លោក​ លី​ ច័ន្ទ​តុលា​ ត្រូវ​​បាន​​តែងតាំង​​ជា​​រដ្ឋ​​លេខាធិការ​ នៃ​​ទី​ស្តី​ការ​​គណៈរដ្ឋ​​មន្ត្រី​

លោក​ លី​ ច័ន្ទ​តុលា​ អតីត​​ប្រធាន​​គណៈមេធាវី​​ ត្រូវ​​បាន​​តែង​​តាំង​​ជា​​រដ្ឋ​​លេខាធិការ​​ នៃ​​ទី​ស្តី​​ការ​​គណៈរដ្ឋ​​មន្ត្រី​​ តែ​​ប៉ុន្មាន​​ថ្ងៃ​ បន្ទាប់ពី​ចប់​​អាណត្តិ​​​​របស់​​លោក​ជា​​​ប្រធាន​​គណៈ​មេធា​​វី​​។​

យោង​​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​​០២​ ខែ​​វិច្ឆិកា​ ឆ្នាំ​​២០២៤​​ បាន​​ឱ្យ​​ដឹង​​ថា​ លោក​ លី​ ច័ន្ទ​តុលា​ អ​តី​​ត​​ប្រធាន​គណៈមេធាវី​​អាណត្តិ​ទី​​១៤​ ត្រូវ​​បាន​​ព្រះមហាក្សត្រ​​ត្រាស់​​បង្គាប់​​តែងតាំង​ជា​​រដ្ឋ​​លេខាធិការ​​នៃ​ទី​ស្តី​ការ​​គណៈ​​រដ្ឋ​​មន្ត្រី​។​​

លោក​ លី​ ច័ន្ទ​តុលា​ បាន​​ក្លាយ​​ជា​​មេធាវី​ពេញ​សិទ្ធិ​​ចាប់តាំងពី​ខែកក្កដា​​ ឆ្នាំ​​២០០៩​។​ លោក​​ធ្លាប់​​ជាប់​​ជា​​ប្រធាន​​គណៈមេធាវី​​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​សម្រាប់​​អាណត្តិ​​ទី​​១៣​ និង​​អាណត្តិ​ទី​​១៤​ ពីឆ្នាំ​​២០២០​​ ដល់​​ឆ្នាំ​​២០២៤​។​​

លោក​ តុលា​ ក៏​ជា​​អនុប្រធាន​​ក្រុម​​ប្រឹក្សា​​អ្នក​​ច្បាប់​​នៃ​ទី​ស្តី​ការ​​គណៈ​​រដ្ឋ​​មន្ត្រី​ដែល​​មាន​​ឋានៈ​ស្មើ​​រដ្ឋ​​មន្ត្រី​ផង​ដែរ​​ ហើយ​នៅ​ឆ្នាំ​​២០១៩​​ លោក​ត្រូវ​​បាន​​ព្រះមហាក្សត្រ​​ចេញ​ព្រះរាជ​ក្រឹត្យ​​តែងតាំង​​ជា​​មេធាវី​​រដ្ឋាភិបាល​​។​​ លោក​ តុលា​ គឺជា​​មេធាវី​មួយ​រូប​​នៅក្នុង​​ចំណោម​​មេធាវី​បួន​​រូប​​តំណាង​​ឱ្យ​​រដ្ឋាភិបាល​​នៅ​​ក្នុង​សវនាការ​​ជំនុំជម្រះ​ក្តី​​លើ​​​សំណុំរឿង​​របស់​​មេដឹកនាំ​នយោបាយ​​ជំទាស់​​​លោក​ កឹម​ សុខា​​។​

​លោក​​ លី​ ច័ន្ទ​តុលា​ បាន​​ទទួល​​សញ្ញាបត្រ​​បរិញ្ញាបត្រ​​នីតិឯកជន​​នៅ​សាកល​​វិទ្យាល័យ​​ Lumière Lyon II ប្រទេស​​បារាំង​​នៅ​​ឆ្នាំ​​២០០០​ នៅ​​ប្រទេស​​បារាំង​​ សញ្ញាបត្រ​ Maîtrise នៃ​​នីតិឯកជន​ (Maîtrise de droit privé) នៅ​សាកល​វិទ្យាល័យ​ Lumière Lyon II ប្រទេស​បារាំង​​ នៅ​ឆ្នាំ​​២០២១​ និង​​ទទួល​​បាន​​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​នីតិ​ជំនួញ​ (DEA de Droit des Affaires) នៅ​សាកល​វិទ្យាល័យ​ Jean Moulin Lyon III ប្រទេស​បារាំង​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​