មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនម្នាក់ ដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងករណីហិង្សាជាបន្តបន្ទាប់នោះ ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។
យោងតាមអនុក្រឹត្យលេខ១០២២ អនក្រ.តត ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចលុបឈ្មោះចំពោះវរសេនីយ៍ឯក ស ប៊ុនសឿង ជាមេបញ្ជាការង កងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។
អនុក្រឹត្យនេះបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការលុបឈ្មោះនេះទេ។
តាមសេចក្តីរាយការណ៍ព័ត៌មានរបស់បណ្តាញព័ត៌មានក្នុងស្រុក Fresh News បានឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក្រុមអធិការកិច្ចចុះ ស្រាវជ្រាវ បន្ទាប់ពីករណីជម្លោះរវាងលោក ស ប៊ុនសឿង ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន នឹងអ្នករត់តាក់ស៊ីម្នាក់ជុំវិញរឿងប្រាក់២ម៉ឺនរៀល ត្រូវបានគេបង្ហោះទូទៅលើបណ្តាញសង្គម។
កាលពីខែមករា ឆ្នាំ២០២១ លោក ស ប៊ុនសឿង ដែលកាលនោះ ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្លាប់ត្រូវបានតុលាការខេត្តបាត់ដំបងផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ពាក់ព័ន្ធករណីហិង្សាបណ្តាលឱ្យជនសង្ស័យម្នាក់ស្លាប់នៅខេត្តបន្ទាយមានជ័យអំឡុងខែធ្នូ ឆ្នាំ២០១៩។ បន្ទាប់មកនៅអំឡុងខែឧសភា ឆ្នាំ២០២១ ដដែល សាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តបាត់ដំបងទុកជាបានការដដែល ប៉ុន្តែទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៦ ខែវិញ។ ទោសសល់ពីនេះត្រូវព្យួរធម្មតាវិញ៕