សាច់​​ញាតិ​​​ថ្នាក់ដឹកនាំ​​រដ្ឋាភិបាល​​​និង​​អ្នក​​ជំនួញ​​​ទទួល​​គោរម​​ងារ​​ “ឧកញ៉ា​”​ និង​ “អ្នកឧកញ៉ា​​”​

សាច់ញាតិ​​របស់​​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ ​និង​​​អ្នក​​ជំនួញ​ល្បីឈ្មោះ​ទទួល​​បាន​​គោរម​​ងារ​​ជា​ “ឧកញ៉ា​” និង​ ​“អ្នក​​ឧកញ៉ា​” ជាបន្តបន្ទាប់​​ នេះ​បើ​យោង​តាម​​ឯកសារ​ដែល​​ផ្សព្វផ្សាយ​​លើ​​បណ្តាញ​​ព័ត៌មាន​​គាំទ្រ​​រដ្ឋាភិបាល​​​។​

ក្នុង​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី១២​ និង​​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២៣​ ព្រះករុណា​ព្រះបាទ​ សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ទ្រង់​​បាន​ត្រាស់​​បង្គាប់​ផ្ដល់​គោរមងារ​ជា​ “​ឧកញ៉ា​”​ ដល់​លោកស្រី​ ហ៊ុន​ ស៊ី​ណាត​ និង​​គោរម​​ងារ​ជា​​​ “អ្នក​​ឧកញ៉ា​​​” ដល់​​​​​លោក​ ហ៊ុ​​ន​ សាន​ និង​​លោក​​ គ្រី​ ទូច​​។​​ 

លោក​ ហ៊ុន​ សាន​ និង​លោក​​ គ្រី​ ទូច​ ត្រូវ​​ជា​​បងប្រុស​បង្កើត​​ ​និង​​បងថ្លៃ​របស់​​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខណៈ​​​​លោកស្រី​ ហ៊ុន​ ស៊ី​ណាត​​ ត្រូវ​​ជា​​ប្អូន​​ស្រី​​បង្កើត​​​របស់​​លោក​​នាយក​​រដ្ឋមន្ត្រី​។​​​

លោកស្រី​ ហ៊ុន​ ស៊ី​ណាត​ គឺជា​​ភរិយា​​របស់​​លោក​ នឹម​ ច័ន្ទ​តារា​​ ជា​​លេខាធិការ​គណៈកម្មការ​​កិច្ចការ​​បរទេស​ សហប្រតិបត្តិ​ការអន្តរជាតិ​​ ឃោសនា​​ និង​​ព័ត៌មាន​ ​នៃ​​រដ្ឋសភា​​ និង​​ជា​​តំណាងរាស្ត្រ​​មណ្ឌល​​​កំពត​។​​

កាលពី​ថ្ងៃទី​​៤​ ខែក​ក្ក​​ដា​ ឆ្នាំ​​២០២៣​​នេះ​ ព្រះមហាក្សត្រ​ ក៏បាន​ត្រាស់​បង្គាប់​​​ផ្តល់​គោរម​​ងារ​​ជា​ “ឧកញ៉ា​​” ដល់​​លោកស្រី​ ម៉ៅ​ ចំណាន​ ជា​​ភរិយា​របស់​​អ្នក​​ឧកញ៉ា​​ គិត​ ម៉េ​ង​ និង​​ដល់​​កូន​​ប្រុស​​របស់​​អ្នក​​ឧកញ៉ា​ឈ្មោះ​ គិត​​ ស៊ូ​ឡា​ ដែល​​មាន​​អាយុ​​១៨​​ឆ្នាំ​​។​​

ចំណែក​ព្រះរាជ​ក្រឹត្យ​ដាច់ដោយឡែក​មួយទៀត​ ចុះ​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០២៣​ ព្រះករុណា​ ព្រះបាទ​ សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ បាន​ត្រាស់​ បង្គាប់​តែងតាំង​ លោក​ គី​ ឌី​បូ​ម៉ា​ ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​​ទូរគមនាគមន៍​។​ 

លោក​ គី​ ឌី​បូ​ម៉ា​ ជា​កូនប្រុស​​របស់​លោក​ គី​ តិច​ ជា​មេធាវី​តំណាង​​ឱ្យ​រដ្ឋាភិបាល​ ក្នុង​សំណុំរឿង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ និង​​សំ​​ណុំ​​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ឆ្នាំ២០១៧ផង​ដែរ​។​

ក្រៅ​​​ពីនេះ​ លោក​មេធាវី​ គី​ តិច​ បានការ​ពារ​ក្ដី​ឱ្យ​​រដ្ឋាភិបាល​ ក្នុង​សំណុំរឿង​ “បរិ​ហា​កេរ្តិ៍​” ដែល​គណបក្សប្រជាជន​កម្ពុជា​ប្ដឹង​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក​ សុន​ ឆ័យ​ និង​សំណុំរឿង​គណបក្សប្រជាជន​កម្ពុជា​ប្ដឹង​លោក​ គង់​ គាំ​ ឧត្តម​ទីប្រឹក្សា​របស់​គណបក្ស​ភ្លើង​ទៀន​ផង​ង​ដែរ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​