យោងតាមសៀវភៅរាជកិច្ចលេខ៣៣ បង្ហាញថា មានការផ្ដល់សញ្ជាតិខ្មែរដល់ជនបទេសជាង១០នាក់ ការផ្ដល់គ្រឿងឥស្សរិយយស និងមេដាយការងារដល់ព្រះសង្ឃ មន្រ្តីរាជការ និងសប្បុរសជនចំនួនជាង១ពាន់អង្គ/រូប ការតែងតាំងនិងការផ្លាស់ប្តូរមុខតំណែងនាយទាហាន មន្ត្រីរាជការជិត២០រូប ការដំឡើងថ្នាក់និងឋានន្តរស័ក្តិដល់មន្ត្រីស៊ីវិលនិងមន្ត្រីនគរបាលជិត៣០រូប និងការអនុញ្ញាតបើកអាជីវកម្មផងដែរ។
សៀវភៅរាជកិច្ចលេខ៣៣នេះ ដែលចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ដ្រីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា ជនបរទេសដែលទទួលបានសញ្ញាតិខ្មែរមាន ១៣រូបរួមមាន ជនជាតិចិនចំនួន៧រូប (មួយរូបមានសញ្ជាតិចិនតៃវ៉ាន់) ចិនតៃវ៉ាន់១រូប ភូមា២រូប វៀតណាម១រូប រុស្សី ១រូប និងកូរ៉េ១រូប។
ឯកសារដដែលឱ្យដឹងទៀតថា ព្រះសង្ឃ មន្រ្តីរាជការ និងសប្បុរសជននិងដៃគូអភវិវឌ្ឍសរុបចំនួន ១ ១៣០អង្គ/រូប ត្រូវបានព្រះមហាក្សត្រ និងរដ្ឋាភិបាលប្រោសប្រទាន និងផ្ដល់គ្រឿងឥស្សរិយយស និងមេដាយស្ថាបនាជាតិ និងមេដាយការងារ ដែលពួកគេមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងការបរិច្ចាគធនធានចូលរួមចំណែកកសាងសមិទ្ធផលនានាកន្លងមក។
ក្រៅពីការផ្ដល់គ្រឿងឥស្សរិយយស និងមេដាយការងារ ក៏មានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិដល់មន្ដ្រីនគរបាលក្រសួងមហាផ្ទៃចំនួន២៥រូប និងដំឡើងថ្នាក់សវនករដើមខ្សែរបស់អាជ្ញាធរសវនកម្មជាតិចំនួន០២រូបផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យតែងតាំងនិងផ្លាស់ប្ដូរមុខតំណែងនាយទាហ៊ាន និង ប្រគល់ភារកិច្ចជូនមន្រ្តីរាជការចំនួន១៩រូបនៅក្នុងក្របខណ្ឌក្រសួងការពារជាតិចំនួន០២រូប ក្រសួងមហាផ្ទៃ០២រូប ក្រសួងពាណិជ្ជកម្ម០២រូប ក្រសួងសុខាភិបាលចំនួន០១រូប ក្រសួងទេសចរណ៍០១រូប ជាទីប្រឹក្សាអាជ្ញាធរសវនកម្មជាតិ០១រូប ជាសមាជិកក្រុមប្រឹក្សានីតិកម្ម០១រូប និងបញ្ចូលទៅក្នុងរចនាសម្ព័ន្ធលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)ចំនួន ០៨រូបផងដែរ។ ក្រៅពីនេះលោក អូស្មាន់ ហាសាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាតំណាងឱ្យខ្មែរឥស្លាមនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាបេសកជនពិសេសរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីសហការពិគ្រោះយោបល់ជាមួយនឹងបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ីតាមរយៈសេចក្ដីសម្រេចលេខ៣៦ សសរ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។
ចំណែកក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន០៤ ដែលមានថៅកែជាជនជាតិចិននិងចិនតៃវ៉ាន់ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រក្ដារបន្ទះ រោងចក្រផលិតស្រោមជើង និងរោងចក្រផលិតនិងផ្គុំដំឡើងឧបករណ៍បញ្ចូលភ្លើងកុំព្យូទ័រ និងទូរស័ព្ទ ខណៈក្រសួងរ៉ែ និងថាមពល ក៏បានអនុញ្ញាតឱ្យម្ចាស់ស្ថានីយ៍ជនជាតិខ្មែរ ដំណើរការស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន ចំនួន ៣កន្លែងផងដែរ៕