រដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំជា “ទិវាជាតិសង្គមកិច្ច” ក្នុងបំណងបង្កើនគុណតម្លៃ និងលើកកម្ពស់ការយល់ដឹងអំពីការងារសង្គមកិច្ចនៅកម្ពុជា។
យោងតាមអនុក្រឹត្យចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចកំណត់យកថ្ងៃទី១៩ រៀងរាល់ឆ្នាំ ជា “ទិវាជាតិសង្គមកិច្ច” ក្នុងគោលបំណងបង្កើនគុណភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ការសម្រេចយកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ធ្វើឡើងតាមសំណើរបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
អនុក្រឹត្យដដែលនេះ ក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស គ្រឹះស្ថានអប់រំការងារសង្គមកិច្ច សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា និងវិស័យឯកជន ចូលរួមបំផុសដល់សាធារណជនឱ្យយល់ដឹង អំពីការងារសង្គមកិច្ច និងកម្លាំងសេវាសង្គម។
កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ០១ អនក្រ.បក ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា។
ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានបង្កើតឡើង ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព និងស្អប់ខ្ពើមសង្គ្រាម ជាការរំលឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
គួររំលឹកថា រដ្ឋាភិបាលកាលពីឆ្នាំ២០១៩ បានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកសាធារណៈពី ២៨ថ្ងៃ មកនៅត្រឹម ២២ថ្ងៃវិញ ដោយកាត់បន្ថយថ្ងៃឈប់សម្រាកមួយចំនួន រួមមាន ថ្ងៃបុណ្យមាឃបូជា ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាជាតិនៃការចងចាំ ២០ឧសភា ទិវារំលឹកខួប នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។
ជាមួយគ្នានោះដែរ រដ្ឋាភិបាលក៏បានកាត់បន្ថយព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរពី ៣ថ្ងៃមកនៅសល់ត្រឹមមួយថ្ងៃវិញ ប៉ុន្តែបានដំឡើងថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពី ០៣ថ្ងៃទៅ០៤ថ្ងៃវិញ៕