សប្បុរសជនចំនួន ៨៦អង្គ/រូប ទទួលបានគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបជាង ២លានដុល្លារអាមេរិក ជួយកសាងសមិទ្ធិផលនានា នៅតាមវត្តអារាម។
សប្បុរសជនចំនួន៨៦អង្គ/រូប ទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាល សម្រាប់ការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបចំនួន ២ ០២៥ ៧៧៨ ដុល្លារអាមេរិក ជួយកសាងសមិទ្ធផលនានា នៅតាមវត្តអារាម ក្នុងខេត្តចំនួន៣ គឺខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ នេះបើយោងតាមសៀវភៅរាជកិច្ចលេខ៤៧ ត្រីមាសទី២ ឆ្នាំ២០២៤ ចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ។
នៅទំព័រ ៦៤៣២ និង៦៤៣៤ ក្នុងសៀវភៅរាជកិច្ចនេះ បានបង្ហាញថា ព្រះសង្ឃ និងសប្បុរសជន ចំនួន១២អង្គ/រូប ទទួលបានមេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ និងសប្បុរសជនចំនួន១៥រូប ទទួលបានមេដាយ មាសស្ថាបនាជាតិ។ សប្បុរសជនទាំង២៧អង្គ/រូបនេះ បានបរិច្ចាគធនធានផ្ទាល់ខ្លួន សរុបជាទឹកប្រាក់ចំនួន ១ ៤០០ ១០០ដុល្លារ ចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តក្រពើច័ន្ទរង្សី ភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបាល្ល័ង ខេត្តកំពង់ធំ នាពេលកន្លងមក។
នៅទំព័រ ៦៤៣៦ បានឱ្យដឹងទៀតថា ត្រូវបានបំពាក់មេដាយ ស្ថាបនាជាតិ តាមលំដាប់ថ្នាក់ប្រគេនព្រះសង្ឃ និងជូនសប្បុរសជន ចំនួន២២អង្គ/រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន សរុបជាទឹកប្រាក់ចំនួន ២៥៧ ៧០០ ដុល្លារអាមេរិក ចូលរួមជួយជួសជុលព្រះវិហារ សាលាធម្មសភា និងកសាងសាលារៀន ទាំង២កម្រិត មហាកុដិ បណ្ណាល័យ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តសន្លុង ភូមិតាព្រះ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ ប្រភពដដែលបន្តថា ក្នុងចំណោមសប្បុរសជន ២២អង្គ/រូបនេះ មាន១០អង្គ/រូប ទទួលបានមេដាយ មាសស្ថាបនាជាតិ ខណៈសប្បុរសជន ១២រូប ទទួលបានមេដាយ ប្រាក់ស្ថាបនាជាតិ។
ទំព័រ ៦៤៣៨ បានបង្ហាញថា ត្រូវបានបំពាក់មេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ អស្សឫទ្ធិ ជូនសប្បុរសជនចំនួន ៤រូប ដែលបានបរិច្ចាគ ធនធានផ្ទាល់ខ្លួន សរុបជាទឹកប្រាក់ចំនួន ១២០ ៣៥០ដុល្លារអាមេរិក ចូលរួមជួយកសាងព្រះវិហារ សាលាធម្មសភា ផ្លូវចូលវត្ត កុដិ ឈាបនដ្ឋាន ស្រះទឹក និងសមិទ្ធផលនានានៅវត្តត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ។
ដោយឡែកទំព័រ ៦៤៤០ បានឱ្យដឹងថា ត្រូវបានបំពាក់មេដាយ ស្ថាបនាជាតិ តាមលំដាប់ថ្នាក់ប្រគេន និងជូនសប្បុរសជន ចំនួន៣៣អង្គ/រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន សរុបជាទឹកប្រាក់ចំនួន ២៤៧ ៦២៨ ដុល្លារអាមេរិក ចូលរួមជួយកសាងព្រះវិហារ សាលាធម្មសភា ផ្លូវចូលវត្ត កុដិ ឈាបនដ្ឋាន ស្រះទឹក និងសមិទ្ធផលនានា នៅវត្តត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
សូមបញ្ជាក់ថា នៅក្នុងសៀវភៅរាជកិច្ចលេខ៤៧នេះ ក្រៅពីការផ្ដល់គ្រឿងឥស្សរិយយស ក៏នៅមានកត់ត្រាអំពី ការតែងតាំង ការដាក់ឱ្យចូលនិវត្តន៍ ការផ្តល់គោរមងារ ការបែងចែកដីធ្លី ការបង្កើតអង្គភាពថ្មី ការអនុញ្ញាតបើកអាជីវកម្ម ឯកសាររដ្ឋបាល និងការដកឋានៈ/ឋានន្តរស័ក្តិ/ថ្នាក់ មន្រ្តីរាជការផងដែរ៕