ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យអង្គការខ្មែរថាវរៈ ដែលដឹកនាំដោយក្រុមយុវជនដែលធ្វើការងារសកម្មលើផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន បានចុះបញ្ជីជាផ្លូវការនៅក្រសួង។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះកាលបរិច្ឆេទថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចអនុញ្ញាតឱ្យអង្គការខ្មែរថាវរៈ ដែលមានទីស្នាក់កណ្តាលនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ។
នៅក្នុងសេចក្តីប្រកាសដែលចុះហត្ថលេខាដោយលោក ឌី សុកផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អង្គការខ្មែរថាវរៈ ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ចស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
អ្នកស្រី ឈឿន ដារ៉ាវី ជាប្រធានអង្គការខ្មែរថាវរៈ បាននិយាយថា អង្គការនេះ មានសមាជិកសរុបទាំងអស់ ៥នាក់ ហើយនឹងចាប់ផ្តើមគម្រោងរបស់ខ្លួនឡើងវិញ ជាដំបូងនៅតំបន់អារ៉ែង បន្ទាប់មកនៅតំបន់ព្រៃឡង់។ អ្នកស្រីបន្តថា អង្គការនេះ ក៏នឹងផ្តោត ជាចម្បងលើការអភិវឌ្ឍនៅក្នុងសហគមន៍ កាត់បន្ថយ និងលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ និងការប្រមាញ់សត្វព្រៃដោយខុសច្បាប់ជាដើម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានខេមបូចា៕