លោក អ៊ុយ រិទ្ធី ជាម្ចាស់គណនីហ្វេសប៊ុកផលិតកម្មវិធីបែបកំប្លែងមួយឈ្មោះ “ត្រូលឆាវឆាវ” ត្រូវបានតែងតាំងជាសមាជិកក្រុមលេខាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឋានៈស្មើប្រធាននាយកដ្ឋាន នេះយោងទៅតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។
អនុក្រឹត្យនេះ មិនទាន់ចេញផ្សាយជាផ្លូវការនៅក្នុងសៀវភៅរាជកិច្ចនៅឡើយទេ ប៉ុន្តែបណ្តាញផ្សព្វផ្សាយព័ត៌មានគាំទ្ររដ្ឋាភិបាលបានផ្សព្វផ្សាយតាមអនឡាញរួចហើយ។
ត្រូលឆាវឆាវ ដែលធ្វើត្រាប់តាមតួអង្គនៅក្នុងភាពយន្តភាគចិនរឿងសាមកុកឬ “នគរទាំងបី” ដោយប្រើប្រាស់ឃ្លីបវីដេអូខ្លីនៃឈុតសន្ទនារបស់មហាឧបរាជ “ឆាវឆាវ” ជាមួយតួអង្គផ្សេងទៀតមកត្រាប់តាមសំឡេងរបស់ពួកគេ។
វីដេអូឃ្លីបទាំងនេះបានលើកយកព័ត៌មាននិងបញ្ហាសង្គមផ្សេងៗមកអត្ថាធិប្បាយឬនិយាយបង្អាប់តារាហ្វេសបុកផ្សេងទៀតក៏មាន។
អំឡុងពេលថ្លែងទៅកាន់កម្មកររោងចក្រកាត់ដេរកាលពីថ្ងៃទី២៤ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកវីដេអូត្រូលឆាវឆាវឲ្យអ្នកចូលរួមស្តាប់ផងដែរ។
នៅក្នុងវីដេអូនោះ ត្រូលឆាវឆាវបានចំអកទៅកាន់ឥស្សរជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលប្រាប់ប្រជាពលរដ្ឋឲ្យធ្វើពហិការការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខ បន្ទាប់ទៀត ត្រូលឆាវឆាវ ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្យប្រជាជនរបស់លោក ហ៊ុន សែន ដែលកំពុងកាន់អំណាច។ វិដេអូនេះក៏បានអួតសរសើរអំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។
លោក ហ៊ុនសែន បានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកថា លោកសរសើរវីដេអូ ”ត្រូវឆាវឆាវ” និងភាពកំប្លុកកំប្លែងនៅក្នុងវីដេអូ ហើយលោកអរគុណអ្នកផលិតវិដេអូនេះ។ លោកមានប្រសាសន៍ថា វីដេអូនេះ មានប្រយោជន៍ដល់ការបោះឆ្នោតខាងមុខនេះ៕