នគរបាល​​​​ប្រឆាំង​​គ្រឿង​​ញៀន​​ម្នាក់​​នៅ​​ខេត្ត​​ត្បូង​​ឃ្មុំ​ ​ត្រូវ​​បាន​​បណ្តេញ​​ចេញ​​ពី​ក្របខ័ណ្ឌ​​ ដោយសារ​ល្មើស​វិន័យ​

មន្ត្រី​នគរបាល​​ប្រឆាំង​​គ្រឿងញៀន​​ម្នាក់​នៅ​ខេត្ត​ត្បូង​​ឃ្មុំ​ ​ត្រូវ​​បាន​​ក្រសួង​​មហាផ្ទៃ​​ ចេញ​​សេចក្តី​​ប្រកាស​​បណ្តេញ​​ចេញ​​ពី​ក្របខណ្ឌ​​នគរបាល​​ជាតិ​​ ដោយ​​​សារ​​ល្មើស​​វិន័យ​កងកម្លាំង​​​។​​

យោង​​តាម​​ប្រកាស​​របស់​​ក្រសួង​​មហាផ្ទៃ​​ ចុះ​កាល​​បរិច្ឆេទ​​ថ្ងៃទី​​៥​ ខែ​​មករា​ ឆ្នាំ​​២០​​២៤​ បាន​​ឱ្យ​​​ដឹង​ថា​ ក្រសួង​​សម្រេច​អនុវត្ត​​វិន័យ​ចំពោះ​​លោក​វរសេនីយ៍ទោ​ ថុន​ សុ​ផាន់​ណា​រិទ្ធ​ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នង​​ការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ចំណុះ​អគ្គស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ​​ តាម​​រូបភាព​​ដក​​ហូត​​មុខតំណែង​ ឋានន្តរស័ក្តិ​ និង​​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​​ជាតិ​ ដោយ​​​មូលហេតុ​​ល្មើស​​វិន័យ​របស់​​កងកម្លាំង​​នគរបាល​ជាតិ​។​

ប្រកាស​ដដែល​ បាន​បន្ថែម​ថា​ ប្រាក់បៀវត្ស​ និ​ងរ​បបឧ​​បត្ថម្ភ​ផ្សេង​ៗ​ត្រូវ​បាន​​កាត់​ផ្តាច់​ និង​​លុបចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ចាប់ពី​ខែមេសា​ ឆ្នាំ២០២៤​។​

​គិត​​ចាប់ពី​​ចុង​​ខែធ្នូ​រហូត​​មកដល់​​ពេលនេះ​​ មាន​​មន្ត្រី​នគរបាល​​​ប្រមាណ​ ​៣០​​រូប​ ​ត្រូវ​​បាន​​បន្ថយ​ ដក​​ហូត​​ឋានន្តរស័ក្តិ​ ដកហូត​​មុខតំណែង​​ និង​​បណ្តេញ​​ចេញ​​ពី​ក្របខ័ណ្ឌ​​នគរបាល​​ជាតិ​ ខណៈ​​មន្ត្រី​ ​៥០​​រូប​​ផ្សេងទៀត​ ​ត្រូវ​​បាន​​ផ្ទេរ​​ភារកិច្ច​ពី​​​​​​​​លេខាធិការ​​​ដ្ឋាន​​​ នៃ​​​គណៈកម្មាធិការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​​ផលិតផល​​​ក្លែងក្លាយ​​​​ទៅ​​កាន់​នាយកដ្ឋាន​​ឬ​អង្គភាព​​ផ្សេង​​ ក្រោម​​ហេតុ​​ផល​​ល្មើស​​វិន័យ​​របស់​កងកម្លាំង​​នគរបាល​​ជាតិ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​