លោក មួង ឃីម អតីតមន្ត្រីនគរបាលជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងយុត្តិធម៌ បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធនឹងសំណុំរឿងឆបោករបស់លោក លី សាម៉េត។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមហាក្សត្របានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ មានឋានៈស្មើ រដ្ឋលេខាធិការ។ លោក មួង ឃីម ជាអតីតមន្ត្រីនគរបាលផ្កាយ៣ និងជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងយុត្តិធម៌ មានឋានៈស្មើ រដ្ឋលេខាធិការ តាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។
លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយមានការបែកធ្លាយឯកសារដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹង បុគ្គលឈ្មោះ លី សាម៉េត ហៅគ្រូមា ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស (ម១) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈ្មោះ ដួង តារា ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារ PJ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ និងអ្នកជាប់ពាក់ព័ន្ធបុគ្គលមួយរូបទៀតឈ្មោះ ឡាច សំរោង កំពុងរត់គេចខ្លួន ក្នុងសំណុំរឿងអំពើឆបោក។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក មួង ឃីម និងលោក ដួង តារា ពីបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងចោទប្រកាន់លោក អ៊ុត ធី ពីបទជំនួញសកម្ម តាមបញ្ញត្តិមាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ខណៈលោក លី សាម៉េត ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី៧ ខែតុលា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានទម្លាយពីករណីឆបោកជាច្រើនករណី ដែលប្រព្រឹត្តដោយបុគ្គលឈ្មោះ លី សាម៉េត ដែលមានងារជាឧកញ៉ាផងនោះ ដោយលោកបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក លី សាម៉េត (ហៅគ្រូមា) តែងតែប្រើឈ្មោះរបស់លោកដើរបោកប្រាស់គេ។ លោក ហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ២០២២ លោក លី សាម៉េត បានបោកយកប្រាក់ពីឈ្មោះ សុខ ឡេង ចំនួន ១០លានដុល្លារ ពីលោក មួង ឃីម ចំនួន ២៣ម៉ឺនដុល្លារ និងពីលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ៕