រដ្ឋាភិបាលបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប នៃខេត្តកែប ដោយសារតែប្រើប្រាស់អំណាច នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ប្រយោជន៍រដ្ឋនិងប្រយោជន៍របស់ប្រជាពលរដ្ឋ។
យោងតាមអនុក្រឹត្យចុះកាលបរិច្ឆេទថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ និងមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋាភិបាល បានសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។ អនុក្រឹត្យនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់មុខ តំណែងនេះទេ។
ប៉ុន្តែបើតាមខ្លឹមសារនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែមករា បានបញ្ជាក់ថា ការបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែបរូបនេះ គឺជាការចាំបាច់ និងជាការអនុវត្តអភិក្រមទី៥ គឺ ”ការវះកាត់” ដោយសារតែអភិបាលក្រុងកែបរូបនេះ បានប្រើប្រាស់ អំណាច នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលប៉ះពាល់ដល់ប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។
លោកបានសរសេរថា៖ «ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ»។
គួររំលឹកថា ការសម្រេចបញ្ចប់មុខតំណែងនេះ កើតមានរយៈពេល១០ថ្ងៃ ក្រោយពីមានសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនកាលពីដើមខែមករាអំពីការឃាត់ខ្លួនលោក ខេង យ័ន និងនាយករដ្ឋបាលសាលាក្រុងកែបមួយរូបទៀត ដោយអង្គភាពប្រឆាំងអំពើពុករលួយ ដែលតាមចោទថា បានប្រព្រឹត្យអំពើពុករលួយ។
យោងតាមសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២ ខែមករា លោកអភិបាលក្រុងកែបរូបនេះ និងនាយករដ្ឋបាលក្រុងកែប លោក អ៊ិន ហ៊ុន ត្រូវបានអង្គភាពប្រឆាំងអំពើរពុករលួយ ឃាត់ខ្លួនបន្ទាប់ពីចេញប្រជុំ និងដោះលែងវិញនៅថ្ងៃដដែល ដោយអភិបាលរងខេត្តកែប លោក ប៊ុន យោង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការឃាត់ខ្លួននេះ គីជាការភាន់ច្រឡំ៕