ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារជាអ្នកឧកញ៉ា ដល់ឧកញ៉ាចំនួន៥រូប ខណៈបុគ្គលចំនួន៣រូបទៀត បានទទួលគោរមងារជា ឧកញ៉ា។ការផ្តល់គោរមងារនេះ បានធ្វើឡើងតាមរយៈព្រះរាជក្រឹត្យចំនួន៨ នៅក្នុងសៀវភៅរាជកិច្ចលេខ៩២ ដែលត្រូវបានផ្សព្វផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងសៀវភៅរាជកិច្ចលេខ៩២ ទំព័រលេខ ១១៦៥៤, ១១៦៦៧, ១១៦៦៨, ១១៦៦៩ និង១១៦៧០ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា ចាន់ សុទ្ធា, ឧកញ៉ា កែវ ចំរើន, ឧកញ៉ា ស្រី សុធីតា, ឧកញ៉ា ស្រី វុទ្ធី, ឧកញ៉ា ស្រី ងួន ជាអ្នកឧកញ៉ា។ ចំណែកទំព័រលេខ ១១៦៦៣, ១១៦៦៤ និង១១៦៨១ ព្រះមហាក្សត្របាន ត្រាស់បង្គាប់ផ្តល់គោរមងារដល់លោក សុខ ចំរើន, លោកស្រី មាស ម៉ាលីដា និងលោកស្រី អេង ស្រីនាង ជាឧកញ៉ា។
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ អ្នកឧកញ៉ា សូ ងួន និងអ្នកឧកញ៉ា ស្រី វុទ្ធី ធ្លាប់ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ កោះអញ្ជើញឱ្យទៅទូទាត់បំណុលពន្ធ ប៉ុន្តែក្នុងលិខិត នោះ ពុំមានបញ្ជាក់ពីចំនួនទឹកប្រាក់នៃបំណុលពន្ធនោះទេ។ ទោះយ៉ាងណា អ្នកឧកញ៉ាទាំង២រូបនេះ ធ្លាប់បានបរិច្ចាគនូវថវិកាជាច្រើនដល់កាកបាទក្រហមកម្ពុជា និងជួយ បរិច្ចាគថវិកាទៅរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូដវីត-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។
ចំណែក អ្នកឧកញ៉ា ចាន់ សុទ្ធា គឺជាអគ្គនាយិកាក្រុមហ៊ុន អ៊ីឌីស៊ីជូតា(ខេមបូឌា) ដែលជាក្រុមហ៊ុនក្នុងស្រុកមួយដែលទទួលបានការអនុញ្ញាតឱ្យសាងសង់ចំណតរថយន្តសាធារណៈ និងផ្សារទំនើបក្រោមដី ៤ជាន់ នៅសួនច្បារក្បែរផ្សារចាស់ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកស្រី ក៏ជាអគ្គនាយិកាក្រុមហ៊ុនសិនជូរីគ្រុប ជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សម្រាប់អ្នកឧកញ៉ា កែវ ចំរើន គឺជាប្រធានក្រុមហ៊ុនឡារែល ហ្វេសសិន វី&ស៊ី ខណៈអ្នកឧកញ៉ា ស្រី សុធីតា ជាភរិយារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ឧកញ៉ា សុខ ចំរើន ជាម្ចាស់ នាយក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ (ភីភីស៊ីធីវី) ខូអិលធីឌី ដែលដំណើរការទូរទស្សន៍ CTV8។ ក្រៅពីម្ចាស់ក្រុមហ៊ុនភីភីស៊ីធីវី លោកក៏ជានាយកប្រតិបត្តិ និងជានាយកនៃក្រុមហ៊ុនទូរទស្សន៍ខ្សែកាបអង្គរ អិលធីឌី (AKCTV) ដែលផ្តល់សេវាទូរទស្សន៍ខ្សែកាបនៅខេត្តសៀមរាប និងខេត្តកំពង់ធំ និងទូរទស្សន៍ខ្សែកាប CKCTV នៅក្រុងព្រះសីហនុ។
បើតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) បានឱ្យដឹងថា គិតមកត្រឹមខែសីហា ឆ្នាំ២០២៣នេះ ឧកញ៉ា និងអ្នកឧកញ៉ា ដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារឱ្យនោះមានប្រមាណជាង ១៣០០នាក់ ដែលភាគច្រើនបានចូលជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជារួចហើយ។
សូមបញ្ជាក់ថា ងារជាឧកញ៉ានៅកម្ពុជា មាន៣ថ្នាក់ គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។ ដើម្បីទទួលបានងារជាឧកញ៉ា ដរាបណាបុគ្គលនោះ បានបរិច្ចាគថវិកាលើសកម្មភាពមនុស្សធម៌ជួយសង្គមចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ។ ចំណែកគោរមងារជាអ្នកឧកញ៉ាវិញ គឺមិនបានកំណត់ពីចំនួនថវិកាដែលពួកគេបានបរិច្ចាគនោះនៅឡើយ៕