មន្ត្រី​​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​ត្រី​​មួយ​រូប​ ត្រូវ​​​បាន​​​​បន្ថយ​​​ឋានន្តរស័ក្តិ​​មក​​ត្រឹម​​ពល​​បាល​ត្រី​

មន្ត្រី​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​មួយ​រូប​ ​នៃ​ក្រសួង​​មហាផ្ទៃ​​ ត្រូវ​​បាន​​បន្ថយ​​ឋានន្តរ​​ស័ក្តិ​​ មក​​នៅ​ត្រឹម​ថ្នាក់​​ពល​​បាល​​ត្រី​​ ដោយ​​​សារ​​ខកខាន​​មិនបាន​​បំពេញ​​ការងារ​នៅ​​អង្គភាព​​​រយៈ​​ពេល​យូរ​​។​

យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​​ថ្ងៃទី​​០៨​ ខែមិថុនា​​ ឆ្នាំ​​២០២៤​ ព្រះបាទ​​សម្តេច​ព្រះ​បរម​​នាថ​ នរោត្តម​ សីហ​មុនី​ បាន​ត្រាស់​​បង្គាប់​​បន្ថយ​​ឋានន្តរស័ក្តិ​​ឧត្តមសេនីយ៍​ត្រី​ រឿង​ រើន​ នាយ​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​ ឱ្យ​​​មក​​នៅ​​ត្រឹម​​ថ្នាក់​​ ពលបាល​​ត្រី​ ក្រប​​ខ័ណ្ឌ​មន្ត្រី​​នគរបាល​​ជាតិ​ នៃ​ក្រសួង​​មហាផ្ទៃ​។​​ 

តែ​យ៉ាងណា​ ព្រះរាជ​ក្រឹត្យ​​នេះ​ ​ពុំ​បាន​​​បញ្ជាក់​​​​ពី​​មូលហេតុ​​នៃ​ ការ​​បន្ថយ​​ឋានន្តរស័ក្តិ​នេះ​ទេ​។​

ប៉ុន្តែ​​​លោក​ ទូច​ សុ​ឃៈ​ អ្នក​​នាំពាក្យ​ក្រសួង​​មហាផ្ទៃ​​ មាន​​ប្រសាសន៍​ថា​ ការ​​បន្ថយ​​​ឋានន្តរស័ក្តិ​នេះ​ ដោយសារ​​លោក​ រឿង​ រើន​ ដែល​​​គេ​ស្គាល់​ថា​ ជា​​មន្ត្រី​​នៅ​​នាយកដ្ឋាន​​នគរបាល​​ការ​​ពារ​ព្រំដែន​គោក​​ នៃ​អគ្គ​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​ជាតិ​​ អវ​ត្ត​​មាន​​ពី​ការងារ​​រយៈ​​ពេល​​យូរ​ នេះ​​បើ​​យោង​តាម​​សេចក្តី​​រាយការណ៍​​របស់​​សារ​ព័ត៌មាន​​ក្នុង​​ស្រុក​​ថ្មី​ៗ​។​

កាល​​ពី​ថ្ងៃទី​​២២​ ខែ​​ធ្នូ​ ឆ្នាំ​​២០២០​ លោក​ រឿង​ រើន​ ត្រូវ​​បាន​​​ក្រសួង​​មហាផ្ទៃ​ចេញ​ ប្រកាស​​បញ្ចប់​​មុខ​​តំណែង​ពី​​ស្នង​​ការ​​រង​​ទទួល​​ផែន​​អន្តរាគមន៍​​ និង​​តម្រួត​​បទប​ ញ្ជា​ នៃ​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​ព្រះវិហារ​​ មូល​​ហេតុ​​ល្មើស​​វិន័យ​​របស់​​កងកម្លាំង​​នគរបាល​​ជាតិ​​។​​​ ប៉ុន្តែ​​នៅ​​ថ្ងៃទី​​០៨​ ខែ​​កុម្ភៈ​​ ឆ្នាំ​​២០២១​ លោក​ រឿង​ រើន​ ត្រូវ​​បាន​​អគ្គស្នងការ​​នគរបាល​​ជាតិ​ចេញ​សេ​ចក្តីស​ ម្រេច​​ផ្ទេរ​ភារកិច្ច​​ពី​​មន្ត្រី​​ នៃ​ស្នងការ​​ដ្ឋាន​​​នគរបាល​​ខេត្ត​​ព្រះវិហារ​​ឲ្យ​​មក​​បម្រើការ​ ងារ​​នៅ​នាយកដ្ឋាន​​នគរបាល​​ការពារ​ព្រំដែន​​គោក​។​​

កាលពី​​ថ្ងៃទី​​០៣​ ខែ​​មេសា​ ឆ្នាំ​​២០២៤​ រដ្ឋាភិបាល​​​​បាន​​​ចេញ​​​អនុក្រឹត្យ​​​​​បញ្ចប់​​​មុខ​​​​​តំណែង​​​លោក​​ឧត្តម​​​សេនីយ៍​​​ឯក​​​ យ៉ាំ​​ ស៊ីង​​​​ម៉ៅ​​​ ពី​​ប្រធាន​​នាយដ្ឋាន​​កណ្ដាល​​នគរបាល​​យុត្តិធម៌​​ នៃ​​អគ្គស្នងការ​​ដ្ឋាន​​នគរ​​​បាល​​​ជាតិ​​ ចំណុះ​​ក្រសួងមហាផ្ទៃ​​ ក្រោយ​​​​ឡើង​​កាន់​​តំណែង​​មួយ​​នេះ​​​បាន​​រយៈពេល​​ត្រឹមតែ​​ជាង១ខែ​​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​