ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្លាស់ប្តូរ និងតែងតាំងមុខតំណែងអភិបាលខេត្តចំនួន៨។
យោងតាមព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នាចំនួន១២ និងមានចុះកាលបរិច្ឆេទថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដូចៗគ្នា បានឱ្យដឹងថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងអភិបាលខេត្តចំនួន ៤រូប ដែលក្នុងនោះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ត្រូវបានប្តូរទៅកាន់ខេត្តកណ្តាល, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ត្រូវបានប្តូរទៅកាន់ខេត្តតាកែវ, លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ត្រូវបានប្តូរទៅកាន់ខេត្តត្បូងឃ្មុំ។
ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់តែងតាំងមុខតំណែងអភិបាលខេត្តចំនួន ៤រូបផងដែរ ដែលក្នុងនោះ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាអភិបាលខេត្តស្ទឹងត្រែង, លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ជាអភិបាលខេត្តឧត្តរមានជ័យ, លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជាអភិបាលខេត្តព្រះសីហនុ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ធំ។
ចំណែក អភិបាលខេត្តចំនួន ៤រូបផ្សេងទៀត រួមមាន លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង លោក អ៊ូច ភា អភិបាលខេត្តតាកែវ លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕