រដ្ឋាភិបាលចាប់ផ្តើមរៀបចំក្បាលម៉ាស៊ីនដឹកនាំក្រុង “រុនតាឯកតេជោសែន” បន្ទាប់ពីបង្កើតក្រុងថ្មីនេះបានរយៈពេលជាង៤ខែ។
យោងតាមអនុក្រឹត្យ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងនោះ រដ្ឋាភិបាលសម្រេចតែងតាំងលោក អ៊ឹង សុភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ លោក អ៊ឹង សុភ័ណ ធ្លាប់ជានាយករងរដ្ឋបាលសាលាខេត្តសៀមរាប។
ដោយឡែកនៅដើមខែមិថុនានេះ ក្រសួងមហាផ្ទៃ បានចេញប្រកាសមួយ ដោយសម្រេចផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ៦រូប ជាអភិបាល និងអភិបាលរងក្រុងរុនតាឯកតេជោសែន។
យោងតាមប្រកាស ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចលោក នឹម សុវណ្ណ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលស្រុកបន្ទាយស្រី ឱ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
ប្រកាសដដែលនេះ ក៏បានបញ្ជាក់ពីការតែងតាំងមន្ត្រីរាជការ៥រូប ជាអភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ដែលក្នុងនោះមាន លោក ម៉ៅ ឧស្សាហ៍ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤, លោក ស៊ុន តុលា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២, លោកស្រី មុំ សម្បត្តិ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២, លោក ហៀវ ស៊ីថាត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ និងលោក ប៉ក់ រឿត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦។
យោងតាមអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលបានសម្រេចបង្កើតក្រុងថ្មីមួយឈ្មោះ “ក្រុងរុនតាឯកតេជោសែន” ដោយកាត់យកឃុំចំនួន២ គឺឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្កពីស្រុកប្រាសាទបាគង នៃខេត្តសៀមរាប។
ក្រុងថ្មីនេះ មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ចំណែកទីតាំងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ត្រូវស្ថិតនៅសង្កាត់រុនតាឯក ហើយការបង្កើតក្រុងរុនតាឯកតេជោសែន ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។
កន្លងមក មានការរិះគន់ច្រើនពីអង្គការជាតិ និងអន្តរជាតិ លើរដ្ឋាភិបាលជុំវិញការបណ្តេញចេញប្រជាពលរដ្ឋពីតំបន់អង្គរឱ្យមកតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ដោយពួកគេចោទថា ប្រជាពលរដ្ឋនៅតំបន់អង្គរ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ ទៅកាន់តំបន់រុនតាឯក ដែលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទឹកស្អាត ប៉ុន្តែរដ្ឋាភិបាលបានអះអាងម្តងហើយម្តងទៀតថា ការតាំងទីលំនៅថ្មី ទាំងនេះធ្វើឡើងដោយការស្ម័គ្រចិត្ត។
ប្រជាពលរដ្ឋចំនួន ៩ ០០០គ្រួសារ ត្រូវបានផ្លាស់ប្តូរទីលំនៅទៅតំបន់រុនតាឯក និងទៅតំបន់ពាក់ស្នែង ជាទីតាំងផ្លាស់ទីលំនៅទីពីរ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានខេមបូចា៕