រដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ឆ្វៀលដីបឹងតាមោកទំហំសរុបជាង៦ហិកតា ដើម្បីធ្វើអនុបយោគ និងធ្វើប្រទានកម្មជូនបុគ្គលឯកជន ០៣រូប និងជូនប្រជាពលរដ្ឋចំ នួន១៥គ្រួសារ។
យោងតាមអនុក្រឹតពីរដាច់ដោយឡែកពីគ្នាដែលចុះកាលបរិច្ឆេទថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដូចគ្នា នៅសៀវភៅរាជកិច្ច លេខ៩១ ចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលបាន កាត់ឆ្វៀលផ្ទៃដីបឹងតាមោកសរុបជាង ៦ហិកតាបន្ថែមទៀត ដើម្បីធ្វើអនុបយោគជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងបន្តធ្វើប្រទានកម្មជូនបុគ្គលឯកជនចំនួន ០៣រូប និងប្រជាពលរដ្ឋចំនួន ១៥គ្រួសារ។
តាមអនុក្រឹត្យទី១ បានឱ្យដឹងថា រដ្ឋាភិបាលបានកាត់ផ្ទៃដីបឹង តាមោកសរុប ៥ទីតាំង ដែលមានផ្ទៃដីសរុប ៥៥.៧៦២ ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ សង្កាត់ពន្សាំង និងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជា ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មផ្ទៃដីទាំង៥ទីតាំងនេះ ជាកម្មសិទ្ធិជូនលោក ម៉ៅ នីរ៉ូត លោក សុខ ចំរើន និងលោក វុត្ថា ដូនេ ដោយពន្ធ និងអាការផ្សេងៗជាបន្ទុករបស់រដ្ឋ។
ចំណែកឯកសារមួយទៀតដែលចុះកាលបរិច្ឆេទថ្ងៃតែមួយ រដ្ឋាភិបាលបានកាត់ឆ្វៀលផ្ទៃដីចំនួន ១០.៥០៣ ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធា នីភ្នំពេញ ដើម្បីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់ រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ឱ្យទៅប្រជាពលរដ្ឋនិង ធ្វើប្រទានកម្មជាកម្មសិទ្ធិ ជូនប្រ ជាពលរដ្ឋចំនួន១៥គ្រួសារ ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។
គួររលឹកផងដែរថា ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) មានទំហំ ៣ ២៣៩,៧ ហិកតា ស្ថិតក្នុងរាជធានីភ្នពេញ ហើយត្រូវបានរដ្ឋាភិបាល កាត់ឆ្វៀលជាបន្តបន្ទាប់ទៅឱ្យបុគ្គលមានអំណាចមួយ ចំនួន អ្នកវិនិយោគ ឧកញ៉ា និងស្ថាប័ន រដ្ឋាភិបាល ដែលចាប់ ផ្តើមនៅអំឡុងឆ្នាំ២០២០។
យ៉ាងហោចណាស់ ប្រជាពលរដ្ឋ រាប់រយគ្រួសារត្រូវបានប ណ្តេញចេញ និងប្រមាណជាង ២០០គ្រួសារទៀត បានបន្ត ទាមទារតវ៉ា ក្នុងនោះតំណាងសហគមន៍ដីធ្លីបឹងតាមោកចំនួន ៩នាក់ត្រូវបានតុលាការកោះហៅ កាលថ្ងៃទី៦ ខែកញ្ញា ពាក់ព័ន្ធនឹងរឿងវិវាទដីធ្លីនៅបឹងធម្មជាតិមួយនេះ៕