ក្រសួង​​មហាផ្ទៃ​សម្រេច​​បណ្តេញ​​អធិការរង​​មួយ​រូប​​ ដោយ​​សារ​ពាក់ព័ន្ធ​​គ្រឿង​​ញៀន​​

ក្រសួង​​មហាផ្ទៃ​​ សម្រេច​​បណ្តេញ​​មន្ត្រី​នគរបាល​​មួយ​រូប​​ ចេញ​​​ពី​ក្របខណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​ ដោយ​​​សារ​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​​​គ្រឿង​​ញៀន​​។​​

យោង​​តាម​​ប្រកាស​​លេខ​​៥៧៣​ ប្រក​ ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​​០២​ ខែកុម្ភៈ​ ឆ្នាំ​​២០២៤​​ បាន​​ឱ្យ​​​ដឹង​ថា​ លោក​ ស​ សុខា​ រដ្ឋ​​មន្ត្រី​ក្រសួង​​មហាផ្ទៃ​ ​សម្រេច​​អនុវត្ត​វិន័យ​​ចំ​​ពោះ​​​អនុសេនីយ៍ឯក​ មាស​ ពិសិដ្ឋ​ អធិការរង​នគរបាល​ក្រុង​កំពត​ នៃ​ស្នង​​ការ​​ដ្ឋាន​​​នគរបាល​​ខេត្ត​​កំពត​ ក្រោម​​រូបភាព​​ដក​​ហូត​​មុខ​​តំណែង​​ ឋានន្តរស័ក្តិ​​ និង​​បណ្តេញ​​ចេញ​​ពី​ក្របខ័ណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​ ដោយ​​សារ​ល្មើស​​វិន័យ​​របស់​​កង​​កម្លាំង​​នគរបាល​​ជាតិ​​។​

អនុក្រឹត្យ​​ដដែល​​ បាន​​បន្ថែម​ថា​ ប្រាក់បៀវត្ស​ និង​​របប​ឧប​ត្ថ​ម្ភ​ផ្សេង​ៗ​ ត្រូវ​​បាន​​កាត់​​ផ្តាច់​​ និង​​លុប​​ចេញ​​ពី​ក្របខ័ណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​ ចាប់ពី​​ខែ​​ឧសភា​ ឆ្នាំ​​២០២៤​​ ត​​​ទៅ​​។​

ទាក់ទង​នឹង​​ករណី​​នេះ​ដែរ​ ស្នងការ​ដ្ឋាន​​នគរបាល​​ខេត្ត​​កំពត​ បង្ហោះ​សារ​នៅ​លើ​ទំព័រ​​ហ្វេ​សប៊ុ​ក​​របស់​ខ្លួន​​​​​កាល​​ពី​​ថ្ងៃទី​​១៦​ ខែ​​ធ្នូ​​ ឆ្នាំ​​២០២៣​​ថា​ ​ស្នងការ​​នគរបាល​​ខេត្ត​​​កំពត​ ​នឹង​​ស្នើ​​សុំ​​គោលការណ៍​​ថ្នាក់ដឹកនាំ​​អ្នក​​ស្នង​​ការ​​នគរបាល​ជាតិ​​ និង​​ថ្នាក់​​ដឹកនាំ​​ក្រសួង​​មហាផ្ទៃ​​ ដើម្បី​​បណ្តេញ​​លោក​អនុសេនីយ៍ឯក​​ មាស​ ពិសិដ្ឋ​​ អធិការរង​​ក្រុង​​កំពត​ ដែល​​បាន​​ពាក់ព័ន្ធ​​នឹង​ការ​​ប្រើ​​ប្រាស់​គ្រឿង​​ញៀន​​។​​

គិត​​​​​ចាប់ពី​​​​​ចុង​​​​​ខែធ្នូ​​​​រហូត​​​​​មកដល់​​​​​ពេលនេះ​​​​​ មាន​​​​​មន្ត្រី​​​​នគរបាល​​​​​​ប្រមាណ​​​​ជាង​​ ​៣០​​​​​រូប​​​​ ​ត្រូវ​​​​​បាន​​​​​បន្ថយ​​​​ ដក​​​​​ហូត​​​​​ឋានន្តរស័ក្តិ​​​​ ដកហូត​​​​​មុខតំណែង​​​​​ និង​​​​​​បណ្តេញ​​​​​ចេញ​​​​​ពី​​​​ក្របខ័ណ្ឌ​​​​​នគរបាល​​​​​ជាតិ​​ ដែល​​​ក្នុង​​​នោះ​​​មាន​​មន្ត្រី​​​​មួយចំនួន​​​ពាក់ព័ន្ធ​​នឹង​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ផង​​ដែរ​​​​ ខណៈ​​​​​មន្ត្រី​​​​ ​៥០​​​​​រូប​​​​​ផ្សេងទៀត​​​​ ​ត្រូវ​​​​​​បាន​​​​​ផ្ទេរ​​​ទៅ​​​​​កាន់​​​​នាយកដ្ឋាន​​​​ ​ឬ​​​​អង្គភាព​​​​​ផ្សេង​​​​​ ក្រោម​​​​​ហេតុ​​​​​ផល​​​​​ល្មើស​​​​​វិន័យ​​​​​​កងកម្លាំង​​​​​នគរបាល​​​​​ជាតិ​​​​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​