ព្រះមហាក្សត្រ​​ចេញ​ព្រះរាជ​ក្រឹត្យ​​បញ្ចប់​​មុខ​​តំណែង​​លោក​ ដួង​ តារា​ ពីរ​ដ្ឋ​​លេខាធិការ​​ ទី​ស្តី​ការ​​គណៈរដ្ឋ​​មន្ត្រី​​

​លោក​ ដួង​ តារា​​​ ដែល​ជា​​ជំនួយ​​ការ​​របស់​​អតីត​​នាយក​​រដ្ឋ​​មន្ត្រី​​លោក​ ហ៊ុន​ សែន​ ត្រូវ​​បាន​​បញ្ចប់​​មុខ​​តំណែង​​ពីរ​ដ្ឋ​​លេខាធិការ​​ ទី​ស្តី​ការ​​គណៈរដ្ឋ​​មន្ត្រី​ បន្ទាប់​​ពី​​ត្រូវ​​បាន​​តុលាការ​​ឃុំ​​ខ្លួន​​នៅ​ពន្ធនាគារ​​ពី​​បទ​​ឆបោក​​។​​

យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ នស​/រក​ត​/១១២៤​/១៤១៤​ ចុះ​​ថ្ងៃទី​​០៦​​ ខែវិច្ឆិកា​​ ឆ្នាំ​​២០២៤​​បាន​​ឲ្យ​​ដឹង​​ថា​ ព្រះករុណា​ព្រះបាទ​សម្តេច​​ព្រះ​បរម​​នាថ​​នរោត្តម​​ សីហ​មុនី​ ត្រាស់​​បង្គាប់​​បញ្ចប់​​មុខ​​តំណែង​​លោក​ ដួង​ តារា​ ពីរ​ដ្ឋ​​លេខាធិការ​ ទី​ស្តី​ការ​​គណៈ​​រដ្ឋ​​មន្ត្រី​។​​ ការ​​បញ្ចប់​​មុខ​​តំណែង​​នេះ​ ធ្វើ​​ឡើង​​តាម​​សេចក្តី​ក្រាប​​បង្គំ​​ទូល​​ថ្វាយ​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​។​​ 

នៅ​រសៀល​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០២៤​ សមត្ថកិច្ច​បាន​អនុវត្ត​ដីកានាំខ្លួន​ លោក​ ដួង​ តារា​ មកកាន់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​បណ្តឹ​ងរ​បស់​ប្រជាពលរដ្ឋ​។​

លោក​ ដួង​ តារា​​ ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន​​នៅ​ពន្ធនាគារ​​ PJ បន្ទាប់ពី​​ត្រូវ​​បាន​​តុលាការ​​ចោទប្រកាន់​​ពី​បទ​​ឆបោក​​ តាម​​មាត្រា​​៣៧៧​​និង​​មាត្រា​​៣៧៨​ នៃ​ក្រម​​ព្រហ្មទណ្ឌ​​ កាលពី​អំឡុង​​ខែ​​តុលា​​។​​

លោក​ តារា​ គឺជា​អ្នកបង្កើត​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​ លោក​ ហ៊ុន​ សែន​ ហើយ​ក្រោយមក​លោក​ក៏បាន​ក្លាយជា​ជំនួយការ​ផ្ទាល់​ របស់​លោក​ ហ៊ុន​ សែន​។​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​ ២០២០​ លោក​ តារា​ ត្រូវ​បាន​តែងតាំង​ជារ​ដ្ឋ​លេខាធិការ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​