ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ផ្ដល់គោរមងារដល់អគ្គនាយកក្រុមហ៊ុន ពីភពដីមាស អ៊ិនវេសម៉ិន ឯ.កលោក ហ៊ី គឹមហុង ជាអ្នកឧកញ៉ា។
ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដសីហមុនី បានត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោក ហ៊ី គឹមហុង ជាអ្នកឧកញ៉ា ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ។ នេះបើតាមសៀវរាជកិច្ចលេខ ៨៤ ទំព័រ ១០៣០៩ ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ២០២២។
ការផ្ដល់គោរមងារដល់លោក ហ៊ី គឹមហុង ជាអ្នកឧកញ៉ានេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហ៊ី គឹមហុង ជាអគ្គនាយកក្រុមហ៊ុន ពីភពដីមាស អ៊ិនវេសម៉ិន ឯ.ក ធ្លាប់រងការចោទប្រកាន់ពីអតិថិជន ពាក់ព័ន្ធនឹងរឿងលក់ដីដែរ។
ប្រជាពលរដ្ឋជាង១៦០នាក់នៅខេត្តកំពត នៅខែមិថុនា ឆ្នាំ ២០២៣នេះ បាននាំគ្នាដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តនេះ ដោយប្តឹងចោទលោកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាសពីបទ រំលោភលើទំនុកចិត្ត ក្នុងមុខជំនួញអចលនទ្រព្យ។
ថ្នាក់ដឹកនាំក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ពិភពដីមាសរូបនេះ ក៏ត្រូវស្នងការខេត្តកំពតចេញលិខិតកោះហៅឲ្យចូលបំភ្លឺផងដែរ ក្រោយមានពលរដ្ឋដាក់ពាក្យបណ្ដឹងរហូតដល់៣២៣ករណី និងទឹកប្រាក់ដាក់វិនិយោគសរុបជាង៦លានដុល្លារ៕