មេធាវី​​​​តំណាង​​ឲ្យ​​រដ្ឋា​ភិ​​បាល​​ក្នុង​សំណុំរឿង​​​អតីត​​មេដឹកនាំ​​បក្ស​​ប្រឆាំង​ ត្រូវ​​បាន​​ដំឡើង​ឋានៈ​​​​ស្មើ​​រដ្ឋ​​លេខាធិការ​​

មេធាវី​​​​បី​​រូប​​​តំណាង​​ឲ្យ​​រដ្ឋាភិបាល​​ក្នុង​សំណុំរឿង​​ប្រឆាំង​​នឹង​​​អតីត​​មេដឹកនាំ​​គណបក្ស​​សង្គ្រោះ​ជាតិ​​ ​ត្រូវ​​បាន​​ដំឡើង​​ឋានៈ​​ស្មើ​​រដ្ឋ​​លេខាធិការ​​។​

យោង​​តាម​ព្រះរាជ​ក្រឹត្យ​​ដែល​​ចុះ​កាលបរិច្ឆេទ​​ថ្ងៃទី​​២៩​ ខែមិថុនា​ ឆ្នាំ​​២០២៣​ ​នៅក្នុង​​​​សៀវភៅ​​រាជកិច្ច​​លេខ​​៧៧​​ និង​​ចេញផ្សាយ​​ដោយ​​រដ្ឋាភិបាល​​កាលពី​ថ្ងៃទី​​៨​​ ខែវិច្ឆិកា​ ឆ្នាំ​​២០២៣​ ​បាន​​ឱ្យ​​​​ដឹង​ថា​ ព្រះមហាក្សត្រ​​ត្រាស់​បង្គាប់​​ដំឡើង​​ឋានៈ​សមាជិក​​មេធាវី​រដ្ឋាភិបាល​​​ ៥រូប​ រួម​​​មាន​មេធាវី​ ​វិច​ សុ​វាចា​, អេន​ សុភាព​, គួន​ សា​រឿន​, ចេង​ ប៉េង​ហាប់​ និង​​មេធាវី​ សាន់​ ជួយ​​ មាន​​​ឋានៈ​​ស្មើ​​រដ្ឋ​​លេខាធិការ​​។​

នៅក្នុង​​ព្រះរាជ​ក្រឹត្យ​​ដាច់​ដោយ​​ឡែក​​មួយ​​ទៀត​​ដែល​ចុះ​កាល​​បរិច្ឆេទ​​ដូចគ្នា​​បង្ហាញ​​ថា​ ​មេធាវី​​ ៤​​​​រូប​ផ្សេងទៀត​​ រួម​​​មាន​ មេធាវី​ ​ម៉ម​ ចាន់​ណែ​ត​, ផូ​ សុធា​ផល​, អ៊ឹ​ង​ កិរិយា​ និង​​មេធាវី​ ស៊ុន​ សំណាង​ ​ត្រូវ​​បាន​ព្រះមហាក្សត្រ​​ត្រាស់​បង្គាប់​​​តែង​​​តាំង​​ និង​​ផ្តល់​​ឋានៈ​​ជា​​សមាជិក​មេធាវី​​រាជរដ្ឋាភិបាល​​ មាន​​ឋានៈ​​ស្មើ​​អនុរដ្ឋ​​លេខាធិការ​​។​

កន្លងមក​ លោក​​​ គួន​ សា​រឿន​ គឺជា​​មេធាវី​​មួយ​​រូប​​​តំណាង​ឱ្យ​​​រដ្ឋាភិបាល​នៅក្នុង​​សំ​​ណុំ​រឿង​ “ឧបឃាត​” ​របស់​​អតីត​​មេដឹកនាំ​​ជាន់ខ្ពស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​ចំនួន​ ​៩​​រូប​​ ដែល​តាម​​ចោទ​​ថា​ បាន​​អំពាវនាវ​ឱ្យ​​​ទាហាន​ ​និង​​សាធារណជន​​​ក្រោក​​ឡើង​​ប្រឆាំង​នឹង​​រដ្ឋាភិបាល​​ អំឡុង​​ឆ្នាំ​​២០១៩​​។​​

ចំណែក​​លោក​មេធាវី​ ចេង​ ប៉េង​ហាប់​ និង​​មេធាវី​ សាន់​ ជួយ​ គឺជា​​មេធាវី២រូប​​​នៅក្នុង​​ចំណោម​​មេធាវី​ ៤​​រូប​ ​តំណាង​ឱ្យ​​​រដ្ឋាភិបាល​​នៅក្នុង​​សំណុំរឿង​“សន្និ​ដ្ឋិ​ភាព​​ជាមួយ​​បរទេស​”  ​របស់​លោក​ កឹម​ សុខា​ ​អតីត​​មេដឹកនាំ​​គណបក្ស​​សង្គ្រោះ​​ជាតិ​។​ 

កាល​​ពី​ថ្ងៃទី​​០៣​ ខែមីនា​ ឆ្នាំ​​២០២៣​ សាលាដំបូង​រាជធានី​ភ្នំពេញ​​សម្រេច​​ផ្តន្ទា​ទោស​​លោក​ កឹម​ សុខា​ ដាក់​ពន្ធនាគារ​រយៈ​​ពេល​​២៧​​ឆ្នាំ​​ និង​​ហាមឃាត់​​មិន​​ឲ្យ​​ធ្វើ​​នយោបាយ​​អស់មួយជីវិត​។​​​​ សាលាឧទ្ធរណ៍​​ភ្នំពេញ​​គ្រោង​​បើក​​សវនាការ​ជំនុំជម្រះ​លើ​​បណ្តឹង​ឧទ្ធរណ៍​​របស់​​លោក​ កឹម​ សុខា​ នៅ​​ថ្ងៃទី​​៣០​ ខែ​​មករា​ខាងមុខ​​នេះ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​