ព្រះមហាក្សត្រ និងរដ្ឋាភិបាល ផ្តល់មេដាយការងារ និងគ្រឿងឥស្សរិយយស ជូនមន្ត្រី ជនបរ ទេស និងសប្បុរជនជាង ១ ១០០នាក់ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចការងារ និងចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានាលើគ្រប់វិស័យនៅតាមបណ្តារាជធានី និងខេត្តមួយចំនួន។
យោងតាមសៀវភៅរាជកិច្ចលេខ ៣០ ក្នុងចន្លោះទំព័រលេខ ៣៦៤២ ដល់លេខ ៣៦៩៨ ចេញផ្សាយជាសាធារណៈនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា មានព្រះសង្ឃ ឧកញ៉ា ភរិយាឧកញ៉ា មន្ត្រីរាជការ ប្រជាការពារ និងជនបរទេស សរុបចំនួន ១ ១៦៧អង្គ/រូប ត្រូវបានព្រះមហាក្សត្រ និងរដ្ឋាភិបាល ប្រោសព្រះរាជទាន និងផ្តល់គ្រឿងឥស្សរិយយស និងមេដាយស្ថាបនាជាតិ ព្រមទាំងមេដាយការងារ។
ក្នុងសៀវភៅដដែល បញ្ជាក់ថា ការផ្តល់គ្រឿងឥស្សរិយយស និងមេដាយការងារនេះ សម្រាប់អ្នកដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចការងារ និងបានចំណាយធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានា នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ដូចជា ខេត្តកំពត ព្រៃវែង កំពង់ចាម ព្រះសីហនុ និងរាជធានីភ្នំពេញ។
ក្រៅពីការផ្តល់គ្រឿងឥស្សរិយយស និងមេដាយការងារនេះ ក្នុងសៀវភៅរាជកិច្ចលេខ ៣០ ក៏មានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ប្រោសប្រទានផ្តល់គោរមងារជាឧកញ៉ា ជូនលោកស្រី ចាន់ ធានី ការដំឡើងឋានន្តរស័ក្តជាកិច្ចមច្ឆាមរណៈចំពោះនាយទាហាននៃកងយោធពលខេមរភូមិន្ទ ចំនួន ២៥រូប ដែលបានទទួលមរណភាព ការតែងតាំងមន្ត្រីមួយរូប ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការផ្តល់សញ្ជាតិខ្មែរ ដល់ជនជាតិចិនចំនួន ២រូបផងដែរ។
ចំណែក អនុក្រឹត្យរបស់រដ្ឋាភិបាលវិញ មានការអនុញ្ញាតឱ្យកាត់ឆ្វៀលដីទំហំ ៦០ ០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ជូនសាលានគរបាលជាតិភូមិភាគ៤។
ដោយឡែក ប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៤ ដែលមានថៅកែជាជនជាតិចិន បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតគ្រឿងបន្សំ និងរោងចក្រផលិតស្បែកជើង ខណៈក្រសួងរ៉ែ និងថាមពល ក៏បានអនុញ្ញាតឱ្យម្ចាស់ស្ថានីយ៍ជនជាតិខ្មែរ ដំណើរការស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន ចំនួន ៣ផងដែរ៕