ​​ណោម​​រដ្ឋមន្ត្រី​ប៉ុន្មាន​​រូប​​ចុងក្រោយ​​មក​ពី​​​​គណបក្ស​​ហ៊្វុន​ស៊ិន​​ប៉ិច​​​ ​ដែល​​បាន​​ចូលរួម​​​ជាមួយ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ កាល​​ពី​​ដើម​​ទសវត្សរ៍​​ឆ្នាំ២០០០​។​ អំពើ​ហិ​​ង្សា​​លើ​ស្ត្រី​ និង​​កុមារ​ នៅតែ​ជា​បញ្ហា​ដែល​​កំពុង​​បន្ត​កើត​​មាន​​​ ដោយមាន​ជនរងគ្រោះ​​ជាច្រើន​ទទួល​​បាន​​ជំនួយ​​តិចតួច​ពី​​នគរបាល​​ និង​​ប្រព័ន្ធ​តុលាការ​​នៅ​​កម្ពុជា​​​​។​

លោក​ ព្រុំ​ សុខា​ រដ្ឋមន្ត្រី​​ក្រសួង​​មុខងារ​​សាធារណៈ​​

លោក​ ព្រុំ​ សុខា​ បាន​ចូលកាន់​តំណែង​នេះ​នៅ​ឆ្នាំ​​២០២០​ បន្ទាប់ពី​ធ្វើជា​រដ្ឋ​លេ​​ខា​ធិការ​ក្រសួង​មហា​​ផ្ទៃ​​អស់​រយៈពេល​យ៉ាង​យូរ​។​

លោក​ ហ៊ុន​ ម៉ា​នី​ រដ្ឋមន្ត្រី​​ក្រសួង​​មុខងារ​​សាធារណៈ​​

លោក​ ហ៊ុន​ ម៉ា​នី​ គឺ​​ជា​តំណាង​រាស្រ្ត​មក​ពី​មណ្ឌល​​ខេត្ត​កំពង់ស្ពឺ​ និង​គ្រប់គ្រង​សហ​​ភាព​​សហព័ន្ធ​យុវជន​​កម្ពុជា​​ (UYFC) ដ៏​មាន​ប្រជាប្រិយ​ ដែល​ដំណើរ​​ការ​​ជា​ក្រុម​យុវជន​ក្រៅផ្លូវការ​របស់​គណបក្សប្រជាជន​កម្ពុជា​​។​ លោក​​គឺ​​ជា​​កូន​​ប្រុស​​របស់​​លោក​ ហ៊ុន​ សែន​ ​និង​​ជា​​ប្អូន​​​ប្រុស​​របស់​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​។​ លោក​​រៀប​​ការ​​ជាមួយ​​កូន​​ស្រី​​របស់​​លោក​ យឹម​ ឆៃ​លី​ ហើយ​​ក៏​​ត្រូវ​​ជា​​សាច់ញាតិ​​​ជាមួយ​លោក​​ សុខ​ សូ​កេ​​ន​ លោក​ ឈាង​ រ៉ា​ និង​លោក​ ​ហួត​ ហាក់​ ផង​​ដែរ​​។​

លោក​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​​ទទួល​​បន្ទុក​រដ្ឋ​​​លេខាធិការ​ដ្ឋាន​​អាកាស​​ចរ​ស៊ីវិល​​

លោក​ ម៉ៅ​ ហា​វណ្ណា​ល់​ នឹង​បន្ត​ដឹកនាំ​​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ (SSCA)។​ លោក​​ត្រូវ​បាន​បណ្តុះបណ្តាល​ជា​អ្នកបើកយន្តហោះ​ MiG-21 ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០​​។​ លោក​​បើក​យន្តហោះ​​ VIP ដោយ​​ដឹក​ភ្ញៀវ​​សំ​ខាន់​ៗ​ និង​​ធ្លាប់​​​បើក​​ជូន​​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ផង​ដែរ​​។​ លោក​​បាន​បម្រើ​​ការ​​នៅ​ SSCA អស់​រយៈ​​ពេល​​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​

លោក​ វ៉ា​ គឹ​មហុង​ ទេស​រដ្ឋមន្ត្រី​​និង​ជា​​ប្រ​ធា​​ន​ គណៈកម្មាធិការ​​​កិច្ច​​ការ​​ព្រំដែន​​កម្ពុជា​​

លោក​ ឡាំ​ ជា​​ រដ្ឋ​​មន្ត្រី​ទទួល​​បន្ទុក​​រដ្ឋ​​លេខា​​ធិការ​​ដ្ឋាន​​​កិច្ច​​ការ​​ព្រំដែន​

ទេស​រដ្ឋមន្ត្រី​​ទទួល​​បន្ទុក​​បេសកកម្ម​ពិសេស​​

លោក​ វ៉ា​ គឹ​មហុង​ ទេស​រដ្ឋមន្ត្រី​​

លោក​ គន់​ គីម​​ ទេស​រដ្ឋមន្ត្រី​​

លោក​ ហូ​ សិទ្ធី​​ ទេស​​រដ្ឋមន្ត្រី​​

លោក​ ប៉ុល​ សា​រឿន​​ ទេស​​រដ្ឋ​​មន្ត្រី​​

លោក​​ ឱម​​ យ៉ិ​​ន​ទៀង​​ ទេស​រដ្ឋមន្ត្រី​​

លោក​ អៀង​ មូលី​​ ទេស​​រដម​ន្ត្រី​​

លោក​ មាស​ សុ​​ភា​​ ទេស​រដ្ឋមន្ត្រី​​

លោក​ ញឹម​ វណ្ណ​ដា​​ ទេស​រដ្ឋមន្ត្រី​​

លោក​ ឃុន​ ហាំង​ ទេស​រដ្ឋមន្ត្រី​​

លោក​ អូ​ស្មាន់​ ហា​សាន់​ ទេស​រដ្ឋមន្ត្រី​​

លោក​ លី​ ធុ​ជ​ ទេស​រដ្ឋមន្ត្រី​

លោក​ យឹម​ ណុល​ឡា​ ទេស​រដ្ឋមន្ត្រី​​​

លោក​ ជិ​​ន​ ប៊ុ​ន​ស៊ាន​​ ទេស​រដ្ឋមន្ត្រី​​

ទេស​រដ្ឋមន្ត្រី​​ទទួល​​បន្ទុក​​បេសកកម្ម​ពិសេស​

លោក​ គន់​ គីម​​ ទេស​រដ្ឋមន្ត្រី​​

លោក​ទទួល​​បន្ទុក​​កិច្ច​​ការ​​អតីត​​យុទ្ធ​​ជន​​ និង​​ជន​​ពិការ​​ ជា​​អនុប្រធាន​​ទី១​ នៃ​គណៈកម្មាធិការ​​ជាតិ​​គ្រប់​​គ្រង​​គ្រោះ​​មហន្ត​​រាយ​​ និង​​ទទួល​​បន្ទុក​​អនុវត្ត​​ការ​​ងារ​​ផ្សេងទៀត​​ តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​​មន្ត្រី​​។​​

លោក​ ហូ​ សិទ្ធី​​​ ទេស​រដ្ឋមន្ត្រី​​

លោក​​ទទួល​​បន្ទុក​​ជា​​នាយក​​ខុទ្ធ​កាល័​យ​​នាយក​​រដ្ឋ​​មន្ត្រី​​ និង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ផ្សេង​​ទៀត​​ តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ទេស​រដ្ឋមន្ត្រី​​

លោក​ទទួល​​បន្ទុក​​ជា​​ប្រធាន​​ក្រុម​​ប្រឹក្សា​​ស្តារ​​ អភិវឌ្ឍន៍​​វិស័យ​​កសិកម្ម​​ និង​​ជនបទ​​ ជា​​ប្រធាន​​គណៈកម្មាធិការ​​ជាតិ​​ជំរុញ​​ចលនា​​ភូមិ​​មួយ​​ផលិត​​​ផល​​មួយ​ និង​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​។​​

លោក​ ឱម​ យ៉ិន​​ទៀង​ ទេស​រដ្ឋមន្ត្រី​​

លោក​ទទួល​​បន្ទុក​​ជា​​ប្រធាន​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​​រលួយ​​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ផ្សេង​​ទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ អៀង​ មូ​​លី​ ទេស​រដ្ឋមន្ត្រី​​

លោក​ទទួល​​បន្ទុក​​ដឹកនាំ​​អាជ្ញាធរ​​ជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ជំងឺ​​អេដស៍​​ និង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​

លោក​ ថោង​ ខុន​​ ទេស​រដ្ឋ​​មន្ត្រី​

លោក​​ទទួល​​បន្ទុក​​ជំរុញ​​ការ​​អភិវឌ្ឍ​ចលនា​កីឡា​​និង​​ដឹកនាំ​​គណៈកម្មាធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា​​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការ​​ងារ​​ផ្សេង​​ទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ ពេជ្រ​ សោភ័ន​​ ទេស​រដ្ឋមន្ត្រី​​

លោក​ទទួល​​បន្ទុក​​លើ​​ការ​​ពង្រឹង​​ការ​​អប់រំ​​ និង​​ការ​​បណ្តុះ​​បណ្តា​លល​​វិជ្ជាជីវៈ​ និង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ ព្រុំ​ សុខា​ ទេស​រដ្ឋមន្ត្រី​​

លោក​​ទទួល​​បន្ទុក​​ជា​​ប្រធាន​​អាជ្ញាធរ​​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​​និង​​គ្រឿង​​ញៀន​​ និង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ផ្សេងទៀត​​តាម​​ការ​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ សក់​ សេដ្ឋា​ ទេស​រដ្ឋមន្ត្រី​​

លោក​​ទទួល​​បន្ទុក​​ជា​​អនុ​​ប្រធាន​​អចិន្ត្រៃយ៍​​នៃ​គណៈកម្មាធិការ​​ជាតិ​​សម្រាប់​​ការ​​អភិវឌ្ឍ​តាម​​បែប​​ប្រជា​​ធិប​តេយ្យ​​នៅ​​ថ្នាក់​​ក្រោម​​ជាតិ​​ និង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​។​

លោក​ អូ​ស្មាន់​ ហា​សាន់​ ទេស​រដ្ឋមន្ត្រី​​

លោក​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​ការងារ​​ចលនា​​មូស្​លីម​​ និង​​ទទួល​​បន្ទុក​​អនុវត្ត​​ការ​​ងារ​​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ លី​ ធុ​ជ​ ទេស​រដ្ឋមន្ត្រី​

លោក​​ទទួល​​បន្ទុក​​ជា​​ប្រធាន​​គណៈកម្មាធិការ​​ជាតិ​​អេ​ស្កា​ប់​​ ជា​​អនុប្រធាន​​ទី១​ នៃ​​អាជ្ញាធរ​​កម្ពុជា​​គ្រប់​​គ្រង​​សកម្មភាព​​កំចាត់​មីន​​ និង​​សង្គ្រោះ​​ជន​​ពិការ​​ដោយសារ​​មីន​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការ​​ងារ​​ផ្សេង​​ទៀត​​តាម​​ការ​​ប្រ​​គល់​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ ឆែម​ គា​​តរិទ្ធី​ ទេស​​រដ្ឋ​​មន្ត្រី​​

លោក​​ទទួល​​បន្ទុក​​ជា​​ប្រធាន​​ក្រុម​​សង្កេត​​ការណ៍​​សេដ្ឋ​​កិច្ច​​ សង្គមកិច្ច​​ និង​​វប្បធម៌​​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការ​​ងារ​​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ អុី​ ឈាន​ ទេស​រដ្ឋ​​មន្ត្រី​

លោក​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​ការ​​ងារ​​ទាក់ទង​​នឹង​​គណៈកម្មាធិការ​​ចម្រុះ​កិច្ច​​ការ​ព្រំដែន​ និង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​។​

លោក​ អ៊ុ​ក​ ប្រាថ្នា​ ទេស​រដ្ឋ​​មន្ត្រី​

លោក​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​កិច្ច​​ការ​​សង្គម​​និង​​វប្បធម៌​​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ អ៊ុច​ បូរ​រិទ្ធ​ ទេស​រដ្ឋមន្ត្រី​

លោក​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​ការ​​សម្រប​​សម្រួល​​កិច្ច​​ការ​​ទំនាក់ទំនង​​បរទេស​​ ក្នុង​​ផ្នែក​​គណបក្ស​​នយោបាយ​​ និង​​អង្គការ​​មហាជន​​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​

លោក​ ស្វាយ​ ស៊ី​ថា​ ទេស​រដ្ឋ​​មន្ត្រី​

លោក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​កិច្ច​​ការ​​ព័ត៌មាន​​ និង​​សាធារណមតិ​​ព្រមទាំង​​ ទទួល​​បន្ទុក​​អនុវត្ត​​ការ​​ងារ​​ផ្សេង​​ទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​​។​

លោក​ ឆៃ​ ស៊ី​ណា​រិទ្ធ​ ទេស​រដ្ឋ​​មន្ត្រី​

លោក​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​ការងារ​​សេវា​ប្រមូល​​ និង​​វិភាគ​​ព័ត៌មាន​​ផ្នែក​​សន្តិសុខ​​ ព្រម​​ទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ ឈៀង​ យ៉ា​ណា​រ៉ា​ ទេស​រដ្ឋ​​មន្ត្រី​

លោក​ទទួល​​បន្ទុក​​ជា​​អនុ​​ប្រធាន​​ទី​​២​ នៃ​​ក្រុម​​ប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា​​ ទទួល​​បន្ទុក​​លើ​​ការ​​ងារ​​កិច្ច​​សហ​ប្រ​​តិប​ត្តិ​ការ​​អភិវឌ្ឍន៍​​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​ការងារ​​ផ្សេងទៀត​​តាម​​​​ការ​​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ សុក​ ស៊ី​ផាន់​ណា​ ទេស​រដ្ឋ​​មន្ត្រី​

លោក​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​ការងារ​​ទំនាក់​​ទំនង​​ជាមួយ​​អង្គការ​​អន្តរជាតិ​​ ក្នុង​​វិស័យ​​សេដ្ឋកិច្ច​​ និង​​ពា​ណិ​​ជ្ជ​កម្ម​ ជា​​អាទិ៍​ ASEM BRICS និង​​អង្គការ​​សហប្រតិបត្តិ​​ការ​​សៀងហៃ​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ កែវ​ រ៉េ​មី​ ទេស​រដ្ឋ​​មន្ត្រី​

លោក​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​ការ​​សម្រប​​សម្រួល​​​​ដឹកនាំ​​កិច្ច​​ការ​​សិទ្ធិ​​មនុស្ស​​របស់​​កម្ពុជា​ និង​​ទទួល​​បន្ទុក​​ជា​​ប្រធាន​​គណៈកម្មាធិការ​​សិទ្ធិ​​មនុស្ស​​កម្ពុជា​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការងារ​ផ្សេង​​ទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​

លោក​ គី​ តិច​​ ទេស​​រដ្ឋមន្ត្រី​​

លោក​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​ការ​​ដឹកនាំ​ និង​​គ្រប់​​​គ្រង​​ក្រុម​​មេធាវី​​រាជរដ្ឋាភិបាល​​ ព្រមទាំង​​ទទួល​​បន្ទុក​​អនុវត្ត​​ការ​​ងារ​​ផ្សេងទៀត​​តាម​​ការ​​ប្រគល់​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​។​​​