លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចផែនការស្នងតំណែងរបស់លោក ដោយលោក ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី។
បច្ចុប្បន្នភាព៖ ម៉ោង៨ និង៤៥នាទីព្រឹក
សារព័ត៌មាន Fresh News បានចេញផ្សាយឈ្មោះឧបនាយករដ្ឋមន្ត្រីថ្មី១០រូប និងទេសរដ្ឋមន្ត្រីមួយចំនួនទៀត។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី
លោក វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
លោក ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
បច្ចុប្បន្នភាព៖ ម៉ោង៨ និង២០នាទីព្រឹក
រដ្ឋសភាបានបញ្ចប់ការបោះឆ្នោតជាកញ្ចប់ ដើម្បីផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយធ្វើឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី។
សភាជាន់ទាបក៏បានបោះឆ្នោតគាំទ្រចំពោះគណៈរដ្ឋមន្ត្រីថ្មី ដែលប្រមូលផ្តុំទៅដោយកូនចៅ ឬសាច់ញាតិនៃមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។ រដ្ឋសភាក៏បានបោះឆ្នោតគាំទ្រប្រធាន និងអនុប្រធានរដ្ឋសភាថ្មី ព្រមទាំងប្រធាន អនុប្រធាននិងសមាជិកនៃគណៈកម្មការជំនាញនៃសភាជាន់ទាបនេះផងដែរ។
លោក ហេង សំរិន អញ្ជើញជាអធិបតីក្នុងសម័យប្រជុំដំបូង ដែលមានសមាជិករដ្ឋសភាចំនួន១២៣រូបមានវត្តមាន។ ក្នុងសម័យប្រជុំនេះ មិនមានការបង្ហាញឈ្មោះសម្រាប់មុខតំណែងថ្មីជាសាធារណៈនោះទេ បើទោះជាយ៉ាងណាលោក ហ៊ុន សែន បានប្រកាសថា លោកស្រី ឃួន សុដារី នឹងធ្វើជាប្រធានរដ្ឋសភាហើយលោក ជាម យៀប និងលោក វង សូត នឹងក្លាយជាអនុប្រធានរដ្ឋសភា៕