បើទោះបីជាមានការចោទប្រកាន់ថាបានកែច្នៃឈើខុសច្បាប់យ៉ាងណាក្ដី ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) ត្រូវបានផ្តល់លិខិតអនុញ្ញាតអាជីវកម្មកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបើកដំណើការទីតាំងកែច្នៃឈើប្រណិតថ្មីមួយនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ ឯកសារនេះត្រូវបានចេញក្នុងសៀវភៅរាជកិច្ចលេខ ៨៣ ដែលចេញផ្សាយជាសាធារណៈដោយទីស្តីការគណៈរដ្ឋមន្ត្រីក្នុងខែឧសភា។
ក្រុមហ៊ុនកែច្នៃឈើដ៏ប្រណិតមួយនេះ បានប្រឈមមុខនឹងការចោទប្រកាន់ជាបន្តបន្ទាប់ ពីបទកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃឡង់ ហើយនិងទីតាំងស្តុកឈើនៅក្នុងខេត្តកំពង់ធំ ក្រចេះ និងកំពង់ចាម។
ការចោទប្រកាន់នេះ កើតចេញពីថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំរបស់ខ្លួន គឺលោក Lu Chu Chang ដែលជាម្ចាស់ក្រុមហ៊ុន Think Biotech ជាដីសម្បទានដាំឈើដែលស្ថិតនៅខាងកើតព្រៃឡង់។
ក្នុងឆ្នាំ២០១៩ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (USAID) និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចោទប្រកាន់ក្រុមហ៊ុន Think Biotech ថាបានកាប់ឈើខុសច្បាប់នៅក្នុងព្រៃឡង់ និងកែច្នៃឈើនៅរោងចក្រ Angkor Plywood ។ នៅពេលនោះ ក្រសួងបរិស្ថាន ក៏បានចាប់ផ្តើមការស៊ើបអង្កេតលើការចោទប្រកាន់នេះផងដែរ៕