តំណាង​ពលរដ្ឋ​​​​៥​​​នាក់​ ​ត្រូវ​​បាន​​ចាប់ខ្លួន​ពាក់ព័ន្ធ​​ជម្លោះ​​ដី​​​​សម្បទាន​​​សេដ្ឋ​​កិច្ច​

តំណាង​សហគមន៍​ចំនួន​ ៥​​នាក់​ ត្រូវ​​បាន​​អាជ្ញាធរ​​ចាប់ខ្លួន​​ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះដីធ្លី​ជាមួយ​​ក្រុម​​ហ៊ុន​ រ័ត្ន​ សម្បត្តិ​ នៅ​​​​ឃុំ​តាតោក​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​​ កាលពី​ថ្ងៃទី២២​​ ខែមិថុនា​ ឆ្នាំ​​២០២៣​ នេះ​​បើ​តាម​​​យោង​តាម​ការ​ចុះផ្សាយ​របស់​​សារ​ព័ត៍​មាន​ក្នុង​ស្រុក​ ខេម​បូ​ចា​។​

កាលពី​ពេល​កន្លងទៅ​នេះ​ ប្រជាពលរដ្ឋ​ចំនួន​ ៦នាក់​ ត្រូវ​បាន​​ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​​នេសាទ​ខេត្តបាត់ដំបង​ កោះ​​ហៅ​ចំនួន​​២ដង​​ ក្រោម​​ការ​​ចោទ​​ប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​ និង​ប៉ះពាល់​​ទ្រព្យសម្បត្តិ​របស់​​ក្រុមហ៊ុន​។​ ​ប៉ុន្តែ​ពលរដ្ឋ​ ៥នាក់​ក្នុងចំណោម​​ពួកគេ​​ ត្រូវ​​បាន​ឃាត់ខ្លួន​ និង​សាកសួរ​​ នេះ​បើ​​យោង​តាម​​ប្រភព​​ព័ត៌មាន​​ដដែល​​។​​

ព​​ល​រដ្ឋ​ម្នាក់​ និយាយ​ថា​ ពលរដ្ឋ​​បាន​រស់នៅ​លើ​ដី​កំពុង​មាន​ជម្លោះ​នេះ​តាំងពី​ឆ្នាំ១៩៩៣មក​ម្លេះ​ ប៉ុន្តែ​នៅ​ឆ្នាំ​​២០១១​ ​ក្រុមហ៊ុន​​ រ័ត្ន​ សម្បតិ្ត​ ទទួល​​បាន​​ដីសម្បទាន​​​សេដ្ឋកិច្ច​​ហើយ​​បាន​​បណ្តេញ​អ្នក​​​​​ភូមិ​​ចេញ​​​។​ 

ពលរដ្ឋ​បន្ត​ថា​ ក្រោយមក​នៅ​ឆ្នាំ២០១៧​​ អ្នកភូមិ​បានឮ​ថា​ ក្រុមហ៊ុន​នេះ​បាន​ប្រគល់​ដីជូ​នរ​ដ្ឋ​កាន់កាប់​​វិញ​ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​​នាំគ្នា​ទៅ​ចាប់​​យក​​ដី​​របស់​​ពួកគាត់​​វិញ​។​ អ្នកភូមិ​បាន​និយាយ​ថា​ ពលរដ្ឋ​ជាង​ ២០០គ្រួសារ​ បាន​​រស់នៅ​លើ​ដី​ទំហំ​ ៥៥២ហិ​ក​តា​ តាំង​​ពី​​ឆ្នាំ​​២០២១មក​។​​

ក្រុម​ប្រជាពលរដ្ឋ​ បានឱ្យ​ដឹង​ទៀត​ថា​ តំណាង​ពលរដ្ឋ​ទាំង៥នាក់​ ត្រូវ​បាន​អាជ្ញាធរ​​ឃាត់ខ្លួន​នៅ​សាលា​​ឃុំ​ បន្ទាប់ពី​មេឃុំ​ ហៅ​ពួកគាត់​ទៅ​ទីនោះ​ធ្វើ​ហាក់ដូចជា​​ចង់​​រក​ដំណោះស្រាយ​ បន្ទាប់ពី​​ស្ថាន​​ភាព​​កាន់​តែង​​អាក្រក់​​ទៅ​​ កាលពីដើម​​ខែ​​មិថុនា​ នៅពេល​ដែល​​​ប្រជាពលរដ្ឋ​​ជាង​ ២០០នាក់​ បាន​នាំគ្នា​​លើក​​ស្លាក​គណបក្ស​​ប្រជាជន​កម្ពុជា​​នៅមុខ​ក្លោងទ្វារ​ក្រុមហ៊ុន​ រ័ត្ន​ សម្បត្តិ​។​​

បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ដំណឹង​ថា​ អាជ្ញាធរ​បាន​​​ឃាត់​​ខ្លួន​​តំណាង​ពួកគាត់​​ ប្រជាពលរដ្ឋ​​ជាង​ ២០០នាក់​ បាន​នាំគ្នា​ទៅ​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត​​ ដោយ​អះ​​អាង​​ថា​ ពួកគាត់​​នឹង​បន្ត​ការ​តវ៉ា​រហូត​​ដល់​មានការ​ដោះលែង​តំណាង​​ ប៉ុន្តែ​ពួកគាត់​​ត្រូវ​បង្ខំចិត្ត​​ត្រឡប់​មក​ផ្ទះ​វិញ​ បន្ទាប់ពី​ទទួល​ដំណឹង​ថា​​ សមត្ថកិច្ច​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ផ្ទះ​របស់​ពួកគេ​ជាង១០ខ្នង​។​​ អាជ្ញាធរ​ បាន​បដិសេធ​ថា​ មិនបាន​​វាយ​​កម្ទេច​​ផ្ទះ​របស់​ប្រជា​ពល​​រដ្ឋ​​ទេ​។​​

លោក​ អ៊ុន​ ខែម​ មេឃុំ​តាតោក​ បាន​និយាយ​ថា​ ទីតាំង​ដី​នេះ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​​ក្រសួង​កសិកម្ម​​ រុក្ខាប្រមាញ់​ និង​នេសាទ​ ដែល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋ​​កិច្ច​ដំបូង​​ទៅ​ក្រុមហ៊ុន​​ រ័ត្ន​សម្បត្តិ​ ​ប្រមាណ​​ ៥​ ០០០ហិ​ក​តា​ ប៉ុន្តែ​ដី​នោះ​ត្រូវ​បាន​កាត់​ឆ្វៀល​ឱ្យ​​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ ជាង​ ២​ ០០០ហិ​ក​តា​ កាល​​ពី​ពេល​ថ្មី​ៗ​នេះ​។​

ក្រុមហ៊ុន​​​រ័ត្ន​សម្បត្តិ​ ត្រូវ​បាន​ចុះបញ្ជី​ជា​ដីសម្បទាន​​ដំណាំ​​កៅស៊ូ​ក្នុង​ឆ្នាំ២០០៩​ នេះ​បើ​យោង​តាម​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ ក្រ​សួង​ពាណិជ្​ចក​ម្ម​ បាន​ចុះបញ្ជី​ក្រុមហ៊ុន​នៅក្នុង​ឆ្នាំ២០០៣​ ដែល​មាន​​​លោក​​ មុិញ​ កញ្ញា​រ័ត្ន​ ជា​​នាយក​​ក្រុមហ៊ុន​​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​