ចៅក្រមជិត៥០រូប ត្រូវបានតែងតាំង និងផ្ទេរមុខតំណែងចាប់ពីចៅក្រមដល់ប្រធានតុលាការ នៅរាជធានី និងតាមបណ្តាខេត្តមួយចំនួន ដែលក្នុងនោះមានចៅក្រម៤រូបធ្លាប់កាន់សំណុំ រឿងមេដឹកនាំ និងសកម្មជនបក្សប្រឆាំង អំឡុងឆ្នាំ២០១៩ និង២០២០។
ក្នុងព្រះរាជក្រឹត្យចុះកាលបរិច្ឆេទថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ និងត្រូវបានចេញផ្សាយដោយទី ស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ចៅក្រមចំនួន៤៨រូប ត្រូវបានផ្ទេរ និងតែងតាំងជាអនុប្រធានសាលាដំបូងខេត្ត ចៅក្រមសាលាឧទ្ធរណ៍ខេត្តនិងរាជាធានីភ្នំពេញ ប្រធានសាលាដំបូងខេត្ត និងអនុប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ។
នៅក្នុងចំណោមចៅក្រមជិត៥០រូបនេះ មានអតីតចៅក្រមសាលាដំបូងរាជធានីចំនួន ៤រូប ធ្លាប់ដឹកនាំសវនាការជំនុំជម្រះលើសំណុំរឿងរបស់សកម្មជនបក្សប្រឆាំង ដែលក្នុងនោះមាន លោកចៅក្រម រស់ ពិសិដ្ឋ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តរតនគិរី លោកចៅក្រម អ៊ឹម វណ្ណៈ លោកចៅក្រម ឃុន សូណា ត្រូវបានតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ និងលោកស្រីចៅក្រម ជុំ សង្វា ត្រូវបានផ្ទេរមកជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញវិញ។
លោកចៅក្រម រស់ ពិសិដ្ឋ និងលោកចៅក្រម អ៊ឹម វណ្ណៈ ធ្លាប់ដឹកនាំសវនាការសំណុំរឿង “ញុះញង់និងរួមគំនិតក្បត់” របស់អតីតសកម្មជនបក្សប្រឆាំងអំឡុងឆ្នាំ២០១៩និង២០២០។ លោកចៅក្រម អ៊ឹម វណ្ណៈ ក៏ធ្លាប់ដឹកនាំសវនាការលើសំណុំរឿងរបស់សកម្មជនចលនា មាតាធម្មជាតិផងដែរ។ ចំណែកលោកចៅក្រម ឃុន សូណា ធ្លាប់ជាប្រធានក្រុមប្រឹក្សាជំនុំ ជម្រះលើសំណុំរឿងរបស់លោក សៀម ភ្លុក ស្លាបនិកគណបក្សបេះដូងជាតិនិងជនជាប់ ចោទ១២នាក់ផ្សេងទៀតពាក់ព័ន្ធនឹងការក្លែងស្នាមមេដៃ។
ចំណែកលោកស្រី ជុំ សង្វា ជាចៅក្រមនៅសាលាដំបូងខេត្តបាត់ដំបងត្រូវបានផ្ទេរមកជាចៅ ក្រមសាលាដំបូងរាជធានីភ្នំពេញវិញ។ លោកស្រី ជុំ សង្វា ធ្លាប់ជាប្រធានក្រុមប្រឹក្សាជំនុំ ជម្រះនៃសំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ផងដែរកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣៕