ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងសម្តេចរាជបុត្រីព្រះអនុជ នរោតត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលការតែងតាំងនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥។ ព្រះរាជក្រឹត្យនេះ ចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន៦២រូប ក្នុងនោះមាន សមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និងសមាជិកព្រឹទ្ធសភាចំនួន៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
យោងតាមសេចក្តីប្រកាសលទ្ធផលផ្លូវការរបស់គ.ជ.ប ចុះកាលបរិច្ឆេទថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតសរុប ១០ ០៥២សំឡេង ដែលស្មើនឹង៥៥អាសនៈ គណបក្សឆន្ទៈខ្មែរទទួលបាន ១ ៣៩៤សំឡេង ដែលស្មើនឹង៣អាសនៈ ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៩សំឡេង និងគណបក្សកម្លាំងជាតិទទួលបាន ២៣៤សំឡេង មិនទទួលបានអាសនៈ៕