ប្រវត្តិរូបសង្ខេបខាងក្រោមនេះមានរួមបញ្ចូលទាំងសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រចាស់និងថ្មី ដែលពួកគាត់ គឺជាអតីតឥស្សរជននយោបាយជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។ មាតិកានេះនឹងបន្តធ្វើបច្ចុប្បន្នភាពលើប្រវត្តិរូបសង្ខេបនិងសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រថ្មីៗទៀត។
លោក ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
លោក ហេង សំរិន ធ្លាប់កាន់តំណែងជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី៦ ហើយលោក គឺជាឥស្សរជនជាន់ខ្ពស់មួយរូបនៅក្នុងគណបក្សកាន់អំណាច។ លោក ហេង សំរិន ដែលជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមបានគេចខ្លួនទៅកាន់ប្រទេសវៀតណាម ហើយក្រោយមកលោកបានក្លាយជាមេដឹកនាំស្របច្បាប់នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដោយមានការគាំទ្រពីវៀតណាមចាប់ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១។ លោក ហេង សំរិន បានចូលរួមក្នុងរដ្ឋសភាតាំងពីឆ្នាំ១៩៩៣ និងជាសមាជិករដ្ឋសភាដែលមានវ័យចំណាស់ជាងគេ។ លោកបានជាប់ជាតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់មណ្ឌលត្បូងឃ្មុំ។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
លោក ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ ដោយចាប់ផ្ដើមតំណែងនាយករដ្ឋមន្ត្រីរបស់លោកដោយមានការគាំទ្រពីរដ្ឋាភិបាលវៀតណាម។ កាលពីខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយបើកផ្លូវឲ្យលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកបន្តធ្វើជានាយករដ្ឋមន្ត្រីចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០ ២៣តទៅ។
លោក ហ៊ុន សែន បានជាប់ជាតំណាងរាស្ត្រនីតិកាលទី៧ នៃមណ្ឌលខេត្តកណ្តាល អំឡុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយលោកក៏ជាប់ជាសមាជិកព្រឹទ្ធសភា អំឡុងការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានដាក់លិខិតជាផ្លូវការសុំលាឈប់ពីសមាជិករដ្ឋសភានីតិកាលទី៧ នៃរដ្ឋសភា និងបានក្លាយជាប្រធានព្រឹទ្ធសភាកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
លោក សាយ ឈុំ
លោក សាយ ឈុំ អតីតជាប្រធានព្រឹទ្ធសភា លោកបានកាន់តំណែងជាប្រធានព្រឹទ្ធសភាកាលពីខែមិថុនា ឆ្នាំ២០១៥ ក្រោយពីលោក ជា ស៊ីម ដែលជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា បានទទួលមរណភាពដោយសារជំងឺ។ លោក សាយ ឈុំ គឺជាឥស្សរជនកំពូលមួយរូបនៃគណបក្សប្រជាជនកម្ពុជា។ លោកជាអនុប្រធានគណបក្សផង និងជាអគ្គលេខាធិការគណបក្សផង។ លោក សាយ ឈុំ កើតនៅឆ្នាំ១៩៤៥ នៅខេត្តកំពង់ចាម។ លោកធ្លាប់ធ្វើជាគ្រូបង្រៀននៅមុនសម័យខ្មែរក្រហម។ ក្រោយសម័យខ្មែរក្រហម លោក សាយ ឈុំ បានលេចមុខមាត់ និងបំពេញតួនាទីជាច្រើន មានជាអាទិ៍ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាសមាជិករដ្ឋសភា ជាអនុប្រធានព្រឹទ្ធសភា និងក្រោយមកទៀតក្លាយជាប្រធានព្រឹទ្ធសភា ដែលជាប្រមុខរដ្ឋស្ដីទីនៅពេលអវត្តមានព្រះមហាក្សត្រ។ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី។
លោក ស ខេង
លោក ស ខេង ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោម១០នាក់ផ្សេងទៀត ក្នុងអាណត្តិទី៦ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ លោក ស ខេង បានធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាំងពីឆ្នាំ១៩៩២។ លោក ស ខេង គឺជាប្អូនថ្លៃរបស់លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងត្រូវជាដន្លងជាមួយលោក កែ គឹមយ៉ាន ផងដែរ។ លោក ស ខេង គឺជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោក យឹម ឆៃលី
លោក យឹម ឆៃលី គឺជាសម្ព័ន្ធមិត្តយូរអង្វែងរបស់លោក ហ៊ុន សែន ហើយទទួលខុសត្រូវលើការងារអភិវឌ្ឍន៍ និងការវិនិយោគក្នុងវិស័យកសិកម្ម។ កូនស្រីរបស់លោក យឹម ឆៃលី រៀបការជាមួយកូនប្រុសរបស់លោក ហ៊ុន សែន។ កូនប្រុសច្បងរបស់លោក យឹម ឆៃលី ជាមន្ត្រីនគរបាលជាន់ខ្ពស់ កូនប្រុសម្នាក់ទៀតជាអ្នកជំនួញ និងកូនប្រុសទី៣ ទើបតែត្រូវបានតែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិ។ លោក យឹម ឆៃលី ជាប់ជាតំណាងរាស្ត្រនីតិកាលទី៧ មណ្ឌលខេត្តកំពង់ចាម។កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងលោកជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោក ទេព ងន
លោក ទេព ងន ធ្លាប់បំពេញតួនាទីជាអនុប្រធានទី២ ព្រឹទ្ធសភា។ លោកទទួលបានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសង្គហបណ្ឌិត» តាមព្រះរាជក្រឹត្យ នស/រកត/០៧២០/៧៥៦ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងលោកជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោកស្រី ម៉ែន សំអន
លោកស្រី ម៉ែន សំអន ធ្លាប់ជាស្ត្រីតែម្នាក់គត់នៅក្នុងចំណោមឧបនាយករដ្ឋមន្ត្រីទាំង១០រូបនៅកម្ពុជា។ លោកស្រី ម៉ែន សំអន គឺជាតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់មណ្ឌលខេត្តស្វាយរៀង ហើយលោកស្រីក៏ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។ នៅឆ្នាំ១៩៩៨ លោកស្រីធ្លាប់កាន់តួនាទីជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការសុខភាពសាធារណៈ សង្គម និងកិច្ចការនារី។
លោកស្រីជាប់ជាតំណាងរាស្ត្រដំបូងនៅក្នុងឆ្នាំ២០០៣ និងបានទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៅឆ្នាំ២០០៤ ហើយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងលោកស្រីជាអនុប្រធានគណបក្ស ដែលធ្វើឱ្យចំនួនអនុប្រធានគណបក្សឡើង ៤រូប។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងលោកស្រីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោក ប្រាក់ សុខុន
លោក ប្រាក់ សុខុន បម្រើការជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រហូតដល់ឆ្នាំ២០១៦ នៅពេលដែលលោកត្រូវបានប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ដោយចូលកាន់តំណែងនេះបន្តពីលោក ហោ ណាំហុង។ លោកគឺជាស្វាមីរបស់លោកស្រី ខេង សំវ៉ាដា ជាសមាជិករដ្ឋសភា ហើយត្រូវជាឪពុកក្មេករបស់លោក ហែម វណ្ឌី រដ្ឋមន្ត្រីថ្មីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោក ប្រាក់ សុខុន បានជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៧ មណ្ឌលខេត្តកណ្តាល អំឡុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែលោកបានប្រកាសលាឈប់ពីសមាជិក រដ្ឋសភា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ហើយបច្ចុប្បន្ន លោកគឺជាអនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៥។
លោក ទៀ បាញ់
លោក ទៀ បាញ់ ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមឧបនាយករដ្ឋមន្ត្រី១០រូបនៅក្នុងអាណត្តិទី៦។ លោកគឺជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិរយៈពេលជាង៣៦ឆ្នាំមកហើយ ក្រោយចាកចេញពីក្រសួងគមនាគមន៍ដឹកជញ្ជូន និងប្រៃសណីយ៍ នៅឆ្នាំ១៩៨៧។ លោកបានជាប់ជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប៧អាណត្តិមកហើយរាប់ទាំងនីតិកាលទី៧នេះ។ លោកបានចាប់ផ្ដើមការងារនៅឆ្នាំ១៩៧៩ ជាប្រធានយោធាខេត្តកោះកុង។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោក ហោ ណាំហុង
លោក ហោ ណាំហុង ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមឧបនាយករដ្ឋមន្ត្រី១០រូបនៅក្នុងអាណត្តិទី៦។ លោកគឺជាមន្ត្រីការទូតដ៏មានបទពិសោធមួយរូប ដោយបានចាប់ផ្តើមបំពេញការងារជារដ្ឋមន្ត្រីក្រសួងកាបរទេសពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣ និងបន្តធ្វើជារដ្ឋមន្ត្រីក្រសួងកាបរទេសម្តងទៀតពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៦។ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
លោក ប៊ិន ឈិន
លោក ប៊ិន ឈិន គឺជាឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៦។ លោកធ្លាប់កាន់តួនាទីច្រើនក្នុងជួររដ្ឋាភិបាល ដែលភាគច្រើនបំផុត គឺការដឹកនាំបន្តពីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបានទទួលមរណភាព។ តួនាទីទាំងនោះរួមមានជាប្រធានអាជ្ញាធរជាតិដោះស្រាវវិវាទដីធ្លី ប្រធានក្រុមការងារទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម ប្រធានអាជ្ញាធរអប្សរានិងទីភ្នាក់ងារដែលគ្រប់គ្រងប្រាសាទនៅព្រះវិហារ។ លោកក៏ជាប្រធានគណៈកម្មការជាតិកម្ពុជាសម្រាប់អង្គការយូណេស្កូ ជាប្រធានក្រុមប្រឹក្សាសមាគមកាយរឹទ្ធិកម្ពុជាផងដែរ។ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោក ឌិត មុន្ទី
លោក ឌិត មុន្ទី អតីតប្រធានតុលាការកំពូលត្រូវបានដាក់ឲ្យចូលនិវត្តន៍កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ លោក ឌិត មុន្ទី គឺជាឪពុករបស់លោក ឌិត ទីណា ដែលកំពុងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្ម។ លោក ឌិត មុន្ទី គឺជាផ្នែកមួយនៃក្រុមប្រឹក្សាជំនុំជម្រះដែលសម្រេចជាឯកច្ឆ័ន្ទរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដែលតាមចោទថា បានរៀបចំនូវអ្វីដែលគេហៅថាបដិវត្តន៍ពណ៌។ កាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជកិច្ចត្រាស់បង្គាប់តែងតាំងលោកជាឧត្តមប្រឹក្សាព្រះមហាក្សត្រមានឋានៈស្មើ
លោក កែ គឹមយ៉ាន
លោក កែ គឹមយ៉ាន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។លោកបានជាប់ជាតំណាងរាស្ត្រនីតិកាលទី៧ សម្រាប់មណ្ឌលបន្ទាយមានជ័យ អំឡុងការបោះឆ្នោតជាតិកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។ លោក គែ គឹមយ៉ាន ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៦ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកក៏ធ្លាប់ជាអតីតអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែត្រូវបានដកចេញពីតំណែងនៅឆ្នាំ២០០៩ ទាក់ទងនឹងបញ្ហាដីធ្លីនិងការមិនយកចិត្តទុកដាក់នឹងភារកិច្ច។ តែយ៉ាងណា លោកក៏ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពេលក្រោយ។
លោក មាស សុភា
លោក មាស សុភា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើឧបនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ លោកធ្លាប់ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសសម្រាប់នីតិកាលទី៦ ហើយជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាប្រចាំខេត្តព្រះវិហារផងដែរ។ លោក មាស សុភា គឺជាឧត្តមសេនីយ៍យោធាផ្កាយបួនហើយលោក ហ៊ុន ម៉ាណែត បានចូលកាន់តំណែងបន្តពីលោកជាអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក អំឡុងអាណត្តិទី៦។
លោក ជា សុផារ៉ា
លោក ជា សុផារ៉ា ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់សម្រាប់នីតិកាលទី៦។ លោកធ្លាប់ធ្វើជាអភិបាលរាជធានីភ្នំពេញពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ហើយតាមព័ត៌មានថា លោកមានប្រជាប្រិយភាពចំពោះការពង្រឹងសន្តិសុខនៅក្នុងទីក្រុងភ្នំពេញនៅពេលនោះ។ លោក ជា សុផារ៉ា ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសភូមា និងបន្តក្លាយជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មុនពេលបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់នៅឆ្នាំ២០១៦។ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោក ស៊ឹម កា
លោក ស៊ឹម កា ធ្លាប់ជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ លោកទទួលបានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជា “កិត្តិនីតិកោសលបណ្ឌិត” កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងលោកជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។