លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ ទោមួយរូបពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រីនិងបន្ថយ ឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះកាលបរិច្ឆេទថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញព័ត៌មានក្នុងស្រុក ក្នុងនោះបានសម្រេចអនុវត្តវិន័យតាមរូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
ទោះជាយ៉ាងណា យោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុក ដែលបានដកស្រង់សម្ដីលោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមអធិការកិច្ច របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរកឃើញថា លោក សំអាង ផានី មិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជានគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយ នៅក្នុងក្រុងច្បារមន នៅពេលដែលលោក កាន់តំណែងជាអធិការរងក្រុងច្បារមន។
កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចដកហូតមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីមួយរូប ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យមកជាមន្ត្រី បន្ទាប់ពីរងការចោទប្រកាន់ថា បានទារប្រាក់មួយលានរៀលពីឃុំចំនួន១០នៅស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។
ដោយឡែក កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ក៏បានសម្រេចអនុវត្តវិន័យចំពោះមន្រ្តីនគរបាលចំនួន ៤រូប តាមរូបភាពដកហូតមុខតំណែង ដោយមូលហេតុល្មើសវិន័យនគរបាលជាតិកម្ពុជាផងដែរ៕