លោកនាយក​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ ម៉ា​ណែ​ត​ ទទួល​បាន​​គោរម​​ងារ​​​ជា​ “​សម្តេច​​”

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ទទួល​បាន​​គោរម​​ងារ​ជា​ “សម្តេច​” ដោយ​ចូលរួម​ជាមួយ​ឥស្សរជន​គណបក្ស​កាន់អំណាច​ដទៃទៀត​​ និង​សមាជិក​រាជវង្សានុវង្ស​មួយចំនួន​ផង​ដែរ​​​ ដែល​​មាន​​គោរម​​ងារ​​មួយ​​ក្នុង​​ចំណោម​​គោរម​​ងារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រទេស​កម្ពុជា​​។​

ព្រះរាជ​ក្រឹត្យ​​ដែល​​ឡាយព្រះហស្ត​លេខា​​ដោយ​​ព្រះមហាក្សត្រ​ នរោត្តម​ សីហ​មុនី​ នៅ​​ថ្ងៃ​​ទី​​២​ ខែ​​កញ្ញា​ ធ្វើ​​ឡើង​​​ បន្ទាប់ពី​​ព្រះមហាក្សត្រ​​ចេញ​ព្រះរាជ​ក្រឹត្យ​​ត្រាស់​បង្គាប់​​ផ្តល់​​គោរម​​ងារ​​កិត្តិ​​យស​​​ពិសេស​​ដ៏​ឧត្តុង្គ​ឧត្តម​​បំផុត​​នៃ​​​​រាជបណ្ឌិត្យ​សភា​​កម្ពុជា​​ជា​ “កិត្តិ​ទេសាភិបាល​​បណ្ឌិត​”​ ជូន​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កាល​​ពី​​​ថ្ងៃ​​ទី​​៨​ ខែ​​សីហា​។​

ព្រះរាជ​ក្រឹត្យ​​ថ្មី​​បំផុត​​​ចុះ​​ថ្ងៃ​​ទី​​២​ ខែ​​កញ្ញា​នេះ​​ ផ្តល់​គោរម​​​ងារ​ជូន​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ​ជា​ “​សម្តេច​​មហា​​បវរ​ធិបតី​”។​

ពាក្យ​ “សម្តេច​” ត្រូវ​បាន​បក​ស្រាយ​ផ្សេង​ៗ​គ្នា​ថា​ ជា​ “អ្នក​​មាន​​តេជះ​ច្រើន​​” ឬ​ “អ្នក​​មាន​​បុណ្យ​​មាន​​អំណាច​​ធំ​​” ចំណែក​​ពាក្យ​​ “មហា​” មានន័យថា​ ធំ​ ប្រសើរ​​ សម្បើម​​ និង​ “បវរ​​” មានន័យថា​ ប្រសើរ​​ ថ្លៃថ្លា​ ចំណែក​​ពាក្យ​ “ធិ​​បតី​​” មានន័យថា​ ជា​​ប្រធាន​ឬ​ជា​​ម្ចាស់​​លើ​​គេ​​។​

លោក​ ហ៊ុន​ សែន​ ឪពុក​​របស់​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏ដូចជា​​មេដឹកនាំ​​កំពូល​​របស់​​គណបក្ស​​ប្រ​​ជា​​ជន​​​កម្ពុជា​ផ្សេងទៀត​​ ដូចជា​​លោក​ ស​ ខេង​ និង​​លោក​ ទៀ​ បាញ់​ អតីត​​រដ្ឋ​​មន្ត្រី​​ក៏​​មាន​​ងារ​​ជា​​សម្តេច​​ដែរ​។​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​ប្រើ​ងារ​​ជា​​ “បណ្ឌិត​” ផង​ដែរ​។​​​

ព្រះរាជ​ក្រឹត្យ​​ដាច់ដោយឡែក​​មួយ​​ទៀត​​​កាលពី​​ថ្ងៃ​​សៅរ៍​​ក៏​​បាន​​ផ្តល់​​​គោរមងារ​​សម្ដេច​​ជូន​​លោកជំទាវ​​ ឃួន​ សុ​ដា​រី​ ប្រធាន​​រដ្ឋសភា​​ថ្មី​ផង​ដែរ​​។​ គោរម​​ងារ​​ពេញ​​របស់​​លោកជំទាវ​​ ​គឺ​ “សម្តេច​​មហា​​រដ្ឋ​​​សភា​​ធិការ​​ធិបតី​”។​

ការ​​ផ្តល់​​គោរម​​ងារ​​ទាំង​​​នេះ​​ធ្វើ​​ឡើង​​​ ​ខណៈ​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ​​ស្នង​​តំណែង​​ពី​​ឪពុក​​របស់​​លោក​​ក្នុ​​ង​​ការ​​ដឹកនាំ​​រដ្ឋាភិបាល​​ថ្មី​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​